មណ្ឌលគិរីៈ អាជ្ញាធរខេត្តមណ្ឌលគិរីបានចុះត្រួតពិនិត្យសកម្មភាពលើកឈើដាក់លើរថយន្ត និងការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ទ្រី ភាព ចំនួន ១២២ ម៉ែត្រគុបកាលពីសប្តាហ៍មុននៅសង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងស្រាវជ្រាវស្ថានភាពជាក់ស្ដែងចៀសវាងការប្រព្រឹត្តផ្ទុយពីការណែនាំ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិដឹកជញ្ជូនឈើស្របច្បាប់។
លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីថ្លែងពីម្សិលមិញថា អាជ្ញាធរចម្រុះមកពីគណៈកម្មការចម្រុះខេត្តមណ្ឌលគិរីប្រមាណជាង ១០ នាក់ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងចំពោះសកម្មភាពលើកឈើដាក់លើរថយន្ត និងត្រួតពិនិត្យការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ទ្រី ភាព អ៊ីមផតអ៊ិចផត។ ក្រុមហ៊ុននេះមានសិទ្ធិដឹកជញ្ជូនឈើស្របច្បាប់ បន្ទាប់ពីក្រុមហ៊ុនបានឈ្នះការដេញថ្លៃទិញពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីខែកញ្ញា ឆ្នាំ ២០១៩។
លោកថា ក្រោយពីគណៈកម្មការចុះពិនិត្យជាក់ស្ដែងក្រុមហ៊ុន ទ្រី ភាព បានដឹកជញ្ជូនឈើទាំងនោះបានចំនួន ៧ រថយន្តហើយ។ ក្រុមហ៊ុនកំពុងបន្តលើកឈើដាក់លើរថយន្តដឹកជាបន្តបន្ទាប់ទៀត ខណៈឈើនៅសេសសល់ត្រឹមតែ ៣ ឬ ៤ រថយន្តទៀត។ រថយន្តទាំងនោះបានដឹកជញ្ជូនឈើពីរដ្ឋបាលព្រៃឈើសែនមនោរម្យស្ថិតនៅសង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរីឆ្ពោះទៅរាជធានី ខេត្តមួយចំនួនដូចជា ខេត្តកំពត រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ។
លោកបញ្ជាក់ថា៖ «យើងបានចុះពិនិត្យជាក់ស្ដែងហើយ គឺក្រុមហ៊ុនមិនមានប្រព្រឹត្តភាពមិនប្រក្រតី ឬលួចកាប់ឈើពីកន្លែងផ្សេងបន្ថែមទៀតទេ គឺគាត់គោរពតាមច្បាប់។ ដូច្នេះយើងបានចេញលិខិតអនុញ្ញាតឲ្យគាត់ដឹកជញ្ជូនឈើទាំងនេះស្របច្បាប់។ យើងអនុវត្តការងារទាំងនេះគឺសុទ្ធតែគោរពតាមច្បាប់ និងគោរពតាមការណែនាំរបស់ថ្នាក់លើ។ ខ្ញុំមិនមែនធ្វើអ្វីទៅតាមចិត្តខ្លួនឯងទេ ព្រោះកន្លងមកគេចោទពួកខ្ញុំធ្វើការងារមិនល្អ ឬធ្វើរឿងមិនប្រក្រតី ដូច្នេះខ្ញុំចង់បញ្ជាក់ឲ្យច្បាស់»។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីថ្លែងពីម្សិលមិញថា ការចុះត្រួតពិនិត្យការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ទ្រី ភាព កាលពីថ្ងៃទី ១៧ មីនា លោកមិនបានចុះទៅជាមួយគណៈកម្មការទេ ប៉ុន្ដែបានទទួលព័ត៌មានពីមន្ត្រីជំនាញដែលបានចុះទៅនោះ។
លោកថា៖ «ខ្ញុំគ្រាន់តែដឹងពីព័ត៌មាននេះ ប៉ុន្ដែខ្ញុំមិនបានដឹងលម្អិតជុំវិញករណីនេះទេ។ អ៊ីចឹងសូមសួរទៅមន្ត្រីជំនាញខ្ញុំដែលគាត់បានចុះទៅផ្ទាល់ ទើបគាត់ដឹងច្រើនជាងខ្ញុំ»។
លោក ប៉ុល ពិសាល តំណាងក្រុមហ៊ុន ទ្រី ភាព ម្សិលមិញមិនអាចរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីចំនួន ៧ លិខិតផ្សេងៗគ្នាចុះហត្ថលេខាដោយលោក ជ័យ សុខា នាយផ្នែកសង្កាត់រដ្ឋបាលសែនមនោរម្យនៅថ្ងៃទី ១៨ ខែមីនា ដែលភ្នំពេញប៉ុស្តិ៍ទទួលម្សិលមិញបានអនុញ្ញាតឲ្យឈ្មោះ ប៉ុល ពិសាល តំណាងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត ដឹកជញ្ជូនផលអនុផលឈើអារប្រភេទលេខ ១ ជាង ១២២ ម៉ែត្រគុប។ ទម្ងន់ដឹករថយន្តនីមួយៗត្រូវអនុវត្តតាមប្រកាសលេខ ៤១១ ចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩។
លិខិតបន្តថា រថយន្តដឹកឈើត្រូវចេញដំណើរពីចំណុចអតីតក្រុមហ៊ុនដាយណាមនៃរដ្ឋបាលព្រៃឈើសង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឆ្ពោះទៅរោងសន្និធិតាមបណ្ដាខេត្តរាជធានី ដូចជា ខេត្តកំពត ភ្នំពេញ ព្រៃវែង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីនៃសមាគមអាដហុកថ្លែងថា៖ «ខ្ញុំចង់ឲ្យមានការចូលរួមឃ្លាំមើលពីអង្គការសង្គមស៊ីវិលជំនាញតាមដានការដាក់ដេញថ្លៃលក់ឈើដែលរឹបអូសបានពីបទល្មើសនានា ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌ព្រមទាំងគ្មានការសង្ស័យពីមជ្ឈដ្ឋានផ្សេងៗទៀត។ នៅពេលក្រុមហ៊ុននោះឈ្នះការដេញថ្លៃហើយគឺត្រូវតាមឃ្លាំមើលគាត់ទៀត ដើម្បីចៀសវាងការប្រព្រឹត្តភាពមិនប្រក្រតីណាមួយបន្ថែមទៀត»៕