មន្រ្តី​ជាន់ខ្ពស់​​រាជ​រដ្ឋាភិបាល​ បាន​អំពាវនាវ​ដល់​យុវជន​​ឱ្យ​បន្ត​យកចិត្តទុក​ដាក់​ទទួល​ទាន​​ចំណី​អាហារ​​ចម្រុះ​មុខ​ដែល​មាន​អាហារូប​ត្ថម្ភ​ល្អ​ ដើម្បី​ការ​ពារ​រាងកាយ​និង​សុខភាព​ឲ្យ​បាន​​​ល្អក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​កិច្ច​ការងារ​ផ្សេង​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ ខណៈ​កម្ពុជា​មាន​យុវ​ជន​អាយុ​ក្រោម​ ៣០​ ឆ្នាំ ​ប្រមាណ​ជា​ ៦៥​ ភាគរយ​នៃ​ប្រជាជន​សរុប។

លោក​ឧបនា​យក​រដ្ឋ​មន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២០​​ ក្នុង​វេទិកា​យុវជន​ជើងឯក​អាហារូបត្ថម្ភ​ ២០២០ ថា នៅ​ប្រទេស​កម្ពុជា​ មាន​ក្រុម​មនុស្ស​វ័យ​ជំទង់​ប្រមាណជិត ​២៥ ភាគរយ​ នៃចំនួន​ប្រជាជន​សរុប ប៉ុន្តែ​អ្នក​ទាំងអស់​នោះ ​មាន​ការ​យល់​ដឹង​ និង​យក​ចិត្តទុក​ដាក់​តិច​តួច​បំផុត​ លើ​បញ្ហា​អាហារូបត្ថម្ភ​ រីឯកុមារ​វ័យ​ជំទង់​វិញ​ មាន​ប្រមាណ​ ១ ភាគ ៤​ ដែល​មាន​បញ្ហា​ស្គម​ស្គាំង​ និង​ចំនួន​ពាក់​កណ្តាល​នៃពួក​គេ​មាន​បញ្ហា​ស្លេក​ស្លាំង​ផងដែរ។

លោក​បញ្ជាក់​ថា ​និន្នាការ​ធាត់​លើស​ទម្ងន់​ ជំងឺ​ធាត់​ជ្រុលនិង​ជំងឺ​មិនឆ្លង​នានា​ ក៏​បាន​និង​កំពុង​តែកើត​ឡើង​នៅ​ក្នុង​ចំណោម​មនុស្សវ័យ​ជំទង់ និង​ស្រ្តី​ក្នុងវ័យ​បន្តពូជ។

លោក​ យឹម ឆែលី ​មាន​ប្រសាសន៍ថា៖ «ទាំងនេះ​គឺ​ជាបញ្ហា​រួម​ ដែល​យុវជន​យើង​ត្រូវ​ចូល​រួម​ធ្វើការ​ងារ​សង្គម​ផ្តល់​ការ​អប់រំ​និង​យុទ្ធនា​ការនានា ក្នុង​ការ​លើកកម្ពស់​អាហារូបត្ថម្ភដល់​ក្រុម​យុវជន​របស់​យើង​ផង ដល់​ស្រ្តី​ក្នុង​វ័យ​បន្តពូជ និង​ដល់មាតា​បិតា សម្រាប់​ការ​យល់​ដឹង​ក្នុង​ការ​ថែទាំ​កុមារ​ផង»។

មនុស្សវ័យ​ជំទង់​ត្រូវ​ការ​ពេល​វេលា ដើម្បី​លូត​លាស់​ និង​អភិវឌ្ឍន៍​រាង​កាយ​ ពួក​គេអាច​ប្រឈម​នូវ​ហានិ​ភ័យ​នានាហើយ​បញ្ហា​កង្វះ​ និង​លើស​អាហារូប​ត្ថម្ភ​ទាំងនេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏​ប៉ះពាល់​ដល់​ការ​រីកចំរើន​ខាង​សតិបញ្ហា ស្មារតី​ ការ​សិក្សា​រៀន​សូត្រ និង​ផលិត​ភាព​ការងារ​កូន​ចៅ​ជាច្រើន​ជំនាន់​​​របស់​ពួក​គេ​ទៀតផង។

លោក​ អៀន រ៉ូសែល (IeanRusell) តំណាង​បណ្តាញ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បីអាហារូបត្ថម្ភ​កម្ពុជា ក៏បាន​លើកឡើង​នៅ​​ក្នុង​វេទិកា​នេះ​ដែរ​ថា ការចូលរួម​របស់​យុវជន ​គឺជា​ចំណុច​ផ្តល់​ការយក​ចិត្ត​ទុក​ដាក់មួយ ​របស់​ទីភ្នាក់​ងារ​អង្គការ​សហប្រជា​ជាតិ​ ដើម្បី​ធ្វើការ​ជំរុញ​​ការ​អភិវឌ្ឍ​ក្នុង​ប្រទេសកម្ពុជា។

លោក​ថ្លែងថា៖ «ប្រសិន​បើ​យើងមិន​មាន​កុមារនិង​យុវជន​ដែល​មាន​អាហារូប​ត្ថម្ភល្អ ដែល​អាច​សម្រេច​បាន​នូវ​សក្កដា​នុពល​ពេញ​លេញ​របស់​ខ្លួន​ទេ​នោះ វឌ្ឍន​ភាព​នៃការ​អភិវឌ្ឍន៍​ទាំង​មូល​ ប្រាកដ​ជារង​នូវ​ផល​ប៉ះពាល់​ជាក់​ជាមិន​ខាន​»។

កញ្ញា ឈុន បូរមី អាយុ​ ២២ ​ឆ្នាំ ជាអ្នក​សម្រប​សម្រួល​ក្រុម​យុវជន​ជើង​ឯកអា​ហារូបត្ថម្ភថ្លែង​​ថា យុវ​ជន​ខ្មែរ​ហាក់​មាន​ការ​យល់​ដឹង​ច្រើន​ ពី​អត្ថ​ប្រយោជន៍​នៃអាហារូប​ត្ថម្ភ​ដែល​ពីមុន​ពួក​គាត់​ហាក់​មិនសូវ​យកចិត្តទុក​ដាក់​លើ​បញ្ហា​ទាំងនេះ​ និង​ធ្វើកា​រផ្លាស់​ប្តូរ​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ផង​ដែរ​។

ប្រទេស​កម្ពុជា​ មាន​យុវជន​អាយុ​ក្រោម​ ៣០​ ឆ្នាំ​ប្រមាណជា ​៦៥​ ភាគរយ​នៃប្រជាជន​សរុប គឺជាកម្លាំង​ស្នូល​និង​សក្កដា​នុពល​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ នាពេល​បច្ចុប្បន្ន​ក៏​ដូចជា​ថ្ងៃអនាគត។ យុវជន​បាននិង​កំពុង​ចូលរួម​យ៉ាង​សកម្ម​និង​រស់​រវើក​គ្រប់​សកម្ម​ភាពនិង​គ្រប់កំរិត​ទាំងអស់​ ក្នុង​ក្រប​ខ័ណ្ឌ​សង្គម វប្ប​ធម៌ សេដ្ឋកិច្ច និង​នយោ​បាយ៕