
ព្រៃឈើត្រូវបានគេកាប់នៅខេត្តព្រះវិហាររកឃើញពីថ្ងៃទី ១៩-២១ មីនាដោយCYN។ រូប CYN
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) ដែលបានរកឃើញថា មានការកាប់បំផ្លាញព្រៃឈើចំនួន ១០០ ករណីនាដើមឆ្នាំ ២០២១ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការក្នុងខេត្តព្រះវិហារ។
ការច្រានចោលនេះបន្ទាប់ពី CYN ពីម្សិលមិញបានចេញរបាយការណ៍ រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកាចាប់តាំងពីមានការរារាំងសហគមន៍មូលដ្ឋាន អង្គការ សមាគម និងអ្នកការពារព្រៃឈើពីការចូលរួមល្បាតក្នុងដែនជម្រកនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ពីម្សិលមិញបានច្រានចោលរបាយការណ៍រកឃើញនេះដោយចាត់ទុកសមាគម បណ្តាញយុវជនកម្ពុជាពុំទាន់មានភាពស្របច្បាប់ជាមួយក្រសួងបរិស្ថាននៅឡើយ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំសុំមិនអត្ថាធិប្បាយច្រើនទៅលើរបាយការណ៍ដែលមិនទាន់ស្របច្បាប់ជាមួយក្រសួងបរិស្ថាន និងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិនោះទេ»។
លោកថា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាននៅតែបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិទាំងអស់ដែលមានផ្ទៃដីអភិរក្សដល់ ៧,៣ លានហិកតា។ ទោះបីយ៉ាងណាលោកទទួលស្គាល់ថា បទល្មើសព្រៃឈើខ្នាតតូចនៅបន្តកើតមាន ប៉ុន្តែមិនមានបទល្មើសធំៗឡើយ ខណៈក្រសួងកំពុងបន្តធ្វើកិច្ចការនេះ និងផ្តោតសំខាន់លើជីវភាពពលរដ្ឋជុំវិញសហគមន៍ផងដែរ។
របាយការណ៍របស់ CYN ឱ្យដឹងថា នៅចន្លោះពីថ្ងៃទី ១៩-២១ មីនា ឆ្នាំ ២០២១ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើរបស់ CYN ប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកាស្ថិតក្នុងប្រជុំស្រុកចំនួន ៣ នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។
របាយការណ៍បញ្ជាក់ថា៖ «យើង បានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី។ ភាគច្រើនជាប្រភេទដើមឈើកម្រ និងមានតម្លៃពុំអាចកាត់ថ្លៃដែលមានទំហំមុខកាត់ចាប់ពី ៤៥ សង់ទីម៉ែត្ររហូតដល់ ១,៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃ CYN ប្រាប់ថា គល់ឈើដែលបានរកឃើញ ១០០ ករណីនេះសុទ្ធសឹងតែជាគល់ឈើដែលត្រូវបានកាប់បំផ្លាញនាដើមឆ្នាំ ២០២១ នេះ។
លោកថ្លែងថា៖ «ហេតុអីបានជាយើងបញ្ជាក់ថាថ្មីបាន ព្រោះអីស្នាមកាប់ឈើថ្មីៗដែលបន្សល់ទុកជាមួយអាចម៍រណារ កំណាត់ឈើស្លឹកឈើខ្លះមិនទាន់ងាប់ស្រួលបួលផង ហើយការប្រមូលបានទិន្នន័យពីការកាប់បំផ្លាញព្រៃឈើទាំង ១០០ ករណី យើងទទួលបានពីបណ្តាញអ្នកស្រឡាញ់ព្រៃឈើ ដែលមានកំណត់លេខនិយាមការត្រឹមត្រូវនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រះរកានេះតែម្តង»។
លោកឱ្យដឹងថា ក្រុមការងាររបស់លោកនឹងដាក់របាយការណ៍ករណីរកឃើញការកាប់បំផ្លាញព្រៃឈើទៅក្រសួងបរិស្ថាននៅពេលខាងមុខនេះ។
បើតាមរបាយការណ៍របស់ CYN ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគីរ និងសុក្រំ ជាដើម ហើយព្រមទាំងមានការដុត និងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។
លោក ហេង គឹមហុង បញ្ជាក់ថា៖ «យើងពិតជាមានការព្រួយបារម្ភចំពោះការបាត់បង់ដែលនឹងអាចឈានទៅរកការផុតពូជប្រភេទឈើកម្រ និងមានតម្លៃ។ ការកាប់ឆ្ការព្រៃដោយខុសច្បាប់បង្កផលប៉ះពាល់ដល់ជម្រកសត្វព្រៃ ជាពិសេសការបាត់បង់ប្រភេទដើមឈើផ្តល់ជ័រច្បោះ និងការដកហូតអនុផលព្រៃឈើដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍»។
ក្នុងទិវាព្រៃឈើអន្តរជាតិ ២១ មីនា ក្រសួងបរិស្ថានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតាស្មើនឹង ៤១% នៃ ផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕