ភ្នំពេញៈ លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៃ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​កំណត់​អត្ដសញ្ញាណ​មេក្លោង​ដឹកនាំ​ពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។

លោក​បាន​អះអាង​ថា ពលរដ្ឋ​នៅ​តែ​ចាញ់បោក​មេខ្លោង​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅក្នុង​តំបន់​ឧទ្យានជាតិ​ដោយ​ខុសច្បាប់​ដែល​ពួកគេ​ភាគច្រើន​មកពី​ខេត្ត​ផ្សេងៗ​គ្នា​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ៤ ខែ​ឧសភា​នេះ​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញថា ក្រោយពេល​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​ធ្វើ​អនុបយោគ​ដី​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្ដិ​ឯកជន​របស់​រដ្ឋ​កាលពី​ថ្ងៃទី​ ២៣ ខែ ​មិថុនា ឆ្នាំ​ ២០០៨​។

ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​កំណត់​តំបន់​គ្រប់គ្រង​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​លើ​ផ្ទៃដី​ទំហំ​ ៣ ៣០០ ហិកតា​ ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ស្ថិត​នៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ដោយ​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន ហិះចៀ ធូរីហ្សឹម ឌិវេឡុបមេន ខមភេនី និង​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន អេវើគ្រីន សាក់សេស អែន អាស៊ី រីសត ឌីវេឡុបមែន ខូអិលធីឌី ផ្ទៃដី​ទំហំ ២ ៣៧៧ ហិកតា ដើម្បី​ធ្វើការ​វិនិយោគ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ទាំង​ ២ ​បាន​ដំណើរការ​គម្រោង​វិនិយោគ​របស់ខ្លួន​នៅលើ​ទីតាំង​ដែល​បាន​ផ្ដល់​ជូន​តាម​កិច្ចសន្យា​ជួល​ចុះ​កាល​ថ្ងៃទី​ ២៣ ខែ ​មិថុនា ឆ្នាំ​ ២០០៨​។

ទន្ទឹម​នឹង​ការអភិវឌ្ឍ​នេះ​ក៏មាន​សកម្មភាព​លួច​​កាប់​ទន្ទ្រាន រុករាន​យក​ដីព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​​ព្រះសីហនុ​រាម​បាន​កើតឡើង​ជា​​បន្តបន្ទាប់​ដោយ​សកម្មភាព​ទាំង​នោះ​បាន​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ និង​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការអនុវត្ដ​គម្រោង​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​ផងដែរ​។

រដ្ឋបាល​ខេត្ដ​បាន​ឲ្យ​ដឹងថា សកម្មភាព​ល្មើសច្បាប់​របស់​ពលរដ្ឋ​ដែល​ចូលទៅ​ទន្ទ្រាន រុករាន កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ធ្វើការ​ណែនាំ និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​។ រហូត​ដល់​ឆ្នាំ​ ២០១៦ ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​វាស់វែង និង​កំណត់​អត្តសញ្ញាណ​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ដែល​បាននិង​កំពុង​រស់នៅ អាស្រ័យ​ផល​លើ​ផ្ទៃដី​ដែលមាន​ផលប៉ះពាល់​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​នេះ​។

រហូត​ដល់​ឆ្នាំ​ ២០១៧ រាជរដ្ឋាភិបាល​ក៏​បានចេញ​អនុក្រឹត្យ​លេខ ២១៧ ចុះ​ថ្ងៃទី ១៣ ខែ ​ធ្នូ ឆ្នាំ​ ២០១៧ ស្ដីពី​ការកំណត់​ជា​តំបន់​សហគមន៍​នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​លើ​ផ្ទៃដី​ជិត ៦៦៨ ​ហិកតា​ ក្នុង​ភូមិសាស្ដ្រ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​ដោយ​បាន​កាត់​ឆ្វៀល​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្ដែង​ក្នុង​តំបន់​នេះ​។

រដ្ឋបាល​ខេត្ដ​បាន​បញ្ជាក់ថា ប៉ុន្ដែ​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១៨ ក្រុម​ជន​អនាធិបតេយ្យ​​ដែល​បាន​កៀរគរ​គ្នា​មកពី​បណ្ដា​ខេត្ដ​នានា​ធ្វើ​សកម្មភាព​សម្រុក​ចូល​​រុករាន​កាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​សកម្ម​សិទ្ធិ​នៅក្នុង​តំបន់​នេះ ​ជាពិសេស​ចូល​ទៅ​ដល់​ក្នុង​ទីតាំង​ដី​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ ២ ​ថែមទៀត​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា ដោយ​អនុវត្ដ​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី​ ១២ ខែ​ កញ្ញា ឆ្នាំ​ ២០១៨ ស្ដីពី​ការហាមឃាត់​ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ធ្វើ​ជា​កម្មសិទ្ធិ ការទិញ-លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ-លក់​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​នោះ​រដ្ឋបាល​ខេត្ដ​​ព្រះសីហនុ​បាន​ជូនដំណឹង និង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់​ពលរដ្ឋ​ដែល​ចាញ់បោក​ជនខិលខូច ចូល​ទៅ​កាប់គាស់ រុករាន​ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើ​ជា​​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ឲ្យ​ដកខ្លួន​ចេញ​ជាបន្ទាន់​។

រដ្ឋបាល​ខេត្ដ​បន្ដថា ប៉ុន្ដែ​ជន​ខិលខូច​ទាំងនោះ​មិន​មាន​ការដកថយ​នោះ​ទេ ហើយ​កាន់តែ​មាន​សកម្មភាព​បំពាន​ថែមទៀត​។ ដោយ​ឃើញ​សកម្មភាព​បំពាន​កាន់តែ​កើនឡើង​ទើប​មន្ដ្រី​ឧទ្យានុរក្ស​ប្រចាំការ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​បាន​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជា​ការឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ រដ្ឋបាល​ស្រុក​ព្រៃនប់ និង​កងរាជ​អាវុធហត្ថ​ខេត្ដ​ព្រះសីហនុ​បាន​ចុះ​ធ្វើការ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន រុករាន យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ និង​រុះរើ​ខ្ទម​អនាធិបតេយ្យ​ដែល​បាន​សង់​រំលោភ​យក​ដី​នៅក្នុង​តំបន់​ការពារ​​ធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​។

ក្នុងអំឡុងពេល​នៃ​ការចុះ​អនុវត្ដ​ការរុះរើ ក្រុម​ជនអនាធិបតេយ្យ​ទាំងនោះ​បាន​ប្រើ​ហិង្សា​មកលើ​ក្រុមការងារ ដោយ​បាន​ប្រើប្រាស់​​កាំភ្លើង​ច្នៃ កាំបិត ពូថៅ ដុំថ្ម ចំ​ពាម​កៅស៊ូ និង​ដប​សាំង បាញ់ វាយ កាប់ និង​គប់​តបត​មក​វិញ​បណ្ដាល​ឲ្យ​សមត្ថកិច្ច​រងរបួស​បន្តបន្ទាប់​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​​ដឹងថា​៖ «​ដើម្បី​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​នេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ជនខិលខូច​ចូល​ទៅ​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​។ ជាមួយ​គ្នា​នេះ​ផងដែរ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ស្រាវជ្រាវ​រក​អត្ដសញ្ញាណ​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ដែល​បំផុស​ចលនា​នេះ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​នោះឡើយ​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ករណី​ទន្ទ្រាន​ដី​រដ្ឋ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​នេះ គឺ​បាន​កើតមានឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​។ អ្នក​ដែល​ចូលទៅ​ទន្ទ្រាន​ទាំងនោះ​មាន​ទាំង​ពលរដ្ឋ​ទូទៅ និង​អ្នកមានអំណាច​។ លោក​ផ្ទាល់​ក៏​ធ្លាប់​ចុះទៅ​ស៊ើបអង្កេត និង​ធ្វើ​របាយការណ៍​ជូន​រដ្ឋបាល​ខេត្ដ​ពី​ករណី​នេះ​ផងដែរ​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​នេះ​មាន​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ជាច្រើន​កន្លែង​ហើយ​។ ប៉ុន្ដែ​មិនទាន់​មាន​ចំណាត់ការ​ទប់ស្កាត់​នៅ​ចំណុច​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ​។ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ គួរ​កំណត់​ឲ្យ​បាន​ច្បាស់​រវាង​ដី​ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ និង​តំបន់​ដែល​ឆ្វៀល​ទៅ​ឲ្យ​ពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង បែងចែក​ដី​រដ្ឋ​នេះ​»៕