ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ៤ ​រូប​គឺ​លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ លោក ញ៉េប ប៊ុនជិន និង​លោក​ យឹម សាវី បាន​បដិសេធ​ទទួល​យក​តួនាទី​ថ្មី​ជា​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ និង​ជា​អនុប្រធាន​គណបក្ស បន្ទាប់ពី​ប្រធាន​គណបក្ស​នេះ​បាន​ផ្លាស់ប្ដូរ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ដោយ​បាន​សំអាង​ថា​ពុំ​អាច​បំពេញ​តួនាទី​ថ្មី​បាន​។

តាម​លិខិត​ចុះហត្ថលេខា​ដោយ​មន្ដ្រី​ទាំង​ ៤ ​រូប​ដែល​ធ្លាប់​បម្រើការ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យូរ​ឆ្នាំ​នៅ​ថ្ងៃទី ១៨ ខែ​សីហា​​ឆ្នាំ​នេះ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បញ្ជាក់​ថា​ «​ទូលព្រះបង្គំ យើង​ខ្ញុំ​ពុំ​អាច​បំពេញ​តួនាទី​ខាង​លើ​នេះ​បាន​ដោយ​ប្រសិទ្ធភាព​ទូលព្រះបង្គំ យើង​ខ្ញុំ សូម​ព្រះអនុញ្ញាត​លាលែង​ពី​មុខ​តំណែង​ខាង​លើ​នេះ​ដោយ​សុំ​រក្សា​ទុក​ស្ថានភាព​ជា​សមាជិក​ស្រប​តាម​លក្ខន្ដិកៈ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប៉ុណ្ណោះ​»​។

កាលពី​ថ្ងៃទី​ ៨ សីហា​ឆ្នាំ​នេះ​លោក យូ ហុកគ្រី ,​លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក ញ៉េប ប៊ុនជិន ដែល​សុទ្ធតែ​ជា​អនុប្រធាន​គណបក្ស​ត្រូវ​បាន​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​សម្រេច​ផ្លាស់ប្ដូរ​មក​ឱ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធចារ្យ​គណបក្ស​ ខណៈ​លោក​​ យឹម សាវី ឱ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​។

លោក ញ៉េប ប៊ុនជិន កាលពី​ម្សិលមិញ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ករណី​នេះ​ទេ តែ​លោក​សម្ដែង​អារម្មណ៍​ថា ហត់នឿយ​ដោយ​លោក​សុំ​ពេល​សម្រាក​មួយ​រយៈ​សិន​មុន​នឹង​ឆ្លើយតប​។

លោក​ថា​៖ «​សម្រាក​មួយ​សន្ទុះ​សិន​អូន បង​ហត់​តិច​ហើយ សម្រាក​មួយ​សន្ទុះ​...​ចាំ​ជួប​គ្នា​ទៀត​»​។

លោក ណុប សុធារិទ្ធ អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ញ៉េប ប៊ុនជិន ​បាន​​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា លោក​គ្រាន់តែ​បាន​ឃើញ​លិខិត​បដិសេធ​នោះ​លើ​បណ្ដាញ​សារព័ត៌មាន​អនឡាញ​មួយ​ចំនួន​ប៉ុណ្ណោះ តែ​មិន​ទាន់​បាន​ពិនិត្យ​ផ្នែក​រដ្ឋបាល​គណបក្ស​នោះ​ទេ​។

លោក​បន្ដ​ថា​៖ «​ចាំ​ខ្ញុំ​ពិនិត្យ​នៅ​ផ្នែក​រដ្ឋបាល​ខ្ញុំ​សិន កាលណា​ខ្ញុំ​ឃើញ​លិខិត​ហ្នឹង​ខ្ញុំ​នឹង​យក​ទៅ​ថ្វាយ​សម្ដេច​ក្រុមព្រះ ហើយ​លោក​ជូន​ដំណឹង​យើង​ម៉េច ខ្ញុំ​នឹង​ជូន​ដំណឹង​ទៅ​តាម​ក្រោយ​»​។

ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​តួនាទី​របស់​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាច្រើន​រូប​​នេះ​លោក ណុប សុធារិទ្ធ បាន​បញ្ជាក់​ថា​នេះ​គឺជា​ការសម្រេច​ព្រះទ័យ​ផ្ទាល់​របស់​សម្ដេច​ក្រុមព្រះ​។

លោក​ថា​៖ «​នេះ​ជា​ការ​សម្រេច​​ព្រះទ័យ​របស់​សម្ដេច​ក្រុមព្រះ​ជា​ព្រះប្រធាន​គណបក្ស ហើយ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដែល​ព្រះរាជ​សុខភាព​មាំមួន​អាច​បំពេញ​កិច្ចការ​អ្វី​បាន​ទាំងអស់​ដែល​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

គួរ​បញ្ជាក់​ថា មន្ដ្រី​ទាំង ៤ រូប​ខាង​លើ​នេះ​ត្រូវ​បាន​អតីត​អគ្គលេខាធិការរង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក សួង ផល្លី ប្ដឹង​​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ដោយ​ទារ​ជំងឺ​ចិត្ដ​ចំនួន ១០០០ ​លាន​រៀល​ដោយ​បាន​ចោទ​ថា «​បាន​ផ្តួចផ្តើម និង​សមគំនិត​ធ្វើ​លិខិត​រដ្ឋបាល​ទុច្ចរិត មិន​ស្រប​តាម​លក្ខន្ដិកៈ និង​បញ្ចប់​សមាជិកភាព​លោក​ពី​បក្ស​»​។

លោក ផល្លី បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​នេះ​ព្រោះ​ពួកគាត់​ចាត់​តាំង​ការងារ​មិន​ត្រូវ​ស្ដង់ដារ​តាម​គោលការណ៍ និង​លក្ខន្ដិកៈ​របស់​បក្ស​...»​។

លោក​ថា​៖ «​ខ្ញុំ​ប្ដឹង​គណៈកម្មាធិការ​ទាំងនោះ​ដែល​បាន​ចាត់ចែង​ខ្ញុំ អ៊ីចឹង​អ្នក​ប្រឹងប្រែង​ធ្វើការ​មិន​បាន​អី​បែរ​ជា​អ្នក​មិន​ធ្វើការ​មក​ចាំ​ត្រង​យក​។ អ៊ីចឹង​ខ្ញុំ​ប្ដឹង​ទារ​ជំងឺ​ចិត្ដ ១០០០ លាន​រៀល​»៕