ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​បុរាណវត្ថុ​កម្ពុជា និង​អាមេរិក​កាលពី​ម្សិលមិញ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការរៀបចំ​សំណុំ​បែបបទ និង​នីតិវិធី​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​នូវ​រូបចម្លាក់​បុរាណ​ខ្មែរ​មួយ​ដែល​ទើបត្រូវ​បាន​ក្រុម​ភ្នាក់ងារ​ពិសេស​របស់​អាមេរិក​រឹប​អូស​បាន​ពី​កន្លែង​ដាក់​ឲ្យ​ដេញថ្លៃ​មួយ​នៅ​​ក្នុង​រដ្ឋ​សាន ហ្វ្រានស៊ីស្កូ កាលពី​ពេល​ថ្មីៗ​នេះ​។

នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ (HSI) ​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា​ឆ្នាំនេះ​បាន​ផ្សព្វផ្សាយ​ថា ភ្នាក់ងារ​ពិសេស​នៃ​អង្គភាព​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​គយ​ (ICE) ​នៃ​ HIS ​ប្រចាំ​ទីក្រុង​សានហ្វ្រានស៊ីស្កូ​គឺ​លោក​ David Keller ដោយមាន​ជំនួយ​ពី​លោក John Paul Labbat ទីភ្នាក់ងារ​ពិសេស​ HIS ​ប្រចាំ​បុរី​ញូវយ៉ក​បាន​រឹបអូស​បុរាណវត្ថុ​ខែ្មរ​ចំនួន​ ១ ​ពី​ការ​ដាក់លក់​ដេញ​ថ្លៃ​មួយ​ដែល​​ត្រូវគេ​ធ្វើឡើង​នៅក្នុង​តំបន់​ឈូងសមុទ្រ​សានហ្វ្រានស៊ីស្កូ​កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ថ្មីៗ​នេះ​។

របាយការណ៍​នោះ​បញ្ជាក់ថា​៖ «​បុរាណ​វត្ថុ​វប្បធម៌​ខ្មែរ​នោះ​ត្រូវ​បាន​គេ​ពណ៌នា​ថា ជា​រូបចម្លាក់​ព្រះសិវៈ និង​ឧមា​ដែល​ត្រូវបាន​គេ​ធ្វើឡើង​ពី​ថ្មភក់​ក្នុង​ចន្លោះ​ឆ្នាំ​ ៩២១-៩៤៥ ​នៃ​គ្រិស្ដសករាជ និង​ត្រូវបាន​គេ​ដាក់លក់​​ដេញថ្លៃ​ក្នុង​តម្លៃ​ ៣៥ ​ម៉ឺន​ដុលា្លរ​»​។

លោក​ ប្រាក់ សុវណ្ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ពេលនេះ​មន្ត្រី​ជំនាញ​កម្ពុជា​កំពុង​ទាក់ទង​មន្ត្រី​ជំនាញ​ផ្នែក​វប្បធម៌​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​ក្នុង​ការនាំ​ត្រឡប់​មកវិញ​នូវ​បុរាណវត្ថុ​ទាំងនេះ​មកកាន់​កម្ពុជា​។

លោក សុវណ្ណារ៉ា បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​រីករាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ភាគី​អាមេរិក​ដែល​តែងតែ​ជួយ​យើង​ក្នុង​ការស្រាវស្រាវ និង​​រឹបអូស​នូវ​បុរាណវត្ថុ​វប្បធម៌​របស់​ខ្មែរ​​យើង​ពី​ដៃ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដើម្បី​ប្រគល់​មក​ឲ្យ​កម្ពុជា​យើង​វិញ​»​។

ទោះជា​យ៉ាងណា​ក្រុម​មន្ត្រី​ជំនាញ​ (​កម្ពុជា​-​អាមេរិក​) ​នៅ​មិនទាន់​ប្រាកដ​ថា​រូប​បដិមា​នោះ​សាង​ឡើង​ក្នុង​ចន្លោះ​​ឆ្នាំ​ ៩២១-៩៤៥ នៃ​គ្រិស្ដសករាជ​ពិត​មែន​ ឬ​ជា​រូបចម្លាក់​ដែល​គេ​ចម្លង​ដូច​ឬ​មួយ​យ៉ាងណាទេ​។

លោក​ ហេង កំសាន្ត ប្រធាន​នាយកដ្ឋាន​បុរាណវត្ថុ​ដែល​បាន​ចូលរួម​ពិភាក្សា​​ដែរ​នោះ​បាន​ថ្លែងថា​៖ «​យើង​រំភើប​រីករាយ​នៅពេល​ទទួល​ព័ត៌មាន និង​​រូបថត​ ១ ​សន្លឹក​ពី​ភាគី​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ដែល​បាន​បញ្ជាក់​ថា បុរាណវត្ថុ​​វប្បធម៌​មួយ​ដែល​ភ្នាក់ងារ​ពិសេស​របស់​ពួកគេ​ចាប់​រឹបអូស​ពី​កន្លែង​ដាក់​ឲ្យ​​ដេញថ្លៃ​នោះ​ជា​របស់​ខ្មែរ​យើង​តាំងពី​បុរាណកាល​មក​»​។

បើ​តាម​លោក កំសាន្ត ការពិភាក្សា​កាលពី​ម្សិលមិញ​នេះ ក្រុមមន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំង​ ២ បាន​ឯកភាព​គ្នា​ថា​​នឹង​ធ្វើ​តេស្ដ​រូបចម្លាក់​ព្រះសិវៈ និង​ព្រះនាង​ឧមា​នោះ​តាម​ប្រព័ន្ធ DNA ដើម្បី​ងាយស្រួល​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ដោយ​រាប់បញ្ចូល​ទាំង​អាយុកាល​ទីតាំង​ដើម និង​មធ្យោបាយ​នៃ​ការ​លួច​ចល័ត​ព្រម​ទាំង​ពេលវេលា​នៃ​ការបាត់បង់​ដើម្បី​ឈាន​ទៅ​ដល់​ការរៀបចំ​នីតិវិធី​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់​។

បើ​តាម​របាយការណ៍​របស់​ HSI ប្រចាំ​ទីក្រុង​ញូវយ៉ក រូបចម្លាក់​ទាំងនេះ​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុងពេល​ស៊ើបអង្កេត​មួយ​ឈ្មោះ​ថា​ «Indo-chinese Peninsula Plunder» ​នៅ​តំបន់​ខាងត្បូង​ទីក្រុង​​ញូវយ៉ក​។ ​ការស៊ើបអង្កេត​ផ្តោត​​លើ​សកម្មភាព​រត់ពន្ធ​របស់​ពាណិជ្ជករ​ម្នាក់​ឈ្មោះ DouglasLatchford ដែល​ជា​អ្នកប្រមូល​ទិញ​វត្ថុ​បុរាណ​ខ្មែរ​ដែល​ត្រូវបាន​គេ​លួច​យក​ពី​កម្ពុជា​។

របាយការណ៍​ដដែល​បញ្ជាក់​ថា ដើមឡើយ​វា​ត្រូវ​បាន​គេ​​ទិញ​ពី​បុរស​ម្នាក់​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ហើយ​វា​ត្រូវបាន​គេ​​លក់​នៅ​កន្លែង​ដេញថ្លៃ​សានហ្វ្រានស៊ីស្កូ បន្ទាប់ពី​មរណភាព​​របស់​ឈ្មោះ DouglasLatchford នៅ​ឆ្នាំ​ ២០១៥ ហើយ «​វា​នឹងត្រូវ​ប្រគល់​ជូន​ប្រជាជន​កម្ពុជា​វិញ​នៅ​ចុងបញ្ចប់​នៃ​ការស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ HSI នេះ​»​។

គួរបញ្ជាក់​ផងដែរ​ថា HSI មាន​ការស៊ើបអង្កេត​បើកចំហ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​យក​វត្ថុ​បុរាណ​ដែល​ត្រូវបាន​លួច​ជួញដូរ​ពី​ប្រទេស​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​អំឡុង​ពេល​នៃ​ជម្លោះ​ពេញ​ ១ ​សតវត្សរ៍​ទី​ ២០​។ HIS ​សានហ្វ្រានស៊ីស្កូ​​ និង HIS ញូវយ៉ក បាន​សហការ​គ្នា​លើ​ការស៊ើបអង្កេត​ជាច្រើន​ដែល​ភ្ជាប់​អ្នកលក់​វត្ថុបុរាណ​ទៅនឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​លួច​វត្ថុបុរាណ​ពី​អាស៊ីអាគ្នេយ៍​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​រកឃើញ​ក្នុង​សារមន្ទីរ និង​ការប្រមូលផ្តុំ​នៅ​​ទូទាំង​សហរដ្ឋអាមេរិក​។

HIS ​គឺជា​សមាសធាតុ​ស៊ើបអង្កេត​ធំ​បំផុត​ក្នុង​នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​។ ​ក្នុងចំណោម​កម្មវិធី​ស៊ើបអង្កេត​របស់ខ្លួន​ HIS ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌​ និង​សិល្បៈ​។​ HIS​មាន​ការិយាល័យ​ទូទាំង​ពិភពលោក​ចំនួន​ ៧៧ ​នៅក្នុង​ប្រទេស​ចំនួន​ ៥១ ​ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​បរទេស​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​រួមគ្នា​៕