កំពង់ឆ្នាំងៈ ពលរដ្ឋ ២ នាក់រស់នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីម្សិលមិញត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងកោះហៅឱ្យចូលបំភ្លឺជុំវិញករណីឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង និងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌។ នេះបើតាមមន្ត្រីរដ្ឋបាលជលផល។
លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា កាលពីថ្ងៃទី ២៩ ខែមីនាថ្មីៗនេះ ក្រុមមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីឈូសឆាយ និងកាប់រានដីព្រៃលិចទឹក ហើយបានប្រទះឃើញដីព្រៃលិចទឹកប្រមាណ ២០ ហិកតា ក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង និងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូត្រូវបានគេឈូសឆាយ ក្លាយជាទីវាល។
លោកបានថ្លែងថា៖ «ក្រោយពីប្រទះឃើញករណីនេះខ្ញុំបានធ្វើសេចក្ដីរាយការណ៍ទៅខណ្ឌរដ្ឋបាលជលផលខេត្ត និងបានស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យចំនួន ២ ហើយបានកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់»។
បើតាមលោក ឈឹម បាន មុខសញ្ញាជនសង្ស័យករណីនេះរួមមានឈ្មោះ អាន ធា អាយុ ៣៩ ឆ្នាំ និងឈ្មោះ ជឹម រ៉ា អាយុ ៣៧ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ពួកគេត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងកោះហៅឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
ជុំវិញករណីនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពេលនេះពួកគេទាំង ២ ត្រូវបានមន្ត្រីជំនាញអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់បដិសេធថាមិនបានប្រព្រឹត្ត។
លោក លីឡា បានថ្លែងថា៖ «ពួកគាត់បានអះអាងថា ដីដែលពួកគាត់បានឈូសឆាយមានទំហំត្រឹមតែ ១,៥ ហិកតាប៉ុណ្ណោះ ហើយដីនោះជាដីស្រែជម្រៅ ដែលពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ពួកគាត់ទាំង ២ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន ប៉ុន្តែពួកគាត់នៅតែជាប់សង្ស័យនៅក្នុងបទល្មើសនេះដដែល»។
លោកបានបន្ថែមថា៖ «ករណីនេះយើងនៅតែបន្តនីតិវិធីស៊ើបអង្កេតដើម្បីស្វែងរកអត្តសញ្ញាណក្រុមជនប្រព្រឹត្ដបទល្មើស មកប្រគល់ជូនតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់»។
ទោះជាបែបណាក្ដី លោក អានធា និងលោក ជឹម រ៉ា មិនអាចទាក់ទងស្នើសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
តំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រខាងលើនេះជាញឹកញយត្រូវបានគេរាយការណ៍ថា មានបទល្មើសឈូសឆាយ,ចាក់ដីលុបដីព្រៃលិចទឹក និងបោះបង្គោលរំលោភយកដោយខុសច្បាប់។ ប៉ុន្តែត្រូវបានក្រុមមន្ត្រីរដ្ឋបាលជលផលរួមទាំងកងកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះបង្ក្រាប និងរឹបអូសមកជាសម្បត្តិរដ្ឋវិញ។ នេះបើតាមការអះអាងរបស់លោក លី ឡា។
ជាមួយគ្នានេះលោកបានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធពិសេសអាជ្ញាធរ និងប្រជាសហគមន៍មូលដ្ឋានត្រូវចូលរួមទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសកាប់ឈូសឆាយ និងដុតរុករានដីព្រៃលិចទឹកតាមរយៈការរាយការណ៍ឱ្យបានទាន់ពេលវេលានៅពេលប្រះឃើញបទល្មើសកើតឡើងដើម្បីឱ្យមន្ត្រីជំនាញ និង កម្លាំងមានសមត្ថកិច្ច សហការគ្នាចុះបង្ក្រាបចាប់ជនល្មើសប្រគល់ឱ្យតុលាការផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់។
កាលពីម្សិលមិញលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ដីព្រៃលិចទឹកនៅក្នុងតំបន់នោះភាគច្រើនស្ថិតនៅជាប់ដីស្រែជម្រៅរបស់ប្រជាកសិករ ដែលអាជ្ញាធរមូលដ្ឋានពិបាកនឹងបែងចែកឱ្យច្បាស់ថា តំបន់ណាជាតំបន់ព្រៃលិចទឹកដែលត្រូវបានហាមឃាត់ និងតំបន់ណាជាដីស្រែជម្រៅរបស់ប្រជាកសិករ។ ម្យ៉ាងទៀតបទល្មើសឈូសឆាយ និង ចាក់ដីលុបដីព្រៃលិចទឹក ភាគច្រើនកើតឡើងនៅពេលយប់៕