ភ្នំពេញ: មន្ត្រី​ចូលនិវត្តន៍ និង​ពិការភាព​ដែល​ជា​អតីតមន្ត្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​ចំនួន ​១ ០១៣ ​នាក់​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ និង​ផ្តល់​ឋានន្តរស័ក្តិ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ ដើម្បី​ទទួល​បាន​របប​យោធិន​ពេល​ចូលនិវត្តន៍​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គិត​ត្រឹម​ដើមខែ​តុលា​នេះ អតីតមន្ត្រី​ជំនាញ​ស៊ីម៉ាក់​ចំនួន ៤ ​វគ្គ​មកហើយ ដែល​ត្រូវបាន​កាត់ឈ្មោះ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័ក្តិ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារជាតិ​។ ក្នុងនោះ​វគ្គ​ទី​ ១ ចំនួន ៤០៩ ​នាក់ វគ្គ​ទី​ ២ ចំនួន ១២២ ​នាក់ វគ្គ​ទី​ ៣ ​ចំនួន​ ១៥៨ ​នាក់​ និង​វគ្គ​ទី​ ៤ ចំនួន ៣២៤ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ជា​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់ គឺ​មានន័យថា ពួកគាត់​បាន​សម្រាក​ការងារ​ពី​អង្គភាព​ស៊ីម៉ាក់ បន្ទាប់មក​ពួកគាត់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​យើង គាត់​ឯកភាព​ឲ្យ​មន្ត្រី​ដែល​មាន​ស្នាដៃ​បម្រើ​ជាតិ​កន្លងមក​ហ្នឹង អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្លះ​ពី​រដ្ឋ​វិញ​។ ​អង្គភាព​ស៊ីម៉ាក់​នឹង​បន្ត​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​បន្ថែមទៀត ដើម្បី​បន្តសកម្មភាព​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោយពី​ពួកគាត់​ចាស់ៗ​ចូលនិវត្តន៍​អស់​»​។

លោក​ ហេង រតនា បាន​អរគុណ​ចំពោះ​គណៈកម្មការ​បញ្ចូល​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័ក្តិ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារជាតិ និង​ថ្នាក់​ដឹកនាំ​កម្ពុជា​ដែល​បាន​ឯកភាព ចំពោះ​ការផ្តល់​ការគាំទ្រ​សម្រេច​ផ្តល់​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័កិ្ត​កងយោធពល​ខេមរភូមិន្ទ​ជូន​មន្ត្រី​អង្គភាព​ស៊ីម៉ាក់ ក៏ដូចជា​ផ្តល់​ប្រយោជន៍​របប​យោធិន​ដល់​កម្លាំង​អង្គភាព​ស៊ីម៉ាក់​។

លោក​ ថោង សូលីម៉ូ អ្នក​នាំពាក្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​បាន​ថ្លែងថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​ទេ ដោយបាន​បង្វែរ​សំណួរ​ទៅ​លោក ឈុំ សុជាត វិញ​ដោយ​ថ្លែងថា​៖ «​ព្រោះ​គាត់​ទទួល​ព័ត៌មាន​នានា​លឿន​ជាង​ខ្ញុំ​»​។

ប៉ុន្តែ​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

ចំណែក​លោក​ ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ព​ជើងគោក​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ក៏​មិនទាន់​បានទទួល​ព័ត៌មាន​នេះដែរ និង​ក៏បាន​បង្វែរ​សំណួរ​ទៅ​លោក ឈុំ សុជាត ដែរ​។

មិនមាន​ប្រភព​ទាក់ទង​មន្ត្រី​ស៊ីម៉ាក់​ដែល​ចូលនិវត្តន៍ ហើយ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើតាម​ការបញ្ចេញមតិ​ (Comment) ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់លោក ហេង រតនា គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ «​ខ្លា ចាស់​» ​បាន​សរសេរ​រៀបរាប់​ថា​៖ «​ខ្ញុំបាទ​សូម​អរគុណ​ដល់​ឯកឧត្តម​ប្រតិភូ តែងតែ​គិតគូរ​ដល់​ពួក​ខ្ញុំបាទ​ជា​កូនចៅ​ស៊ីម៉ាក់​ទាំងអស់​ដែល​អនុញ្ញាត​ឱ្យ​ពួកខ្ញុំ​បាន​ចូលក្នុង​ក្របខ័ណ្ឌ​យោធា​។ ពួក​ខ្ញុំ​លើកដៃ​សំពះ​បួងសួង​ដល់​ទេវតា​ទាំង​ ៨ ​ទិស សូម​តាម​ជួយ​ថែរក្សា​មេ និង ក្រុមគ្រួសារ​មាន​សុខភាព​ល្អ​រហូត​ និង​អាយុ​វែង​អរគុណ​»​។

លោក សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (AN-SA) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការបញ្ចូល​អតីតមន្ត្រី​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ​ឱ្យ​ទៅ​ជា​មន្ត្រី​ក្របខ័ណ្ឌ​នយោបាយ​នេះ គឺជា​ជម្រើស​ល្អ​មួយ ប៉ុន្ដែ​ការបញ្ចូល​នេះ​គួរបញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​បញ្ចូល​ក្នុងន័យ​លើក​ចិត្ត​ទឹកចិត្ត​ពួកគាត់​ដែលមាន​ស្នាដៃ បទពិសោធ​ការងារ ឬ​ក្នុង​ហេតុផល​អ្វី​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ការបញ្ចូល​ក្នុង​មុខតំណែង​នយោបាយ ឬ​លើ​ហេតុផល​ស្ដាយ​ជំនាញ​ពួកគាត់ គឺ​មិនមាន​អ្វី​ខុស​ទេ វា​គឺជា​ការលើក​ទឹកចិត្ត​ពួកគាត់ ប៉ុន្ដែ​បើសិន​ការបញ្ចូល​នេះ​ក្នុង​ហេតុផល​ណាមួយ​ផ្សេងទៀត គឺ​អាច​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​ដែរ ពោល​គឺ​ប្រើប្រាស់​ថវិកា​មិន​ចំ​គោលដៅ​»៕