ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ ២ ​រូប កាលពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនមាន​សញ្ញា​ថមថយ ឬ​ដើរ​ថយក្រោយ​ដូច​ការ​រិះគន់​ពី​ក្រុម​បរទេស​មួយចំនួន និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះជាតិ​ថា កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ខុស​គន្លង​ប្រជាធិបតេយ្យ​។

​ការ​ថ្លែង​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ស្ដីពី «​កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យ​» ដើម្បី​ពង្រឹង​ការយល់ដឹង​ដល់​សាធារណជន​ស្ដីពី​ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​របស់​រាជរដ្ឋាភិបាល​សំដៅ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ជា​មូលដ្ឋាន​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​។

លោក ងី ច័ន្ទផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ប្រជាធិបតេយ្យ​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា​គឺ​មិនមែន​ជា​របស់​ដែល​ចម្លង ឬ​ទិញ​ពី​បរទេស​ណាមួយ​ដើម្បី​យក​មក​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ប៉ុន្តែ​វា​ជាការ​បង្កើតឡើង​ដោយ​កម្ពុជា​ខ្លួនឯង​ដែល​ស្របតាម​បរិបទ ឬ​ស្ថានភាព​ជាក់ស្ដែង ហើយ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​តាម​បង្គាប់​នរណាម្នាក់​ ឬ​ប្រទេស​ណាមួយ​នោះដែរ​។

លោក ច័ន្ទផល ថ្លែងថា​៖ «​យើង​បានធ្វើ​ដំណើរ​បាន​ជាង ៣០ ​ឆ្នាំ​មកនេះ គឺជា​ការរីក​ចម្រើន​បំផុត​ហើយ ដែល​វា​សម​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ គឺមាន​ច្បាប់​មាន​នីតិរដ្ឋ និង​យុត្តិធម៌​សង្គម​។ អ្នកខ្លះ​យក​រឿង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង ព្រោះ​គាត់ (​ក្រុមប្រឆាំង​) ចង់​វាយប្រហារ​ខ្មែរ​យើង ដោយសារ​កម្ពុជា​បាន​ដើរ​ខុស​ទិសដៅ​របស់​ពួកគាត់ មិន​ឱនក្បាល​ឲ្យ​គាត់​។ អ៊ីចឹង គាត់​អត់​មាន​អ្វី​ក្រៅ​ពី​រក​ពាក្យពេចន៍​វាយប្រហារ​មកលើ​កម្ពុជា​ទេ​»​។

លោក​ក៏​បាន​អះអាង​ផងដែរ​ថា បញ្ហា​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​កំពុង​និយាយ​នៅ​កម្ពុជា​នាពេល​នេះ​គឺ​ចង់​ឲ្យ​មាន​ភាពកក់ក្ដៅ ចង់​ឲ្យ​មាន​ភាពជឿ​ទុកចិត្ត​។ បើ​គណបក្សនយោបាយ​ណា​ចាញ់​ឆ្នោត​នាពេល​នោះ​គឺ​ពួកគាត់​ត្រូវតែ​អស់ចិត្ត ហើយ​សន្សំ​លុយ ដើម្បី​ចូលរួម​ប្រកួត​ម្ដងទៀត​នៅ​លើក​ក្រោយ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ការជ្រើសរើស​យក​លទ្ធិប្រជាធិបតេយ្យ​មាន​ច្រើន​សណ្ឋាន​ដូច​កាលពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ​ ១៩៧៥ ត្រូវបាន​គេ​ជ្រើស​យក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ចុង​កាំភ្លើង និង​ការធ្វើ​សង្គ្រាម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ការជ្រើសរើស​យក​លទ្ធិប្រជាធិបតេយ្យ​គឺជា​ជម្រើស​របស់​ពលរដ្ឋ​ទាំងអស់​ (​តាមរយៈ​ការបោះឆ្នោត​) ដោយ​គ្មាន​អ្នក​ណា​មក​បង្គាប់​ឲ្យ​ប្រកាន់​យក​តាមចិត្ត​អ្នកដទៃ​ទេ គឺ​តាមរយៈ​ឯកភាព​ជាតិ​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ។

លោក ស៊ីផាន ថ្លែងថា​៖ «​យើង​បានបង្ហាញ​ភ័ស្ដុតាង​ជាក់ស្ដែង​ឲ្យ​បុគ្គល​ទាំងនោះ​បានឃើញ​ពី​ទំហំ​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ខ្លាំង​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ព្រម​ទាំង​បាន​និង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទីកន្លែង និង​បង្ហាញ​ពី​ការចូលរួម​សកម្មភាព​ការពារ​សន្ដិសុខ​ពិភពលោក​តាមរយៈ​ការបញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ជាដើម​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយចោល​បាន​ថ្លែង​អះអាង​ថា បើទោះបី​ជា​រដ្ឋាភិបាល​មិន​ជឿ​លើ​អន្តរជាតិ​លើកឡើង​ពី​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា រដ្ឋាភិបាល​គួរតែ​ជឿ​សម្ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​ត្អូញត្អែរ​តាម​បណ្ដាញ​សារព័ត៌មាន​នានា​។

ដោយ​ពួកគាត់​យល់ថា មាន​ការត្បិតត្បៀត​ច្រើន ទាំង​ការបញ្ចេញមតិ និង​សកម្មភាព​ចូលរួម​សង្គម​នានា​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការភ័យខ្លាច​ដែល​បញ្ហា​ទាំងនេះ​វា​បាន​បង្ហាញ​ថា លទ្ធិប្រជាធិបតេយ្យ​ពិតជា​បាន​ដើរ​ថយក្រោយ ហើយ​ប្រជាធិបតេយ្យ​មិនមែន​ស្ថិត​នៅ​លើ​ការបោះឆ្នោត​មួយ​មុខ​ទេ វា​មាន​ច្រើន​ទម្រង់​។

លោក ច័ន្ទរ័ត្ន ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​យល់ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ​ដែរ ហើយ​បើ​ចង់​កែ​ឡើងវិញ​ឲ្យ​ចៀស​ផុតពី​គំនាប​បរទេស ត្រូវ​បើកឱកាស​ឲ្យ​បក្ស​សង្គ្រោះជាតិ​បាន​ចូលរួម​បោះឆ្នោត​ដោយ​យុត្តិធម៌​ឡើងវិញ​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហានយោបាយ​បាន​ថ្លែង​ថា ស្ថានភាព​ដែល​កំពុង​អនុវត្ត​​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន វា​មិន​ស្រប​ជាមួយ​នឹង​ការអះអាង​របស់​មន្ត្រី​ទាំង​នោះឡើយ​។ ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ ដោយសារ​មានការ​បំពាន​លើ​រដ្ឋធម្មនុញ្ញ គ្មាន​ដំណើរការ​តាម​តួនាទី គ្មាន​ការគោរព​សិទ្ធិមនុស្ស គ្មាន​ការគោរព​សិទ្ធិ​អ្នក​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឥឡូវ​នេះ​វា​សឹងតែ​អត់​មាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​នឹង​និយាយ​ផង​។ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​កំពុង​នៅលើ​គ្រែ​ដេក​រង់ចាំ​ថ្ងៃ​ស្លាប់​»៕