ភ្នំពេញៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ លោក​កែវ រតនៈ ​ថ្លែង​ថា ​ក្នុង​រយៈពេល ​៧ ខែ ​ឆ្នាំ ២០១៩ ​នេះ ​មាន ២៣៧ បណ្តឹង ​ដែល​បាន​ប្តឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​បញ្ហា​កុងទ័រ​ថាមពល​អគ្គិសនី ខណៈ​ដែល​ លោក​ឲ្យ​ដឹង​ថា​​ ប្រទេស ​កម្ពុជា ​នឹង​មាន​ការ​ប្រើប្រាស់​សូឡា ​បាន​១៥ ​ភាគរយ ​នៅ​ឆ្នាំ​ក្រោយ​នេះ​ដែល​មាន​តម្លៃ​សូឡា​ថោក​ជាង​គេ​បង្អស់​នៅ​ក្នុង​អាស៊ាន។

ការ​ថ្លែង​របស់​លោក ​កែវ រតនៈ ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី ៨​ ខែ សីហា ​ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ​«ចម្ងល់​ពាក់ព័ន្ធ​នឹង​កុងទ័រ​ភ្លើង» ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក ​កែវ រតនៈ ​ដែល​ជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ថ្លែង​ថា ​ចាប់​ពី​ខែ ​មករា​ ដល់​ខែ ​កក្កដា ​ឆ្នាំ ២០១៩​ មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​កម្ពុជា​បាន​ប្តឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ចំនួន​សរុប ​២៣៧ ​បណ្តឹង ​ហើយ​បណ្តឹង​ទាំង​នោះ​មាន​លក្ខណៈ​ជេរ​ប្រមាថ​ ឬ​ក៏​រិះគន់​ទៅ​លើ​បញ្ហា​កុងទ័រ​ភ្លើង​លឿន។

លោក​បញ្ជាក់​ថា​៖ «បទ​ពិសោធ​យើង​ក្នុង​ដើម​ឆ្នាំ ២០១៩ ​ដូច​ជា​ព្យុះ​សង្ឃរា ​ដោយសារ​មាន​ការ​តវ៉ា ​រឿង​មាន​ការ​ជេរ​ប្រមាថ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​ពេល​ខ្លះ​បងប្អូន​យើង​ប្រើ​ពាក្យ​អសុរោះ ​ដូចជា​ពាក្យ​បឺត​ឈាម ​ជញ្ជក់​ឈាម​រាស្ត្រ​ ។ល។ ​រាជរដ្ឋាភិបាល​គ្មាន​ចេតនា​ណា​មួយ​ធ្វើ​បែប​ហ្នឹង​ទេ​​ ហើយ​បុគ្គល​ដែល​ធ្វើ​បែប​នេះ ​គឺ​មាន​ទោស​ចំពោះ​មុខ​ច្បាប់​ដូច្នេះ​វា​គ្មាន​ប្រយោជន៍​អី​ទៅ​កេង​ប្រជាពលរដ្ឋ​ទេ»។

លោក​បាន​បន្ត​ថា​ ក្នុង​ចំណោម ​២៣៧ ​បណ្តឹង ​គឺ​មាន​តែ ​៥០ បណ្តឹង​ប៉ុណ្ណោះ ​ដែល​ការ​ប្រើប្រាស់​របស់​គាត់​មាន​ការ​កើន​ឡើង ​ខណៈ​ដែល​មាន ១៨៧ ​បណ្តឹង​មាន​ការ​ថយចុះ​។ លោក​អះអាង​ថា​ ឧបករណ៍ ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាស់ៗ ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្លើង​ប្រើប្រាស់​កើន​ឡើង។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​កាសែត​ កាល​ពី​ម្សិលមិញ​។ រូបថត Hean Rangsey

លោក​ថ្លែង​ថា​៖ «យើង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ថា​ នៅ​ពេល​ដែល​ពួក​គាត់​មាន​ចម្ងល់​ផ្នែក​ប្រើប្រាស់​កុងទ័រ​ភ្លើង​ឬ ក៏​បញ្ហា​ផ្សេងៗ​ទៀត ​ឬ​ការ​តវ៉ា​អ្វី​ក៏​ដោយ​ សូម​ឲ្យ​គាត់​ទូរស័ព្ទ​មក​លេខ​ទំនាក់ទំនង​បន្ទាន់ ​ឬ​ហ្វេសប៊ុក​ដែល​មាន​ដាក់​ឈ្មោះ​ថា​ អគ្គិសនី​កម្ពុជា។ ​ប៉ុន្តែ​បងប្អូន​មួយ​ចំនួន​ធំ ​គឺ​គាត់​បាន​បង្ហោះ​លក្ខណៈ ​ជេរ​ប្រមាថ ​តែ​យើង​នៅ​តែ​បញ្ជូន​ភ្នាក់ងារ​អគ្គិសនី​ទៅ​ដោះ​ស្រាយ។ ម៉ាស៊ីន​ទូ​ទឹកកក​ ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ ដែល​ប្រើប្រាស់​យូរ​ទៅ ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ដូរ​ចេញ ​និង​ទិញ​ឧបករណ៍​ថ្មី ​ដោយសារ​តែ​កាល​ណា​ឧបករណ៍​នេះ​កាន់​តែ​ចាស់​ប្រសិទ្ធភាព​របស់​វា​កាន់​តែ​ធ្លាក់ចុះ​ហើយ​កាល​ណា​ប្រសិទ្ធភាព​ធ្លាក់ចុះ​វា​ស្រូប​ភ្លើង​កាន់​តែ​ខ្លាំង»។

លោក ​កែវ រតនៈ ​លើក​ទៀត​ថា ​អាជ្ញាធរ​អគ្គិសនី ​ធានា​ពី​កុងទ័រ​ភ្លើង​ទាំង​អស់​នៅ​កម្ពុជា គឺ​មិន​មាន​ការ​កែច្នៃ ហើយ​ថា​បើ​មាន​ជន​ខិលខូច​ណា​មួយ​ហ៊ាន​តែ​ច្នៃ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​លឿន ​នឹង​មាន​ទោសទណ្ឌ​ទៅ​តាម​ផ្លូវច្បាប់​។ លោក​បញ្ជាក់ថា ​បើ​សិន​កុងទ័រ​ភ្លើង​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ អាជ្ញាធរ​អគ្គិសនី​នឹង​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​បាន​លើក​ឡើងថា​ ខណៈពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​អភិវឌ្ឍ​វារី​អគ្គិសនី​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​បែរ​ជា​ក្រុម​ប្រឆាំង​មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​មិន​ឱ្យ​មាន​ការ​អភិវឌ្ឍ​វារី​អគ្គិសនី​ទៀត។

លោក​មាន​ប្រសាសន៍​ថា​៖ «យើង​អភិវឌ្ឍ​អគ្គិសនី​នៅ​ក្នុង​ព្រៃ​ ដោះមីន​ផង ​អភិវឌ្ឍ​ផង ​ការពារ​ផង។ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​ហើយ ​នៅ​ពេល​ដែល​យើង​ខំ​ប៉ុណ្ណឹង នៅ​មាន​អ្នក​ប្រឆាំង​ផ្កាប់​មុខ​មួយ​ចំនួន​ធ្វើ​បាតុកម្ម​ប្រឆាំង​មិន​ឲ្យ​មាន​ការ​អភិវឌ្ឍ​វារី​អគ្គិសនី។ នៅ​វៀតណាម​គេ​អភិវឌ្ឍ​វារី​អគ្គិសនី​បាន​យ៉ាង​ច្រើន​ ហើយ​នៅ​យើង​បាន ​១ ឬ ​២ ជេរ​ផង ​ប្រមាថ​ផង»។

ជាមួយ​គ្នា​នេះ ​លោក ​កែវ រតនៈ ​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា ​នឹង​មាន​ការ​ប្រើប្រាស់​សូឡា​បាន ១៥ ​ភាគរយ ​នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​តម្លៃ​សូឡា​ថោក​ជាង​គេ​បង្អស់ ​នៅ​ក្នុង​អាស៊ាន​ផង​ដែរ។ លោក​បន្ថែម​ថា ​ជាក់​ស្តែង ​តម្លៃ​សូឡា​ នៅ​ឡាវ គឺ​ជាង ​៨ សេន ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​វៀតណាម ​៩,៣៥ សេន​ នៅ​ថៃ​ជាង ​១០ សេន ​ខណៈ​នៅ​កម្ពុជា ​មានតម្លៃ​តែ ​៧,៦ សេន​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​តែ​ប៉ុណ្ណោះ។

លោក ​យឹម វិសិដ្ឋ​ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ ២០១៨ ​មាន​អ្នក​កែច្នៃ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​លឿន​ជាង​ធម្មតា​ ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ពិន័យ​ថវិកា​ពី​ពួក​គាត់​ជាង ​៦០ លាន​រៀល ​ហើយ​ថា​ បើ​ពលរដ្ឋ​ដឹង​មាន​កែច្នៃ​កុងទ័រ​ភ្លើង​ឲ្យ​លឿន​ត្រូវ​រាយការណ៍ ​មក​អាជ្ញាធរ​អគ្គិសនី​ភ្លាមៗ​ ដើម្បី​ចាត់​វិធានការ​ជន​ខិលខូច​ទាំង​នេះ។

ប៉ុន្តែ​លោក ​សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ថ្លែង​ថា​អគ្គិសនី​កម្ពុជា​គួរ​តែ​មាន​ការ​សហការ​ល្អ​ និង​មិន​ត្រូវ​ចេញ​ប្រតិកម្ម​ហួសហេតុ​ជាមួយ​អ្នក​ប្រើប្រាស់​អគ្គិសនី​នោះ​ទេ ​ដោយសារ​តែ​ស្ថាប័ន​នេះ​ជា​អ្នក​ទទួល​កម្រៃ​ពី​ការ​ផ្តល់​សេវាកម្ម​នេះ។

លោក​បាន​បញ្ជាក់​ថា​៖ «ការ​ផ្គត់ផ្គង់​អគ្គិសនី ​គឺ​ជា​សេវាកម្ម​សាធារណៈ​ដែល​រដ្ឋ​តម្រូវ​ឲ្យ​អតិថិជន​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ច្រើន​ ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​មិន​អាច​បំពេញ​ដូច​ជា​ពេល​ដែល​អ្នក​ប្រើប្រាស់​ទៅ​បង់​យឺត​ ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ ​និង​ការ​ផ្តាច់​អគ្គិសនី។ អគ្គិសនី​កម្ពុជា​គួរ​តែ​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​អ្នក​ប្រើប្រាស់ ​នៅ​ពេល​ដែល​ ពេល​ខ្លះ​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​ប្រើប្រាស់​ដូច​ការ​ដាច់​ភ្លើង​ កុងទ័រ​ភ្លើង​មិន​ប្រក្រតី»៕