ភ្នំពេញៈ មន្ត្រី​ពាក់ព័ន្ធ​បាន​ឆ្លើយតប​ការលើកឡើង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​ថា មាន​ការសងសឹក និង​ការបំភិតបំភ័យ​ធ្វើឡើង​ដោយ​មន្ត្រី​សន្តិសុខ​ទៅលើ​អ្នក​ដែល​ចូលរួម​ធ្វើការងារ​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។ មន្ត្រី​និយាយ​ថា ការលើកឡើង​បែប​នេះ​មិនគ្រប់​ជ្រុងជ្រោយ និង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres នឹង​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃ​ពុធ​ទី​ ៣០ កញ្ញា​ អំពី​របាយការណ៍​ប្រចាំឆ្នាំ​ដែល​លោក​ទទួល​បាន​ពី​អ្នករាយការណ៍​ពិសេស​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​ផ្សេងៗ​រួមមាន​ទាំង​កម្ពុជា​ផង​។ របាយការណ៍​នេះ​និយាយ​អំពី​ការបំភិតបំភ័យ និង​ការសងសឹក​ប្រឆាំង​ទៅ​នឹង​អ្នក​ដែល​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ តំណាង និង​យន្តការ​របស់​ខ្លួន​ក្នុង​វិស័យ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​។

សម្រាប់​កម្ពុជា​លោក​បាន​ថ្លែងថា អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​គឺ​លោកស្រី រ៉ូណា ស្ម៊ីត បាន​រាយការណ៍​ជូន​លោក​ថា មាន​ករណី​រំខាន​ពី​សមត្ថកិច្ច​ក្នុង​ព្រឹត្តិការណ៍ ការបណ្ដុះបណ្ដាល​ និង​ការប្រជុំ​មួយចំនួន ការថតរូប និង​ការសាកសួរ​លើ​អ្នករៀបចំ​កម្មវិធី​ជាដើម​។ ប៉ុន្តែ​ដោយ​គោរព​តាម​គោលការណ៍ «​មិន​ធ្វើឱ្យ​នរណា​ម្នាក់​ឈឺចាប់​» របាយការណ៍​នេះ​មិន​លើក​ឈ្មោះ​បុគ្គល ឬ​អង្គការ​ដែល​រង​ការបំភិតបំភ័យ ឬ​ការសងសឹក​ទេ​។

លោក​បន្តថា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR) បាន​លើកឡើង​ថា កាលពី​ខែ​វិច្ឆិកា ២០១៩ មួយថ្ងៃ​មុនពេល​មាន​ការប្រជុំ​មួយ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ត្រូវ​បាន​ប៉ូលិស​នៅ​ខេត្ត​ព្រះសីហនុ​សួរនាំ​ថា ឱ្យ​សុំ​ការអនុញ្ញាត​ដើម្បី​រៀបចំ​កិច្ចប្រជុំ​នោះ​។ OHCHR បាន​ថ្លែងថា កិច្ចប្រជុំ​ស្របច្បាប់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ពី​អាជ្ញាធរ​ខេត្ត​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​មន្ត្រី​នគរបាល​បាន​ទាមទារ​ជាថ្មី​ម្តងទៀត​នូវ​ព័ត៌មាន​លម្អិត​អំពី​សកម្មភាព និង​ឈ្មោះ​អ្នកចូលរួម​ពី​អង្គការ​នានា​។

នៅ​ខេត្ត​កំពង់ធំ OHCHR បាន​រាយការណ៍​ថា ខ្លួន​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដីអំពី​ការឃ្លាំមើល​សិទ្ធិមនុស្ស និង​ការស្វែងរក​ការពិត​កាលពី​ខែ​សីហា​ ឆ្នាំ​ ២០១៩ ដែលមាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​មន្ត្រី​សង្គម​ស៊ីវិល​ពី​ ២៥ ​ខេត្ត-ក្រុង​ចូលរួម​។ នៅពេល​នោះ​ប៉ូលិស​បាន​មក​ដល់​កន្លែង​រៀបចំ​កម្មវិធី ហើយ​ទាមទារ​មើល​តារាង​កម្មវិធី និង​បញ្ជី​ឈ្មោះ​អ្នកចូលរួម ព្រមទាំង​ប៉ុនប៉ង​ថតរូប​អ្នកចូលរួម​។

លើស​ពី​នេះ​ទៀត​តំណាង​សង្គម​ស៊ីវិល​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា ពួកគេ​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ទេ នៅពេល​ពួកគេ​តស៊ូ​មតិ​ជាមួយ​ក្រសួង​មហាផ្ទៃ ព្រោះ​មាន​ការភ័យខ្លាច​ការសងសឹក​។ ជនរងគ្រោះ​ជាប់ឃុំ​ខ្លះ បដិសេធ​ទទួល​យក​ជំនួយ​ពី OHCHR និង​បដិសេធ​មិនឱ្យ​រាយការណ៍​ពី​ករណី​របស់​ពួកគេ​ទៅ​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។ នេះ​បើ​តាម​របាយការណ៍​ដដែល​។

នៅក្នុង​របាយការណ៍​ដដែល លោក Antonio Guterres បញ្ជាក់​ថា​លោកស្រី ស្ម៊ីត ត្រូវបាន​បដិសេធ​មិន​ឱ្យ​ជួប​សម្ភាស​ជាសម្ងាត់​ជាមួយ​អ្នក​ជាប់ឃុំ​។ លោកស្រី​ទទូច​ថា លោកស្រី​គួរតែ​អាច​ធ្វើ​ទស្សនកិច្ច​ទៅ​គ្រប់កន្លែង​នៃ​ការឃុំ​ឃាំង​ហើយ​ជួប​ជាមួយ​អ្នកណា​ក៏បាន​តាម​អាណត្តិ​របស់​លោកស្រី​។

ឆ្លើយតប​ទៅនឹង​ករណី​នៅ​ខេត្ត​កំពង់ធំ អភិបាលខេត្ត​កំពង់ធំ​លោក សុខ លូ មានប្រសាសន៍​ពី​ម្សិលមិញ​ថា ខេត្ត​របស់​លោក​មិន​ដែល​បាន​រារាំង រំខាន​ដល់​សកម្មភាព​របស់​អង្គការ​សង្គមស៊ីវិល ឬ​អង្គការសហប្រជាជាតិ​ទេ ផ្ទុយ​ទៅ​វិញ​បាន​សហការ​យ៉ាង​ល្អ​។ លោក​មាន​ចម្ងល់​នៅ​ពេលឮ​ការលើក​ឡើង​បែបនេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏ដូចជា​រដ្ឋបាលខេត្ត​ដូចជា​មិនដែល​មាន​ការរឹតត្បិត​បញ្ហា​ហ្នឹង​ទេ​។ កន្លងមក​ការបណ្ដុះបណ្ដាល​អី​នោះ តែងតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​ខាង​សិទ្ធិមនុស្ស​»​។

ខេត្ត​កំពង់ធំ​តែង​ស្វាគមន៍​អង្គការ​សង្គម​ស៊ីវិល​នានា សូម្បី​តំណាង​អង្គការ​សិទ្ធិមនុស្ស​ដែល​ចុះមក​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​នៅ​ឃុំ​ដូង ប្រាសាទ​បាល្ល័ង្គ ជាដើម គឺ​អាជ្ញាធរខេត្ត​តែង​បង្កលក្ខណៈ​ងាយស្រួល និង​ចុះ​ស្រាវជ្រាវ​ជាមួយគ្នា​។ នេះ​បើ​តាម​លោក សុខ លូ ដដែល​។

ស្រដៀង​គ្នា​នេះ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ដូចជា​មិន​ដឹងថា​មាន​ការរារាំង​សង្គម​ស៊ីវិល​ណាមួយ​ទេ នៅ​ខេត្ត​របស់​លោក​។ ការរារាំង​ខ្លះ​អាច​មាន​ដូចជា​នៅ​កន្លែង​អសុវត្ថិភាព ឬ​មាន​ការរំលោភបំពាន​ដីធ្លី​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​។ តែ​រឿងនេះ​មិន​ទូទៅ​ទេ​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែងថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស គឺជា​ការចងក្រង​ព្រឹត្តិការណ៍ តែ​មិន​បាន​ធ្វើការ​វិភាគ​ស៊ីជម្រៅ​ និង​មិនបាន​ជួបពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទេ​។ អ្នក​ចងក្រង​ឯកសារ​បាន​ពិភាក្សា​ជាមួយ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​អះអាង​ថា ជួប​បញ្ហា​។

លោក​ថ្លែងថា​៖ «​គេ​មិនបាន​សិក្សា​ស្រាវជ្រាវ​ថា​តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​មាន​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នោះ តើ​អង្គការ​សង្គមស៊ីវិល​ទាំងអស់​នោះ​ធ្វើតាម​ភារកិច្ច​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរឬទេ​? ឬមួយ​ជា​ការបំពាន​លើ​បែបបទ​រដ្ឋបាល​។ ពេលខ្លះ​ក៏​ជា​ការបំពាន​ទៅលើ​ច្បាប់​ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ពិសេស​ច្បាប់​ស្ដីពី​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​»​។ ការសន្និដ្ឋាន​ដែល​មិន​បាន​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​នេះ លោក​ថា វា​មិន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​ទេ​ហើយ​វា​មានការ​លម្អៀង​។

លោក ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជាគោលការណ៍​ទាំង​រាជរដ្ឋាភិបាល​ក្តី និង​ក្រសួង​មហាផ្ទៃ​ក្តី តែង​មាន​ការលើក​ទឹកចិត្ត​ដល់​គ្រប់​អង្គការ ដែល​ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា​ឱ្យ​ចូលរួម​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងអស់​គ្នា និង​បង្កើត​ភាពជា​ដៃគូ​ល្អ​ជាមួយ​គ្នា ព្រម​ទាំង​ធ្វើការ​ជាមួយ​គ្នា​ដោយ​ស្មោះត្រង់​ទៅវិញទៅមក​។

កន្លងមក​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​យន្តការ​មួយចំនួន ដើម្បី​ពិភាក្សា ដោះស្រាយ​ក្តីកង្វល់​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​តាមរយៈ​វេទិកាភាព​ជា​ដៃគូ​ធ្វើឡើង​រាល់​ ៦ ​ខែ​ម្តង​។ រដ្ឋាភិបាល​ថែមទាំង​បាន​ជួប​ជជែក​គ្នា​អំពី​សំណើ និង​សំណូមពរ​ក្នុង​ការធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់ LANGO ទៀតផង​។ ទាំងនេះ​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​ចេតនា​ល្អ​របស់​រដ្ឋាភិបាល​មក​លើ​អង្គការ​សង្គម​ស៊ីវិល​។ រដ្ឋាភិបាល​ពុំដែល​គិត​យក​ភាគី​ណាមួយ​ជា​សត្រូវ​នោះទេ​។ នេះ​បើ​តាម​លោក សុផានិត​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការលើក​ឡើង​របស់​លោកស្រី ស្ម៊ីត ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​នគរបាល​អាច​ថា ប្រសិនបើ​មាន​ករណី​លើសលស់​ចំពោះ NGO ស្រប​ច្បាប់​ណាមួយ​ដោយ​អន្លើ ឬ​អចេតនា​គឺ​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​នោះទេ​។ យើង​តែង​ខិតខំ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​អនុវត្ត​តួនាទី ភារកិច្ច​ស្របតាម​ច្បាប់​ជា​ធរមាន​។

លោក​បន្តថា​៖ «​ចំពោះ​វត្តមាន​របស់​នគរបាល គឺ​គ្រាន់តែ​ជា ការបំពេញភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការធានា​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​មូលដ្ឋាន​របស់ខ្លួន​ប៉ុណ្ណោះ គឺ​មិនមែន​ដើម្បី​បំភិតបំភ័យ​ទៅ​ភាគី​ណាមួយ​ឡើយ ហើយ​ក៏​ពុំមាន​អ្វី​ត្រូវ​ភ័យព្រួយ​នោះដែរ ប្រសិន​បើ NGO ឬ CSO ទាំងនោះ​មិន​ធ្វើ​អ្វី​ខុសច្បាប់​»​។

ទោះយ៉ាងណា​លោក​ ស៊ឹង សែនករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា ធ្លាប់​មាន​ការរឹតត្បិត​សេរីភាព​នៃ​ការជួបប្រជុំ​ការអប់រំ​លើ​ផ្នែក​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ដោយ​សមត្ថកិច្ច​ឃ្លាំមើល និង​តាមដាន ការថត​បញ្ជី​ឈ្មោះ ថតរូប និង​សាកសួរ​លើ​អ្នកចូលរួម​នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ-សង្កាត់ ​ឆ្នាំ​ ២០១៧​។

លោក​ថា ការរឹតត្បិត​ភាគច្រើន​ធ្វើ​ឡើងលើ​អង្គការ​ធ្វើការ​រឿង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​មួយរយៈកាល​ចុងក្រោយ​នេះ​លោក​ថា សកម្មភាព​រឹតត្បិត​បាន​ថយចុះ ស្រប​ពេល​ដែលមាន​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ​។ ទោះ​យ៉ាងណា​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​មិនទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ក្រសួង​មហាផ្ទៃ​ទេ​ដោយ​អាជ្ញាធរ​ខ្លះ នៅ​សួររក​ការអនុញ្ញាត​សម្រាប់​ការរៀបចំ​កម្មវិធី​របស់​សង្គម​ស៊ីវិល​៕

វីដេអូ៖