ភ្នំពេញៈ ក្រសួងបរិស្ថាន ច្រានចោល​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​បណ្តាញ​សហគមន៍​ព្រៃឡង់​ (PLCN) ដែលថា នៅ​កើតមាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រៃឡង់ បន្ទាប់ពី​ក្រសួងបរិស្ថាន​បាន​ហាមឃាត់​បណ្តាញ​សហគមន៍​ព្រៃឡង់​មិនឱ្យ​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ១ ​ឆ្នាំ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា របាយការណ៍​របស់​ស្ថាប័ន​ទាំងនេះ គឺជា​យុទ្ធនាការ​ដែល​រៀបចំឡើង​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​តែប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​ពោរពេញ​ដោយ​ជំងឺ​តួឯក​ និង​គិតថា មានតែ​ក្រុម​ខ្លួន​ជា​អ្នកការពារ​ធនធាន​ធម្មជាតិ ដែល​តាមពិត គ្រាន់តែ​ជា​ការអនុវត្ត​ផែនការ​ចិញ្ចឹម​ទំនាស់​បង្កើត​ភាពអនាធិបតេយ្យ និង​បន្ត​លើកទឹកចិត្ត​ការរំលោភបំពាន​ច្បាប់​»​។ នេះ​គឺជា​ការប្រមាថ​លើ​ការលះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​តំបន់​ការពារធម្មជាតិ ដែល​កំពុង​ឈរជើង​ការពារ​ធនធាន​ធម្មជាតិ និង​បាន​ខិតខំ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

បើតាម​លោក​ ភក្ត្រា ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ គឺជា​សេចក្តី​ថ្លែងការណ៍​បែប​ទម្លាប់​អាក្រក់​របស់​អង្គការ​នេះ ដែលមាន​ចរិត​រិះគន់​ដើម្បី​បំផ្លាញ ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ​។ អង្គការ​មួយ​នេះ​តែងតែ​ផ្តល់​ការគាំទ្រ​លើកទឹកចិត្ត ក្រុម​ជនបំពាន​ច្បាប់​ និង​ញុះញង់​ដោយ​មិនចេះ​ខ្មាសអៀន ឱ្យ​ជន​ទាំងនោះ​បន្ត​ប្រព្រឹត្ត​ល្មើសច្បាប់​។ អង្គការ​នេះ​គួរ​ប្រកាន់​យក​ភាពស្មោះត្រង់ សុចរិតភាព និង​វិជ្ជាជីវៈ​ក្នុង​ការចេញ​សេចក្តី​ថ្លែងការណ៍​។

ជាមួយ​គ្នា​នេះ​លោក នេត្រ ភក្ត្រា បញ្ជាក់​ទៀត​ថា ក្រសួងបរិស្ថាន​ក៏​គ្មាន​ភាពចាំបាច់​ត្រូវ​ឆ្លើយតប​នឹង​របាយការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់ ដែល​ជនបរទេស​ជួយ​រៀបចំ និង​ចងក្រង​ឱ្យ​នោះទេ ហើយ​របាយការណ៍​ពួកគេ​មិន​ឆ្លុះបញ្ចាំង​ការពិត​ពី​កិច្ចការពារ និង​អភិរក្ស​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​ទាំងមូល​ដែរ គឺ​គ្រាន់តែ​រៀបចំ​ចងក្រង​ឡើង​ក្នុង​ទិដ្ឋភាព​អវិជ្ជមាន​ក្រោម​របៀបវារៈ​នយោបាយ​ទុច្ចរិត និង​ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​សកម្មភាព​របស់ខ្លួន​ប៉ុណ្ណោះ​។

លោក ភក្ត្រា ថ្លែងថា​៖ «​របាយការណ៍​នេះ ក៏​គ្មាន​បច្ចុប្បន្នភាព​ដែរ ខណៈ​ប្រតិបត្តិការ​របស់​ក្រសួងបរិស្ថាន និង​ដៃគូ​បានធ្វើ​ពេញ​ ១ ​ឆ្នាំ​ ២០២០ ក្នុង​ការការពារ​ និង​អភិរក្ស បាន​ទទួល​លទ្ធផល​ល្អ​ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​»​។

ទោះជា​យ៉ាងណា​លោក ភក្ត្រា បាន​ទទួលស្គាល់​ថា បទល្មើស​ធនធានធម្មជាតិ​នៅ​បន្ត​កើតមាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​រួម​នឹង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​បទល្មើស​ទ្រង់ទ្រាយ​ធំ​លែងមាន​ទៀត​ហើយ នៅមាន​កើតឡើង​តែ​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​ដែល​ជនល្មើស​មួយចំនួន បន្ត​លួច​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ បាន​អះអាងថា ការផ្អាក​សកម្មភាព​នៃ​ការល្បាត​ព្រៃ​របស់​ក្រុម​បណ្តាញ​សហគមន៍​ព្រៃឡង់ និង​ការបង្ក្រាប​សកម្មជន​បរិស្ថាន​នៅក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​កន្លង​មក​នេះ​បាន​ធ្វើឱ្យ​មាន​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​។

ជាមួយ​គ្នា​នេះដែរ បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) កាលពី​ថ្ងៃ​ ២៧ ខែកុម្ភៈ​ក៏​ចេញផ្សាយ​របាយការណ៍​ឃ្លាំមើល​លើក​ទី​ ៩ ស្តីពី​ស្ថានភាព​ព្រៃឡង់ ដោយ​អះអាង​ដែរ​ថា ការហាមឃាត់​របស់​រាជរដ្ឋាភិបាល​លើ​ការល្បាត​ព្រៃរបស់​សហគមន៍​កំពុង​ជំរុញ​ឱ្យ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​កាន់តែ​ច្រើនឡើង នៅក្នុង​តំបន់​ព្រៃឡង់​។

PLCN បញ្ជាក់ថា​៖ «​ទិន្នន័យ​ផ្កាយរណប​ស្តីពី​ការបាត់បង់​ព្រៃឈើ​បានបង្ហាញ​ពី​ការជាប់​ទាក់ទង​គ្នា​រវាង​ការហាមឃាត់​ការល្បាត​របស់ PLCN និង​ការកើនឡើង​នៃ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ដោយ​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅក្បែរ​តំបន់​ព្រៃឡង់​»​។

បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល គួរ​អនុវត្ត​បទប្បញ្ញត្តិ និង​ច្បាប់​ដែលមាន​ស្រាប់​ស្តីពី​ការការពារ​ព្រៃឈើ និង​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ និង​ពិភពលោក​ឱ្យ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​។

លោក ខេម សុខី សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​នៅ​ខេត្តព្រះវិហារ​ថ្លែងថា ចាប់តាំងពី​ក្រសួងបរិស្ថាន​មិន​អនុញ្ញាត​ឱ្យ​បណ្តាញ​សហគមន៍​ព្រៃឡង់​ចូលរួម​ល្បាត​ព្រៃ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​បទល្មើស​ព្រៃឈើ ការធ្វើ​អាជីវកម្ម​ឈើ និង​ការកាប់​ឈើ​រាន​យក​ដី​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​។ ទោះជា​យ៉ាងណា នៅពេល​ដែល​បណ្តាញ​ព្រៃឡង់​ចុះ​ល្បាត​ក៏​មាន​សកម្មភាព​បទល្មើស​ដែរ ប៉ុន្តែ​ជនល្មើស​មានការ​ភ័យខ្លាច​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ចុះ​ល្បាត ជនល្មើស​មាន​ការរអា​ដែរ ប៉ុន្តែ​បច្ចុប្បន្ននេះ ធ្វើការ​តែ​មន្ត្រី​ក្រសួងបរិស្ថាន​តែម្នាក់ឯង និង​មាន​មន្ត្រី​តិច​ហើយ​ទំហំ​ដី​មាន​ជិត​កន្លះ​លាន​ហិកតា បទល្មើស​ក៏បាន​ដៃ​ដែរ​។ បើ​ក្រសួង​នៅតែ​បន្ត​មានការ​រឹតត្បិត​ទៀត ព្រៃឈើ​នឹង​នៅតែ​បន្ត​ហិនហោច​»​។

ប៉ុន្តែ​បើតាម​លោក នេត្រ ភក្ត្រា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​៕

វីដេអូ៖