មណ្ឌលគិរីៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន​ប្រើពេល​ប្រមាណ​ជិត​ ៤ ​ម៉ោង​ កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ការសួរនាំ​លោក​ ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​អនុញ្ញាត​ផ្ដល់​ដី​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៩ ៧៤១ ហិកតា ​នៅ​ខេត្ដ​មណ្ឌលគិរី​។

លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​ការសួរនាំ​លោក​ ឡោ រស្មី ព្រះរាជអាជ្ញា​បានចាប់ផ្ដើម​សួរនាំ​តាំងពី​ពេលព្រឹក រហូត​ដល់​ពេល​រសៀល​ម៉ោង​ ២​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​សាកសួរ​គាត់​ប្រហែល​ជិត ៤​ ម៉ោង ​ពី​ព្រឹក​រហូត​ដល់​ម៉ោង​ ២ (​រសៀល​)​។ ក្រោយ​សាកសួរ យើង​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។ សំណុំ​រឿងនេះ​យើង​នឹង​មាន​បន្ត​ការស៊ើបអង្កេត​ទៀត​ក្នុង​នោះ​ក៏មាន​ការស៊ើបអង្កេត​ចំពោះ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​»​។

លោក ឡោ រស្មី ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ដ​មណ្ឌលគិរី​កោះហៅ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​មន្ត្រីជាន់ខ្ពស់​រូប​នេះ​បាន​ផ្ដល់​ការអនុញ្ញាត (​ដីធ្លី​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​) ជំហាន​ទី​ ១ ចំនួន​ ១ ០០០ ហិកតា​ ក្នុង​អនុតំបន់ ​I អនុតំបន់ ​II ចំនួន​ ២ ០០០ ​ហិកតា អនុតំបន់ ​III ចំនួន​ ២ ០០០ ​ហិកតា អនុតំបន់​ IV ចំនួន​ ២ ០០០ ​ហិកតា និង​អនុតំបន់ ​V ចំនួន ២ ៧៤១ ហិកតា​ ឲ្យ​ទៅ​ក្រុមហ៊ុន ផេស៊ីហ្វិក ហ្គ្រេនយ៉ញស្កុក ខមភេនី លីមីធីត នៅក្នុង​ខេត្ត​មណ្ឌលគិរី​។

ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិនទាន់​អាចទាក់ទង​លោក​ ឡោ រស្មី និង​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សុំ​ការបកស្រាយ​ចំពោះ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​ដោយ​ហៅ​ទូរស័ព្ទ​ចូល​ ប៉ុន្តែ​លោក​ទាំង​ ២ មិន​ទទួល​ឆ្លើយ​។ ចំណែក​លោក​​ សុង ឃាង ប្រធាន​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​មណ្ឌលគិរី​បាន​ទទួល​ទូរស័ព្ទ ប៉ុន្ដែ​នៅពេល​ភ្នំពេញ​ប៉ុស្តិ៍ សាកសួរ​លើ​បញ្ហា​នេះ​លោក​ក៏​ឈប់​និយាយ​វិញ​។ ​

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក​មិន​បានដឹង​រឿង​ការកោះ​ហៅ​មន្ត្រី​ក្រសួង​កសិកម្ម​មក​សួរនាំ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នោះ​ទេ ដោយ​បង្វែរ​ឱ្យទៅ​សួរ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ភ្នំពេញ​ប៉ុស្តិ៍ សួរ​មិន​ព្រមឆ្លើយ ។

លោក​ ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​បាន​លើកឡើង​ថា គ្រប់​លិខិត​ដែល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សុទ្ធតែ​មាន​ការចុះហត្ថលេខា​ក្នុងការ​អនុញ្ញាត​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន​។ ចំណែក​លោក ឡោ រស្មី អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ខុសច្បាប់​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រហែល​ជា​តុលាការ គាត់​រកឃើញ​ថា​លោក ឡោ រស្មី អាច​នឹង​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផ្ដល់​ដីសម្បទាន​ខុសច្បាប់ និង​ការរួម​ចំណែក​ឲ្យ​មានការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ​» ៕