ភ្នំពេញៈ មន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងវិភាគសត្វជ្រូកជាង ១០០ ក្បាល បន្ទាប់ពីសហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ឃាត់រថយន្ត ១ គ្រឿង និងអ្នកបើកបរកាលពីយប់ថ្ងៃ ២៣ មីនា ខណៈម្ចាស់លួចនាំចូលពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង ប៉ុន្តែមន្ត្រីថាជ្រូកទាំងនេះនឹងត្រូវដុតចោលបើវិភាគឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រោយពេលឃាត់រថយន្តទាំងនេះនៅច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែងក្រុមជំនាញក៏បានបញ្ជូនជ្រូកទាំងនេះមករាជធានីភ្នំពេញដើម្បីធ្វើវិភាគរកជំងឺប៉េស្តជ្រូក ខណៈអ្នកបើករថយន្តក៏រង់ចាំចំណាត់ការបន្តតាមនីតិវិធីផងដែរ។
លោកបញ្ជាក់ថា៖ «ដោយសារតែមន្ទីរកសិកម្មខេត្តមិនមានកន្លែងរក្សាទុកជ្រូកទាំងនេះ យើងបានដឹកជ្រូកទាំងនេះមក ភ្នំពេញដើម្បីយកមកពិនិត្យសុខភាព ស្វែងរកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ជ្រូកដែលនាំចូលនេះគឺមិនបានគោរពតាមគោលការណ៍ ១២ ចំណុចរបស់ក្រសួងនោះទេ ព្រោះពួកគាត់ជាឈ្មួញលួចនាំចូលខុសច្បាប់»។
លោក តាន់ ផាន់ណារ៉ា បានអះអាងថា ដោយសារនៅប្រទេសថៃកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ហើយជ្រូកដែលទើបចាប់បាននាពេលនេះ គឺបាននាំចូលពីប្រទេសថៃដូចគ្នា ដោយគ្រាន់តែឆ្លងកាត់តាមប្រទេសឡាវ។ ដូច្នេះ ប្រសិនបើលទ្ធផលវិភាគរកឃើញថា មានជំងឺសមត្ថកិច្ចនឹងដុតកម្ទេចជ្រូកទាំងនេះចោល ដើម្បីការពារការឆ្លងជំងឺនេះមកកាន់ជ្រូកនៅកម្ពុជា។
លោកបារម្ភថា៖ «យើងកំពុងបញ្ជូនមន្ត្រីទៅបូមឈាមយកមកពិនិត្យ ហើយប្រសិនបើមានវត្តមានមេរោគនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក យើងនឹងដុតកម្ទេចចោល។ យើងបានឃាត់ខ្លួនម្ចាស់ឡាន ចំណែកម្ចាស់សត្វ គាត់មិនទាន់ចូលខ្លួនមកដោះស្រាយទេ»។
ជាមួយគ្នានេះលោក តាន់ ផាន់ណារ៉ា អំពាវនាវដល់ក្រុមឈ្មួញដែលរកស៊ីជំនួញជ្រូក គួរតែបំពេញបែបបទតាមនីតិវិធីច្បាប់ទាំង ១២ ចំណុចដោយលោកអះអាងថា ក្រសួងមិនមានការរឹតត្បិតចំនួនក្រុមហ៊ុនដែលនាំចូលជ្រូកពីប្រទេសថៃនោះទេ គឺគ្រាន់តែស្នើឱ្យគោរពតាមលក្ខខណ្ឌប៉ុណ្ណោះ។
លោក ប៊ី វ៉ាននី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង បានថ្លែងថា ការនាំជ្រូកតាមច្រកព្រំដែនឡាវ-កម្ពុជាដែលសមត្ថកិច្ចទើបចាប់បាននេះអាចជាករណីទី ១ ចាប់តាំងពីលោកមកធ្វើការនៅក្នុងខេត្តនេះ។ ពីមុនលោកធ្លាប់តែទទួលបានព័ត៌មានថា មានការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម និងថៃ។
ក៏ប៉ុន្តែលោកយល់ថា ការនាំចូលនេះក៏ព្រោះតែឈ្មួញបង្វែរគោលដៅ ដើម្បីគេចចេញពីការហាមឃាត់របស់សមត្ថកិច្ចខ្មែរ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការរឹតបន្ដឹង។
លោកបានបន្តថា ក្នុងនាមជាមន្ត្រីសង្គមស៊ីវិល លោកសាទរចំពោះចំណាត់ការបានទាន់ពេលនេះ និងរំពឹងថា សមត្ថកិច្ចកម្ពុជានឹងបន្តរឹតបន្ដឹងថែមទៀតក៏ដូចជាពិនិត្យគុណភាពទំនិញនានា ដែលនាំចូលពីប្រទេសជិតខាងកម្ពុជា។
លោកបញ្ជាក់ថា៖ «អាជ្ញាធរគួរបន្តធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានការនាំចូលដោយខុសច្បាប់ ឬក៏មានការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចូលកម្ពុជាគ្រប់ទំនិញទាំងអស់មិនមែនមានតែជ្រូកទេ។ យើងត្រូវធានាឱ្យបានថា ម្ហូបអាហារ ឬទំនិញដែលនាំចូលមកក្នុងស្រុកយើង មានសុវត្ថិភាពសម្រាប់ការបរិភោគ»។
កាលពីខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាបានពិនិត្យរកឃើញជ្រូកដែលបាននាំចូលពីថៃខុសច្បាប់ ដោយមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយក្នុងនោះសមត្ថកិច្ចក៏បានសម្រេចដុតកម្ទេចចោលជ្រូកដែលមានចំនួនទាំង ៣០ ក្បាលនោះ៕