The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ពីរ​រូប​ទៀត​បាន​ទទួល​គោរមងារ​ជា​សម្តេច

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ពីរ​រូប​ទៀត​បាន​ទទួល​គោរមងារ​ជា​សម្តេច

Content image - Phnom Penh Post
ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ពីរ​រូប​ទៀត​បាន​ទទួល​គោរមងារ​ជា​សម្តេច

ភ្នំពេញៈ ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ប្រោស​ព្រះ​រាជទាន គោរមងារ​ជា «សម្តេច»។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១៤ មិថុនា ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​គោរមងារ​ដល់​លោក ស ខេងជា សម្តេច​ក្រឡាហោម ស ខេង និង​លោក សាយឈុំ ជា​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ។

បើ​យោង​តាម​ព្រះរាជក្រឹត្យ​នេះ​គោរមងារ​ដែល​ផ្តល់​ជូន​ដល់​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ពីរ​រូប​នេះ គឺ​ដោយសារ​តែ​ពួក​គាត់​ទាំង​ពីរ​រូប​គឺជា​អ្នក​ដឹកនាំ​ដ៏ឆ្នើម ជា​ទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ​បាន​ជួយ​ដឹកនាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ ធ្វើឲ្យ​ប្រទេស​​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ​។ល។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ខាង​មុខ​នោះ​បាន​សម្តែង​ការ​អបអរសាទរ​ដល់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ​។

លោក​​ថ្លែង​បន្ត​ថា៖ «ព្រះរាជ​គោរមងារ សម្តេចក្រឡាហោម សម្តេច​វិបុល​សេនាភក្តី ដែល​ព្រះ​ករុណា...ទ្រង់ សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទាន ជូន​សម្តេច​នា​ឱកាស​នេះ​ពិតជា​ស័ក្តិសម​នឹង​គុណ​បំណាច់​ដ៏ឧត្តុង្គឧត្តម​របស់​សម្តេច ដែល​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​បំណង​ធ្វើឲ្យ​មាន​សុខ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត​ជានិច្ច​និរន្តរ៍​តរៀង​ទៅ»។

លោក សាយ ឈុំ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា គឺជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​ហើយ​លោក ស ខេង ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ហើយ​ក៏​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ដែល​ទើប​តែ​ទទួល​មរណភាព​កាលពី​ថ្មីៗ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍