ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ​អះអាង​ថា ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ឡឥដ្ឋ​បាន​ប្រមាណ​ ១០០ ​ទីតាំង​ ក្នុង​ខេត្ត​ចំនួន​ ៦ កាលពី​ខែ​មុន ដោយ​ក្នុងនោះ​បាន​ពិន័យ​ម្ចាស់​ឡឥដ្ឋ​ ១ ​កន្លែង ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្មេង ខណៈ​សិប្បកម្ម​ឡឥដ្ឋ​ដទៃ​ទៀត​ត្រូវ​បាន​ណែនាំ​។

ការចុះពិនិត្យ​សិប្បកម្ម​ឡឥដ្ឋ​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ចុះ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​ចាប់​ផ្តើម​ឡើង​តាំងពី​ថ្ងៃទី​ ១២ សីហា ឆ្នាំ​ ២០១៩ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការលើក​កម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​យុទ្ធនាការ​សហគមន៍​ផលិត​ឥដ្ឋ​គ្មាន​ពលកម្ម​កុមារ​ឆ្នាំ​ ២០២០​។

លោក វ៉េង ហៀង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ធ្វើ​យុទ្ធនាការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ១០ ​កញ្ញា ​ថា ការចុះ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដើម្បី​ពិនិត្យ​ជុំវិញ​លក្ខខណ្ឌ​ការងារ និង​ទម្រង់​ការងារ​ជា​ទាសភាព ឬ​ទម្រង់​ការងារ​ដោយ​បង្ខំ​ពាក់ព័ន្ធ​បំណុល​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ទាំងអស់​។

លោក​បន្តថា ការងារ​នេះ​ក៏មាន​បំណង​ចង់​ផ្សព្វផ្សាយ​ និង​ការហាម​ប្រាម​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅតាម​ឡឥដ្ឋ ដើម្បី​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ។

លោក​និយាយថា រហូត​មកទល់​ពេលនេះ​ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ឡឥដ្ឋ​ក្នុង​ខេត្ត-ក្រុង​ចំនួន​ ៦ ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្តព្រៃវែង​។ ការចុះពិនិត្យ​ខេត្ត​នីមួយៗ​បាន​​ធ្វើឡើង​ក្នុង​ចន្លោះ​ពី​ ១០ ទៅ​ ២០ ​ទីតាំង​។ ​ក្នុងនោះ​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​បាន​រកឃើញ​ថា​មាន​ភាពមិន​ប្រក្រតី​ និង​អនុវត្ត​លក្ខខណ្ឌ​ការងារ​មិនល្អ​ដោយ​ត្រូវ​បាន​ណែនាំ​ច្រើន​ជាង​គេ​។

លោក​ វ៉េង ហៀង បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​ចុះ​ពិនិត្យ​ប្រហែល​ជា​ ១០០ ​សិប្បកម្ម​ផលិត​ឥដ្ឋ​តាមរយៈ​ថ្នាក់ជាតិ​អ្នក​ចុះ​ពិនិត្យ​ផ្ទាល់​។ ចំណែក​ថ្នាក់​ខេត្ត នឹង​ចុះ​ពិនិត្យ​បន្តទៀត​នៅ​ឡឥដ្ឋ​ណា​ដែល​យើង​មិនទាន់​បាន​ចុះ​ពិនិត្យ ហើយ​ប្រធាន​មន្ទីរ​បន្ត​ចុះ​ពិនិត្យ​ទាល់តែ​អស់​ (​ទីតាំង​ឡឥដ្ឋ​)»​។

លោក​បន្តថា​៖ «​ការចុះ​នេះ ប្រសិន​បើ​ធ្ងន់ធ្ងរ​គឺ​ផាកពិន័យ​យក​តែ​ម្តង ហើយ​កន្លងមក យើង​ផាកពិន័យ​បាន​ ១ ​ទីតាំង​ហើយ​។ យើង​ពិន័យ​ប្រមាណ​​ ៥ ​លាន​រៀល គឺ​ (​សិប្បកម្ម​) នៅ​ខេត្ត​កណ្តាល​ដោយសារ​តែ​សិប្ប​កម្មនេះ មាន​ប្រើប្រាស់​ក្មេង​។ នៅ​ខេត្ត​ផ្សេង​ទៀត​អត់​មាន​ប្រើប្រាស់​ក្មេង​ទេ ប៉ុន្តែ​យើង​ហាមឃាត់​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​» ។

បើ​តាម​លោក​ វ៉េង ហៀង សិប្បកម្ម​ឡឥដ្ឋ​សរុប​ទូទាំង​ប្រទេស​មាន​ប្រមាណ​ ៤០០ ​ទីតាំង ​ក្នុង​នោះ​មាន​កម្មករ​បម្រើ​ការងារ​ចន្លោះ​ពី​ ៥ ​ទៅ​ ៦ ​ពាន់​នាក់ ខណៈ​សិប្បកម្ម​ឡឥដ្ឋ​ប្រមាណ ៣១ ភាគរយ​ បាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប ភាគច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។

អ្នកស្រី សឿង រ៉ានី ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ១ កន្លែង ​ដែល​មាន​កម្មករ​ប្រមាណ​ ២០ ​នាក់​ ស្ថិត​ក្នុង​ភូមិ​អូរឫស្សី ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និយាយ​ថា អ្នកស្រី​មិន​បារម្ភ​ពី​ការចុះ​ត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ទាំងនេះ​នោះទេ​។ ការអះអាង​ដូច្នេះ​ព្រោះតែ​អ្នកស្រី​យល់​ថា​សិប្បកម្ម​របស់​អ្នកស្រី​បាន​គោរព​តាម​លក្ខណៈ​បច្ចេកទេស​ និង​ច្បាប់​ត្រឹមត្រូវ​ដោយ​ក្នុង​នោះ​ក៏​មិន​មាន​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ដែរ​។

ម្ចាស់​សិប្បកម្ម​រូបនេះ​អះអាង​ថា​៖ «​គេ​ចុះ​មក​ពិនិត្យ​ជាប្រចាំ​ដែរ​ពេល​ខ្លះ ខ្ញុំ​អត់​នៅ​ក៏​មាន​អ្នក​ចុះមក​ពិនិត្យ​ដែរ​។ ខ្ញុំ​អត់​បញ្ហា​ទេ គាត់​ចុះ​មក​ខ្ញុំ​អនុញ្ញាត ព្រោះ​ខ្ញុំ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ទាំងអស់ ហើយ​ខ្ញុំ​និយាយ​អ្វី​ដែល​ជា​ការពិត គាត់​ចុះមក​ថ្មើរ​ណា​ក៏​បាន​ដែរ​»​។

អ្នកស្រី សឿង រ៉ានី អះអាង​ថា​សិប្បកម្ម​របស់​អ្នកស្រី​មិន​ធ្លាប់​ប្រើប្រាស់​កុមារ​អាយុ​ក្រោម​ ១៦ ​ឆ្នាំ​នោះទេ​។ ប៉ុន្តែ​អ្នកស្រី​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ដែរ​ថា រាល់​សិប្បកម្ម​ទាំងអស់​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​អត់​នោះទេ ។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​សាទរ​ចំពោះ​យុទ្ធនាការ​នេះ ខណៈ​កន្លង​ទៅ​អង្គការ​លីកាដូ​ក៏​ធ្លាប់​ស្នើ​ឲ្យ​មាន​ការចុះធ្វើ​អធិការកិច្ច​លើ​សិប្បកម្ម​ទាំងនេះ​ផងដែរ​។

លោក​ថា ការចុះ​ត្រួតពិនិត្យ​នឹង​ធ្វើឲ្យ​បាន​ទៀងទាត់​ដោយ​មិន​គួរ​ប្រកាស​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​សិប្បកម្ម​ទាំងនោះ​ឲ្យ​បាន​ដឹង​ខ្លួន​មុន​នោះទេ ព្រោះ​អាច​ឲ្យ​ពួកគេ​មាន​ពេលវេលា​ក្នុង​ការរៀបចំ​ទុកជាមុន​។

លោក​បញ្ជាក់ថា​៖ «​ចុះ​ជាប្រចាំ ដើម្បី​ធានា​ថា​ឡឥដ្ឋ​នីមួយៗ មិនមាន​ការប្រើប្រាស់​ពលកម្ម​កុមារ​ទេ​។ ការពិនិត្យ​ទៅ​លើ​ការ​ជំពាក់​បំណុល​ជា​រឿង​ចាំបាច់​ដែរ ព្រោះ​គ្រួសារ​ស្ទើរតែ​ទាំងអស់​ហើយ​នៅក្នុង​ឡឥដ្ឋ​មាន​ការជំពាក់​បំណុល​។ ព្រោះ​ការ​ជំពាក់​បំណុល​ពី​ថៅកែ​ពី​អីហ្នឹង​គឺជា​ការបង្ខំ​មួយ​ដែរ ដែល​នាំ​ឲ្យ​មាន​ការប្រើប្រាស់​ក្មេង​ដើម្បី​បាន​លុយកាក់​ច្រើន​»​។

ទោះយ៉ាងណា​លោក​ អំ សំអាត ចង់​ឲ្យ​ក្រសួង​ការងារ​ធានា​ទៅ​ដល់​កុមារ​ដែល​រស់នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​ជាមួយ​ឪពុកម្តាយ​ទាំងអស់​បាន​ទទួល​ការសិក្សា​ត្រឹមត្រូវ​ពេញលេញ​គ្រប់ៗ​គ្នា​៕