ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ច្រានចោល​ចំពោះ​ព័ត៌មាន​ ដែលផ្សាយ​ដោយ​សារព័ត៌មាន​ Vietnam News ​ដែលស្រង់សម្តី​មន្ត្រី​ជាន់ខ្ពស់​វៀតណាម​ ថា​ ជនជាតិ​វៀតណាម ​ប្រមាណ​ ៧០-៨០ ​ភាគរយ ​ដែល​បាន​និងកំពុង​រស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​ ហើយនឹង​បើកផ្លូវ​ឲ្យ​ពួកគេ​អាច​ទទួលបាន​សញ្ជាតិ​កម្ពុជា​ទៀត​នោះ។

អគ្គនាយក​រង ​និងជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រ​​វេ​សន៍​ នៃ​ក្រសួង​មហាផ្ទៃ ​លោក​​ កែវ វណ្ណថន ​បាន​បដិ​សេធ​​តួលេខ​ខាងលើ​ដោយ​លើកឡើងថា ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​និង​កំពុង​ចុះ​ដកហូត ​ឯកសារ​មិន​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ពួក​អន្តោ​ប្រវេសន៍​នៅ​ឡើយ។

ប៉ុន្តែ​លោកថ្លែងថា​ ចំនួន​ជនជាតិ​វៀតណាម​ប៉ុន្មាននាក់ ​ដែល​ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់ ​ហើយថា ​តើ​ជនជាតិ​វៀត​ណាម​ប៉ុន្មាន​នាក់​ ដែលទទួល​បាន​ប័ណ្ណ​អចិន្រៃ្តយ៍​នោះ ​លោក ​កែវ វណ្ណថន ​បញ្ជាក់ថា ​អគ្គ​នាយកដ្ឋាន​មិនទាន់​មាន​តួលេខ​នេះ​ច្បាស់លាស់​នៅ​ឡើយទេ ​ដោយសារថា​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុងអង្កេត​ទូទាំង​ប្រទេស​ដើម្បី​ពិនិត្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​សរុប​ប៉ុន្មាន ​និង​អ្នកដែលបានស្នាក់នៅ​យូរ​ហើយ​កាន់​ឯកសារ​ខ្មែរ​មាន​ចំនួន​ប៉ុន្មានដែល​ត្រូវបាន​ដកហូត​។

លោក​បញ្ជាក់ថា​៖ «យើង​កំពុង​តែ​​ធ្វើការ​ដកហូត​ពី​ពួកគាត់​ដោយសារ​ពួកគាត់​ជាអន្តោប្រវេសន៍​នៅយូរហើយ​ ដូច្នេះ ​ក្រសួង​មហា​ផ្ទៃ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​យើង​បានឲ្យ​គាត់​ដាក់ពាក្យ​សុំ​ជាអន្តោប្រវេសន៍​ស្រប​ច្បាប់»។​

លោកថា​៖ «មួយចំនួន​គាត់​ក៏​មាន​ការ​ប្រកាស​ទទួល​ស្គាល់​ជា​អន្តោប្រវេសន៍​ពី​ក្រសួង​ ហើយ​មាន​ប័ណ្ណ​ស្នាក់​នៅ​ជា​អចិន្រៃ្តយ៍​ហើយ។ តែ​មួយចំនួន​គាត់​អត់ទាន់​មាន​ហើយ​សំអាងថា​គាត់​កាន់​ឯកសារ​កម្ពុជា ​តែ​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​ទេ​ដូច្នេះ​ហើយ​បាន​យើង​ដក​ហូត»។

មន្ត្រី​ជាន់ខ្ពស់​​វៀត​ណាម ​លោក​​ Luong Thanh Nghi ​អនុប្រ​ធាន​គណៈកម្មា​ធិការ​រដ្ឋ​ទទួល​បន្ទុក​កិច្ចការ​បរទេស​វៀតណាម ​បានអះអាង​តាមរយៈ​សារព័ត៌មាន​ Vietnam News ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២៩ ​ខែមករា​ ថា​ ជនជាតិ​វៀតណាម ​ប្រមាណជា​ ៧០ ទៅ ​៨០ ភាគរយ ​ដែលបាន​និង​កំពុង​រស់​នៅក្នុង​ប្រទេស​ កម្ពុជា​ ត្រូវ​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយដែល​នឹងបើក​ផ្លូវឲ្យ​ពួកគេ​អាច​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

សារព័ត៌មាន​ខាងលើ ​ដែល​បាន​ស្រង់​សម្តី ​របស់​លោក​ Luong Thanh Nghi ​លើក​ឡើងថា ​សហគមន៍​វៀត​ណាម​ បាន​រស់​នៅ​និង​បានចូល​រួម​ក្នុងការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ​ដែល​រួមចំណែក​ ក្នុងការ​អភិវឌ្ឍ​ វិស័យ​សេដ្ឋកិច្ច​សង្គម​ អស់​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ។ លោក​បានអះអាង​ថា ​មួយផ្នែក ​សហគមន៍ ​នៅតែ​មានឋានៈ​ស្រប​ច្បាប់​មិន​ច្បាស់​លាស់​នៅ​ឡើយ​ នៅ​​ប្រទេស​កម្ពុជានិងថា ​មាន​ប្រជាជន​វៀតណាម​ប្រមាណ​ ១១០ ​០០០ នាក់​ដែលរស់នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ហើយ​ភាគ​ច្រើន​គឺ​រស់​នៅ​តាម​បណ្តោយដង​ទន្លេ​សាប។

ការលើក​ឡើងនេះ ​ក្រោយពី​រដ្ឋាភិបាល​កម្ពុជាបាន​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ជន​បរទេស​ប្រមាណ​ជាង​ ៩០ ភាគរយ ​ស្មើ​នឹង​ជាង​ ៣ ម៉ឺន​ក្បាល​ មាន ១០ សញ្ជាតិ​ ដែល​ក្នុង​នោះ​ជន​ជាតិ​វៀតណាម​ គឺមាន​ចំនួន​ច្រើន​ជាង​គេ រហូត​ដល់​ជិត ៩០ ភាគរយ​ផង​ដែរ។

លោក​ Luong Thanh Nghi ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​៖ «អស់​ជាច្រើនឆ្នាំ ​ប្រទេស​វៀណាម​ និង​ប្រទេស​ កម្ពុជា​ បានសហការ​គ្នា​ដើម្បី​ដោះស្រាយ​ឯកសារ​ផ្លូវ​ច្បាប់​សម្រាប់​ប្រជាជន​វៀត​ណាម​ដែលកំពុង​នៅ​ប្រទេស​កម្ពុជា​»។

លោក​បញ្ជាក់ថា​៖ «នៅ​ក្នុង​ឆ្នាំ ២០១៧ ​ប្រទេស​កម្ពុជា​បានចេញ​សេក្តី​សម្រេច​មួយ​ ដើម្បីពិនិត្យ​ឡើង​វិញ ​និង​ដើម្បី​សហការ​ជាមួយនឹង​រដ្ឋាភិបាល​វៀតណាម ​ដើម្បីផ្តល់​ឯកសារ​ស្របច្បាប់ ​សម្រាប់​ជនជាតិ​វៀត​ណាម ​ដែលកំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សារព័ត៌មាន​ Vietnam News ​ឲ្យដឹងថា​វិធានការ​នេះ​មានគោល​បំណង ​ដើម្បី​ធ្វើឲ្យ​សហគមន៍​វៀតណាម ​មាន​ស្ថិរ​ភាព ​និង​បង្កើត​​លក្ខណៈ​អំណោយ​ផល​ សម្រាប់​ជនជាតិ​វៀតណាម​ ដើម្បី​ទទួល​ឋានៈ​ស្របច្បាប់​ច្បាស់​លាស់​និង​ធ្វើ​ឲ្យ​កូនចៅ​របស់​ពួកគេ​អាចមាន​សិទ្ធិ​ស្របច្បាប់​ទទួល​បាន​ការអប់រំ​ ហើយ​រហូត​មកដល់​ពេលនេះ ​ចំនួន​ជនជាតិ​វៀតណាម​ខាងលើ​ដែលត្រូវ​បាន​ទទួល​ស្គាល់​នោះ​ក៏​ទទួល​បាន​ប័ណ្ណ​រស់​នៅ​អចិន្រៃ្តយ៍​ផង​ដែរ។​

លោក​​បន្ថែមថា ​ប្រជាជន​វៀតណាម​ដែលកំពុង​រស់នៅ​​ប្រទេស​កម្ពុជា ​តែងតែ​ប្រ​ឈម​នឹង​​ការលំបាក​ ប្រ​ឈមនឹង​ការយល់​ដឹង​ពី​វប្បធម៌​និងភាសា​មាន​កម្រិត​។

ថ្មីៗនេះ​លោក​គៀត ច័ន្ទ​ថា​រិទ្ធ ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​​​អន្ដោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ​សមត្ថ​កិច្ច​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជន​បរទេស​ដែល​កាន់កាប់​ប្រមាណ​ជាង ៩០ ភាគរយ​ ដោយ​ដកហូត​ឯកសារ​ប្រមាណ​ជាង ៣ ម៉ឺន​ក្បាល​រួមមាន ​សៀវភៅ​គ្រួសារ ​សៀវភៅ​ស្នាក់នៅ​ អត្ដ​សញ្ញាណ​ប័ណ្ណ សំបុត្រ​កំណើត ​លិខិត​ឆ្លងដែន ​និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ជាដើម។

យោង​តាម​មាត្រា​ ៣០ នៃច្បាប់​ស្តីពី​សញ្ជាតិ​ចែង​ថា​ជនបរទេស​ណា​ដែល​កាន់កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​​ខែ្មរ ឬ​លិខិត​ឆ្លងដែន​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ទៅ ​១០ ​ឆ្នាំ​។ មន្ត្រី​ភា្នក់ងារ​រាជការ​ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិត​ឆ្លងដែន​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឲ្យ​ជនណា​ម្នាក់​ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​។

មាត្រា ​៣១ ​ចែង​ថា​ ជន​ណា​ដែល​ក្លែងបន្លំ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិត​ឆ្លងដែន​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ត្រូវ​ចាត់ទុក​ជា​ការ​ក្លែងបន្លំ​ផង​ដែរ​នូវ​អំពើ​ការ​កោសលុប សរសេរ​​បន្ថែម​ ឬ​ធ្វើ​ឲ្យ​ខូចខាត​ការពិត​នូវ​ព័ត៌មាន​នៅក្នុង​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

មាត្រា ៣២ ចែង​ថា​ជន​ណា​​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខែ្មរ​ ឬ​លិខិត​ឆ្លងដែន​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្លែង​ក្លាយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​២ ឆ្នាំ​ទៅ​ ៥ ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី​ ៤ លាន​រៀល​ទៅ​ ១០ លាន​រៀល​៕