ភ្នំពេញៈ មន្ត្រី​រាជរដ្ឋាភិបាល​ បាន​បដិសេធ​ជា​ថ្មី​ទៀត​ ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ​ដែល​ថា ប្រទេស​ កម្ពុជា បាន​ចុះ​ហត្ថ​លេខា​សម្ងាត់​ជា​មួ​យ​ប្រទេស ​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​ចិ​ន​​សាង​សង់​​មូល​ដ្ឋាន​ទ័ព​​ជើង​ទឹក​នៅ​ខេត្ត​ព្រះសីហនុ ដោយ​បាន​ចាត់​​ទុក​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ទាំង​នេះ គឺជាការ​ប្រឌិតដ៏អាក្រក់​បំផុត ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដ​ល់​កេរ្តិ៍​​ឈ្មោះ​របស់​ប្រទេ​ស កម្ពុជា​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាលបាន​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តី​កា​​រ​​គណៈ​រដ្ឋ​មន្រ្តី កាល​ពី​ម្សិល​មិញ​ ដែល​សន្និសីទ​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​អាមេ​រិក The Wall Street Journal​ និង​សារព័ត៌​មាន​អន្តរ​ជាតិមួយ​ចំនួន​ទៀត​ ដែល​ថ្មីៗ​នេះបាន​ចុះផ្សាយ​ថា កម្ពុជា​-​ចិន បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ ជាមួ​​យ​គ្នា​ កាល​ពី​អំឡុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​ ២០១៩​ ​នេះ​ ដើម្បី​​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ ចិន​ កសាង​​មូលដ្ឋានកង​ទ័ព​​ជើង​ទឹក​មួយ ​នៅ​ឈូង​សមុទ្រ​ខ្មែរ​ក្នុងខេត្ត​ ព្រះសីហនុ​​រយៈពេល ៣០ ឆ្នាំ។

លោក ផៃ ស៊ីផាន បាន​ចាត់​​ទុក​ការ​ចុះផ្សាយ​​របស់​សារព័​ត៌​​មាន​បរទេស​មួយ​ចំនួន​នេះ​ថា ជា «ព័ត៌​មាន​ប្រឌិត ដ៏អា​ក្រក់​បំផុ​ត​ អំពី​កម្ពុជាដោយ​គ្មាន​មូល​ដ្ឋាន​អ្វី​ទាំងអស់»។

លោក​បញ្ជា​ក់​​ថា​៖ «​ព័ត៌មាន​បំភ្លៃ​បែប​អវិជ្ជ​មាន​អំពី​កម្ពុជា ដែល​មាន​ចរិត​នយោ​​បាយ​មក​លើរាជ​រដ្ឋាភិបាល​កម្ពុជា មិនអាច​​ទទួល​យក​បាន​ទេ ពី​សំណាក់​ថ្នាក់​ដឹក​នាំ និង​ប្រជា​​ជន​កម្ពុជា ដែល​ជាម្ចាស់​ឆ្នោត​ និង​ម្ចាស់​វាសនាប្រទេស​ជាតិ​រ​បស់​ខ្លួន។ ការ​ចុះ​ផ្សាយ​ព័ត៌មាន ​ដែល​មិន​បាន​ដក​ស្រង់​សម្ដី​ពី​ប្រភព​ច្បាស់​លាស់ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ ប្រទេស កម្ពុជា​ ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​សាធា​រណ​មតិ​មួយ​ចំនួន​យល់​ច្រឡំ ហើយ​ថែម​ទាំង​ ធ្វើ​ឱ្យ​តម្លៃវិជ្ជា​ជីវៈ​ និង​ក្រម​សីល​ធម៌សារព័ត៌​មាន​ចុះ​អន់​ថយ​ផងដែរ»។

លោក​ស៊ីផាន​​​លើក​ឡើង​ថា ព្រះរាជា​ណាចក្រ​កម្ពុជា ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​បូរណ​ភា​ព​ទឹក​ដី​ពេញ​លេញ មាន​រាជ​រដ្ឋាភិ​បាល មាន​អង្គ​នីតិ​ប្បញ្ញត្តិ​ និង​ប្រជា​ជន​កម្ពុជា​គឺ​ជាម្ចាស់​ជោគ​វាសនាក្នុង​ការថែ​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍសម្រាប់​ប្រទេស​ ​ហើយ​ប្រទេស ​កម្ពុជា​ ក៏​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេ​ស​ណាមួយ​ ធ្វើការ​ជ្រៀត​ជ្រែក ឬ​បង្គាប់​បញ្ជា​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​​ជា​ដាច់​ខាត។

ឆ្លើយ​តប​ទៅ​នឹង​សំណួរអ្នក​សារព័ត៌មាន​អំពី​វិធាន​ការ​ចំពោះ​កាសែត​អាមេរិក​នេះ​លោក​ស៊ី​ផា​​ន ថ្លែង​ថា៖ «គេមាន​សិទ្ធិ​និយាយ​អ្វី​ក៏បាន​ដែរ ប៉ុន្ដែ​សិទ្ធិ​របស់​រាជរដ្ឋាភិបាល ​ប្រាប់​ថា អាហ្នឹង​ភរ​ទេនៅ​ក្នុង​របប​សារព័ត៌មាន​មិន​បាច់ យើង​យក​ចិត្ត​ទុក​ដាក់​ទេ យើង​មិន​អាច​ប៉ះពាល់គេ​ទេ គេ​បំផ្លាញ​ខ្លួន​គេ គេ​ហ្នឹង​ពូកែ​ខាង​ឃោសនា នៅ​ក្នុង​ស្តង់ដា​របស់​គាត់ ហើយ​ត្រូវ​សរសេរ​អត្ថបទ​មួយ ដើម្បី​ឲ្យគេ​ចាប់​អារម្មណ៍​។ ក៏ប៉ុន្ដែ​យើង​ធ្វើ​សកម្ម​ភាព​ចាប់​​អារម្មណ៍​ដែល​ថា យើង​អត់​មាន​ទេ»។

អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបា​ល​បាន​អំពាវ​នាវ​ដល់​​មិត្ត​ភ​ក្តិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ ក៏ត្រូវ​តែ​គោរព​សមា​ជិក​របស់​អាស៊ាន​នីមួយៗ​ផង​ដែរ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ មិត្ត​ភាព និង​សហ​ប្រតិបត្តិ​​ការ ដើម្បី​ចៀសវាង​ពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ផ្នែក​ការ​ទូត​ ហើយ​បាន​ស្នើ​ឲ្យ​សារ​ព័ត៌មាន​អន្តរជាតិ​បញ្ឈប់​ជាបន្ទាន់​នូវ​​រាល់​​បំណងអាក្រក់​​ណា​មួយ​ ដែល​មាន​ចរិត​បង្កភាព​ប្រទូស​រ៉ាយ ចំពោះ​ប្រទេ​ស​កម្ពុជា ទោះ​បី​ជាតា​ម​រូភាព​ឬ​មធ្យោបាយ​ណាមួយ​ក៏ដោយ។

ទន្ទឹម​នឹង​នេះ​ដែរ បើ​យោង​តាម​លោក​នាយ​ឧត្តម​សេនី​យ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ រ​ដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌​មានចុះទៅ​ពិ​និត្យ​មើល ដោយ​ផ្ទាល់នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ដើម្បី​បំភ្លឺ​ចំពោះការ​ប្រឌិត​ព័ត៌​មាន​របស់សារព័ត៌​មាន​បរទេស កន្លង​មក។

លោក សុជាតិ ​ថ្លែង​ថា ប៉ុន្មាន​ថ្ងៃមក​នេះ កាសែត​បរទេស​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​បន្ត​បន្ទាប់​គ្នាជា​ញឹក​ញាប់ ដែល​បាន​និយាយ​មិន​ពិត​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​កង​ទ័ព​ចិន​ប្រើ​ប្រា​ស់​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា។

លោក​ ផៃ ស៊ីផាន ក្នុង​សន្និសីទ​កាសែត​ពីម្សិល​មិញ​​​។ ហេង ជីវ័ន

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​ប្រកាស​ជា​ឱឡា​រិក​ និង​ដាច់​​អហង្ការថា ការ​លើក​ឡើង​នេះ មិន​មែន​ជាការ​ពិត​ ហើយ​ព័ត៌មា​​​​ន​ទាំង​អស់ នេះ​គឺ​ជាព័ត៌មាន​មិន​ពិត​ដែល​ប្រឌិត​ឡើង​មាន​ចេតនា​អាក្រក់​ញុះ​ញង់​បំបែក​បំបាក់​ គ្មាន​វិជ្ជាជីវៈសារព័ត៌​មាន ធ្វើ​ឲ្យ​បាត់​កិត្យានុ​ភាព ឯករាជភាព​និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា»។​

លោក​​គូស​បញ្ជាក់​ថា កម្ពុជាមិន​ត្រូវការ​វត្ត​មាន​យោធា​របស់​ប្រទេស​ណាមួយ​នៅលើទឹ​ក​​ដី​កម្ពុជា​ឡើយ ខណៈ​ដែល​កងទ័ព​កម្ពុជា​មានស​មត្ថភាព​គ្រប់​​គ្រាន់ក្នុង​ការ​​ការពារ​ជាតិ​មាតុ​​ភូមិ ការពារ​ទឹក​ដី ការ​ពារប្រជា​ពល​រដ្ឋ និង​ការពារ​ការ​អភិឌ្ឍ​​របស់​ប្រទេស​ជាតិ​។ «យើង​មិន​ដែល​មាន​កិច្ច​ព្រម​ព្រៀងណា​​មួយដែល​បាន​លើក​ឡើង​ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​បរទេស​នោះ​ទេ​»។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ក្នុង​ឱកាស​អនុញ្ញា​ត​ឲ្យលោកវរ​សេនី​យ៍​ឯក យូន បុ​មជី (Yoon Beomgi) អនុព័ន្ធ​យោធានៃ​សាធា​រណ​រដ្ឋ​កូរ៉េ ដែល​នឹង​ត្រូវ​ចប់​អាណត្តិបេសក​កម្មការ​ទូត នៅ​កម្ពុជាចូលជួ​បជម្រាប​លា និង​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍​ឯក ជុង ណាក់​សាម (Chung Naksam) អនុព័ន្ធ​យោធា​កូរ៉េ​ថ្មីចូល​ជួប​សម្ដែង​ការ​គួរ​សម នាព្រឹក​ថ្ងៃទី ​២៥ ខែ​ កក្កដា ​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជា​ការនៃ​កង​យោធពល​ខេមរ​ភូមិន្ទ ក៏​បាន​បញ្ជាក់​ប្រាប់​អនុព័ន្ធ​យោធានៃ​សាធា​រណរ​ដ្ឋ​កូរ៉េដែរ​ថា កម្ពុជា​ប្រកាស​មិន​ទទួល​ស្គាល់រាល់​ការ​ចោទ​ប្រកា​ន់​​ថា កម្ពុជា​ផ្ដល់​ទឹក​ដី​ឲ្យ​កង​ទ័ព​ចិ​ន កសាង​មូល​ដ្ឋានព្រោះនោះ​ជា​កា​រ​ខុស​ច្បាប់រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ នេះបើ​យោង​តាម​គេហទំព័​រហ្វេស​ប៊ុក របស់​អគ្គ​បញ្ជាការ​ដ្ឋាននៃ​កង​​យោធពល​ខេមរភូមិន្ទ។

យ៉ាង​ណា​ក្តី ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ លោកស្រី Emily Zeeberg អ្នកនាំ​ពាក្យ​សា្ថន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុ​ជា បាន​ថ្លែងថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ថា វត្តមានក​ងទ័ព​ចិន ដែល​អាច​កើត​មាន​ឡើង​នៅ​ប្រទេស​ កម្ពុជា ​នឹង​គំរាម​កំហែង​ទាំង​ស្ថិរភាព​ក្នុង​តំបន់​ និង​តួនាទី​អាស៊ាន»។

លោក​ ​គិ​ន​ ភា​ ប្រធាន​វិទ្យា​​​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជ​​​បណិ្ឌ​ត្យ​សភា​កម្ពុជា ​បាន​ចាត់​​ទុកព័ត៌មានទាំងនោះ​ថា គឺជា​ផ្នែក​មួយនៃ​​របៀប​វារៈ​នយោ​​​បាយរបស់​សហរដ្ឋ​អា​មេរិក ដែល​មាន​គោល​ដៅ​ធ្វើ​ឲ្យ​កម្ពុជា​ខូច​មុខ​មាត់ តាម​រយៈការចោទ​ប្រកាន់​ផ្សេងៗ ដើម្បី​ដាក់​ទណ្ឌ​កម្ម​ ដើ​ម្បី​កេង​ចំណេញ​ភូមិ​​សាស្ត្រ​នយោបាយ។

លោក​បញ្ជា​ក់​ថា​៖ ​«​នេះ​ជា​នយោបាយ​របស់​សហ​​​រដ្ឋ​អាមេរិក ដូច្នេះ​តិច​ឬ​ច្រើន វាធ្វើ​ឲ្យ​ប៉ះ​ពាល់ និងធ្វើ​ឲ្យល្អក់​កករ ដល់​ទំនាក់ទំន​ង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំង ២ ។ កម្ពុជា​គ្មាន​ចេតនា​ណា​មួយ ទៅ​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​នោះ​ទេ គឺ​មាន​តែ​ប្រទេស​មហា​អំណាច​ទាំង​អស់​នោះ គាត់​ធ្វើ​ឲ្យ​កម្ពុជា​ខូច​ខាត​ ហើយ​យក​លេស​ដាក់​ទណ្ឌកម្ម​កម្ពុជា»។

លោក​ ​ឡៅ ​ម៉ុង​ហៃ ​អ្នក​វិភាគ​នយោ​បា​យ​ បាន​លើក​ឡើង​ថា វានឹងល្អ​ប្រសើ​រជាង ​និង​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ជាក់​កក់ក្តៅ​បាន​ច្រើន​ជាង ប្រសិន​ណា​ជា​រាជ​រដ្ឋាភិបាល​គ្រាន់​តែបញ្ជាក់​អំពី​គោល​នយោ​បាយ​អព្យា​ក្រឹត អចិន្រៃ្តយ៍ និង​មិន​ចូល​បក្ស​​សម្ព័​ន្ធ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​​នុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «ក្នុ​ង​ក្រប​ខ័ណ្ឌ​នយោ​បាយ​នេះព្រះរា​ជា​ណា​​ចក្រ មិន​អាច​ចង​សម្ព័ន្ធ​ភាពយោធា ឬ​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​យោធា​ណា​មួយ និង​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋា​នយោ​​ធា​បរទេសនៅលើ​ទឹក​ដី​របស់ ខ្លួន​បាន​ឡើយ និង​ជារដ្ឋ​មួយ​ ដែល​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោ​​បាយ រួម​រស់​ដោយ​សន្តិ​សហ​វិជ្ជ​​មាន​ជាមួយ​ប្រទេស​ទាំងអស់»៕