ភ្នំពេញៈ រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ ១៩​ និង​ធ្វើ​ចត្តាឡីស័ក​បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ដែល​បាន​ធ្វើ​តេស្តិ៍​វិជ្ជមាន​ជំងឺ​កូវីដ ១៩ នៅក្នុង​ប្រទេស​ថៃ ក្រោយពេល​ចាកចេញ​ពី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​ ៣ ខែវិច្ឆិកា​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី​លោក ភីធើ ស៊ីចាតូ កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ ១ ​ថ្ងៃ​ ដោយ​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ដោយ​ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ម្សិលមិញ​ថា សមាជិក​គណៈប្រតិភូ​ហុងគ្រី​ទាំងអស់​បាន​ធ្វើ​តេស្ត និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់ថា គ្មាន​ជំងឺ​កូវីដ​ ១៩​ មុនពេល​ចេញដំណើរ​មក​កម្ពុជា​។ ប៉ុន្តែ​បន្ទាប់ពី​បាន​ចាកចេញ​ពី​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស និង​ប្រតិភូ​ប្រទេស​ហុងគ្រី​បាន​អញ្ជើញ​ដល់​ទីក្រុង​បាងកក​ហើយ​ក៏​មាន​ការបញ្ជាក់ថា មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ ​១៩​។

យ៉ាងណាក្តី​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅក្នុង​ទស្សនកិច្ច ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​»​។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ជួប​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​លោក​បានធ្វើ​តេស្ត​​រក​ជំងឺ​កូវីដ​ ១៩ រួចរាល់​ដោយ​រង់ចាំ​លទ្ធផល​នៅ​ថ្ងៃ​បន្ទាប់​។

រដ្ឋមន្ត្រី​ និង​មន្ត្រី​ការបរទេស​កម្ពុជា​ និង​សមភាគី​ហុងគ្រី​ក្នុងជំនួប​។ រូបថត ក្រសួង​ការបរទេស

បន្ថែម​ពីនេះ​លោក​ក៏បាន​ធ្វើ​​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ផ្អាក​ការងារ​មួយរយៈ​ដើម្បី​ធ្វើ​ចត្តាឡីស័ក យើង​ធ្វើតាម​ការណែនាំ​របស់​ក្រសួង ដើម្បី​ឱ្យ​ប្រាកដ​ថា មាន​សុវត្ថិភាព​។ ខ្ញុំ និង​ក្រុមការងារ​របស់​ខ្ញុំ​បាន​មក​ធ្វើ​តេស្ត​ទាំងអស់ និង​រង់ចាំ​ (​លទ្ធផល​) ​ទាំងអស់​គ្នា​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏​បាន​ថ្លែងប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ផងដែរ​ថា​៖ «​ខ្ញុំ​កំពុង​បំពេញ​ភារកិច្ច​នៅ​ខេត្ត​ឯណោះ​។ ក្រោយពេល​ទទួល​បាន​ដំណឹង​នេះ ខ្ញុំ​កំពុង​ប្រញាប់​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ត្រៀម​ធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​បន្ថែម​ទៀត​។ មន្ត្រី​របស់ខ្ញុំ​មួយចំនួន​ក៏​ត្រៀម​ទៅធ្វើ​តេស្ត​ដែរ​»​។

ចំណែក​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែរ​នោះ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​កាលពី​ម្សិលមិញ​ថា លោកស្រី​ពិតជា​មាន​ការបារម្ភ​អំពី​សុវត្ថិភាព​អ្នក​នៅ​ជុំវិញខ្លួន​។ លោកស្រី​បាន​សម្រេច​ធ្វើ​ចត្តាឡីស័ក និង​ឱ្យ​បុគ្គលិក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​មួយចំនួន​ស្នើសុំ​វិធានការ​ចាំបាច់ ដើម្បី​ធានា​សុវត្ថិភាព​គ្រួសារ​របស់​ពួកគេ​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​វា​ពិតជា​ដំណឹង​អកុសល ហើយ​ខ្ញុំ​សូម​ជូនពរ​ឱ្យ​លោក​រដ្ឋមន្ត្រី ភីធើ ស៊ីចាតូ និង​ក្រុមគ្រួសារ​របស់​គាត់​ឆាប់​ជាសះស្បើយ​។ ខ្ញុំ​ពិតជា​បារម្ភ​ពី​កូនៗ​របស់​ខ្ញុំ ហើយ​ខ្ញុំ​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​។ ក្នុងពេល​នេះ ក្រុមគ្រួសារ​របស់ខ្ញុំ​ទាំងអស់​នឹង​ស្នាក់នៅ​ដាច់​ដោយឡែក​ពីគ្នា​ដោយ​ចាប់ផ្តើម​ពី​ពេល​ថ្ងៃ​ត្រង់​នេះ​ (៤ ​វិច្ឆិកា​) រហូតដល់​យើង​លែង​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​បញ្ជាក់​នៅក្នុង​ហ្វេសប៊ុក​ផងដែរ​ថា​៖ «​ដោយឡែក​នៅ​ផ្ទះ​ខ្ញុំ​មាន​រូបខ្ញុំ និង​ភរិយា ក្រុម​អង្គរក្ស​អ្នកបើកបរ​សរុប​ ១៨ ​នាក់​ លទ្ធផល​នៃ​ការធ្វើ​តេស្ដ​បញ្ជាក់​ថា​អវិជ្ជមាន​ទាំងអស់​មិនមាន​អ្នកណា​ឆ្លង​ជំងឺ​កូវីដ​១៩​នោះទេ​»​។

លោក​បន្តថា​៖ «​ទោះបី​ខ្ញុំ​មិន​មាន​ឆ្លង​កូវីដ​ ១៩​ ក្ដី តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា គ្រូពេទ្យ​តម្រូវ​ឲ្យ​ខ្ញុំ​រស់នៅ​ដាច់​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ សូម្បីតែ​ភរិយា កូន និង​ចៅ​ក៏​មិន​អាច​ជួប​បានដែរ​»​។

សូមបញ្ជាក់ថា ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​ខាងលើ​នេះ​លោក ភីធើ ស៊ីចាតូ ក៏បាន​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សួស យ៉ារ៉ា សមាជិកសភា​កម្ពុជា​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដោយ​មាន​ទាំង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​ ២ ផងដែរ​៕

វីដេអូ៖