
សកម្មភាពឆ្លងកាត់ព្រំដែន ត្រង់ច្រកអន្តរជាតិប៉ោយប៉ែតកន្លងមក។ ហុង មិនា
បន្ទាយមានជ័យៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានណែនាំដល់នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនូវគោលការណ៍ ៥ ចំណុចឲ្យយកចិត្តទុកដាក់អនុវត្តការងារឲ្យបានត្រឹមត្រូវ ក្រោយពីរងការរិះគន់ជាបន្ដបន្ទាប់ករណីយកលុយពីពលរដ្ឋច្រើនលើសលប់ក្នុងការធ្វើលិខិតរដ្ឋបាលផ្សេងៗសម្រាប់ចេញចូលតាមច្រកទ្វារព្រំដែនមួយនេះ។
សេចក្តីប្រកាសបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីថ្ងៃសៅរ៍បានលើកឡើងថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានការចោទប្រកាន់ក្នុងបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនស្តីពីភាពអសកម្មរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទោះបីការចោទនោះមិនបានបង្ហាញភ័ស្តុតាងជាក់លាក់ក៏ដោយប៉ុន្តែក្រុមប្រឹក្សាវិន័យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួននៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកស្រាយបំភ្លឺ និងបានចាត់វិធានការដើម្បីបំបាត់ភាពអសកម្មទាំងឡាយ។
សេចក្តីណែនាំដដែល បានបន្តថាដើម្បីចៀសវាងភាពអសកម្មប៉ះពាល់ដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែនក៏ដូចជា ការរក្សាសណ្តាប់ធ្នាប់និងការសម្រួលដល់ពលរដ្ឋខ្មែរនិងជនបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានណែនាំដល់លោកនាយប៉ុស្តិ៍ឲ្យយកចិត្តទុកដាក់អនុវត្តគោលការណ៍ ៥ ឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ច និងការពារផលប្រយោជន៍របស់ពលរដ្ឋ។
គោលការណ៍ទាំងនោះ រួមមាន៖ «ត្រូវដាក់ស្លាកអក្សរសម្គាល់សម្រាប់សាធារណជនឲ្យបានជ្រាបថា ការបម្រើសេវានេះមិនតម្រូវឲ្យមានការបង់ប្រាក់ទេ។ រៀបចំកែលម្អបញ្ជរបំពេញបែបបទចេញចូលឲ្យបានសមស្របនិងរៀបចំលំហូរអ្នកដំណើរឲ្យមានការតម្រង់ជួរត្រឹមត្រូវតាមលំដាប់មុនក្រោយដើម្បីកុំឲ្យបុគ្គលមួយចំនួនតូចឆ្លៀតឱកាសជួយសម្រួលផ្តល់សេវាលឿនរហ័ស ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន»។
«ហាមយកប្រាក់ដើម្បីអនុញ្ញាតឲ្យយានយន្ត រ៉ឺម៉កម៉ូតូកង់ ៣ ម៉ូតូឌុប ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់នៅបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលជាប្រចាំដល់ពលរដ្ឋខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែនជាពិសេសពលករដែលធ្វើការនៅប្រទេស ថៃ ក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ។ ត្រូវពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និងអាកប្បកិរិយាបំពេញការងាររបស់មន្ត្រី យកចិត្តទុកដាក់លើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន និង ធ្វើការដាក់វិន័យយ៉ាងតឹងរ៉ឹងបំផុតចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង»។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជាមួយនឹងគោលការណ៍ណែនាំទាំងនេះលោកក៏ចាត់ឲ្យក្រុមប្រឹក្សាវិន័យចុះត្រួតពិនិត្យនិងតាមដានសកម្មភាពរបស់ពួកគេដោយលោកថា បើនៅមានករណីល្មើសបន្ត គឺនឹងមានវិធានការបន្តបន្ទាប់ទៀត។ លោកបញ្ជាក់ថា៖ «បើមិនកែទេ យើងនឹងអនុវត្តតាមវិន័យរបស់នគរបាលលើកិច្ចការរដ្ឋបាល។ ខ្ញុំមិនទាន់ហ៊ាននិយាយអីទៀត ចំពោះវិធានការបន្ទាប់លើការផ្លាស់ប្តូរតួនាទី ឬដកគាត់អីហ្នឹងគឺមើលទៅតាម (កំហុស) ជាក់ស្តែងព្រោះការអនុវត្តវិន័យរបស់យើង វាមានច្រើនជំហាន»។
លោក ស៊ុំ ចន្ទគា មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានសាទរវិធានការនេះ តែលោកចង់ឲ្យអនុវត្តតឹងរ៉ឹង និងយូរអង្វែង ចៀសវាងធ្វើមួយឆាវបាត់ទៅវិញ ព្រោះកន្លងទៅមន្ត្រីអនុវត្តច្បាប់ខ្លះធ្វើបានតែពេលពលរដ្ឋប្រតិកម្មប៉ុណ្ណោះ តែក្រោយមកការប្រព្រឹត្តអំពើពុករលួយ និងគាបសង្កត់ពលរដ្ឋកើតវិញដដែល។
លោកបានបញ្ជាក់ថា៖ «យើងឃើញថា ការណែនាំគឺបានតែក្នុងរយៈពេលខ្លី វាអត់បានវែងយូរអង្វែង ក្នុងការអនុវត្តបទបញ្ជា...ព្រោះតែមន្ត្រីទាំងនោះ ហាក់ដូចជាគ្មានគោរពច្បាប់អ្វីសោះ។ ប្រសិនបើមន្ត្រីមានតួនាទី វិជ្ជាជីវៈបម្រើជាតិដើម្បីឲ្យពលរដ្ឋ មន្ត្រីទាំងអស់ហ្នឹង គួរតែអនុវត្តទៅតាមតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យមិនមែនប្រព្រឹត្តផ្ទុយពីច្បាប់អ៊ីចឹងទេ»។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានលើកឡើងថា បន្ទាប់ពីមានការណែនាំនេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានលក្ខណៈល្អប្រសើរជាងមុនដែលមន្ត្រីមានការគិតគូរពីសុខទុក្ខកម្មករ និងការយកលុយក្រៅផ្លូវការត្រូវបានលុបបំបាត់។ ប៉ុន្តែលោកអះអាងថានៅតាមច្រកទ្វារព្រំដែនដទៃទៀតដូចជាច្រកដូងជាដើម កំពុងមានករណីជំរិតយកប្រាក់ និងការបង្កអសន្តិសុខដល់អ្នកធ្វើដំណើរជាពិសេសកម្មករ។
លោកថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួរតែមើលផងនៅតាមច្រកទ្វារអន្តរជាតិដទៃទៀត ព្រោះកាន់តែមានការជំរិតយកលុយពីពលរដ្ឋទាំងស្រស់ៗតែម្តង ដូចជា ការចេញចូលដោយប្រើប៉ាស្ព័រហ្នឹង មិនអស់លុយទេ តែពួកគេបានយកពីពលរដ្ឋ ខ្ញុំទើបតែចុះទៅនោះ ក្រោយពលរដ្ឋមានភាពរអ៊ូរទាំ។ ខ្ញុំមានភ័ស្តុតាងច្រើន សូមជួយពលរដ្ឋផង និងពលករមួយចំនួនគាត់មិនសុខចិត្តទេ ព្រោះមានអំពើចាប់ជំរិតអ៊ីចឹង»៕