សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មន្ត្រីជំនាញកំពុងសិក្សាពីបច្ចេកទេស ដើម្បីកាយដីដែលប្រជាពលរដ្ឋបានចាក់លុបស្ពានបុរាណមួយកន្លែងក្នុងខេត្តសៀមរាបដែលមានឈ្មោះថា «ស្ពានតូច» ខណៈដែលអាជ្ញាធរបារម្ភពីផល់ប៉ះពាល់ បើការកាយដីនេះមិនបានត្រឹមត្រូវ។
ស្ពានបុរាណនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិសាស្ត្រ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបនៅត្រង់ចំណុចខាងកើតផ្លូវចូលទៅអង្គភាពកំចាត់មីន (ស៊ីម៉ាក់)។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពាននេះត្រូវបានប្រជាពលរដ្ឋម្នាក់ឈ្មោះ ជាម ប៊ុនណាត ចាក់ដីលុបទាំងស្រុងដោយបន្សល់ទុកតែស្លាកឈ្មោះដែលសរសេរដោយអាជ្ញាធរអប្សរាថា (ស្ពានតូច)។
លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយពីទទួលបានព័ត៌មានពីការចាក់ដីលុបពីសំណាក់ពលរដ្ឋខាងលើអាជ្ញាធរជាតិអប្សរាបានកោះហៅបុគ្គលរូបនេះឲ្យចូលខ្លួនមកដោះស្រាយ និងតម្រូវឱ្យកាយដីដែលបានចាក់លុបនោះចេញវិញ។
លោកបានបន្តថា ដោយសារតែស្ពានបុរាណនេះត្រូវបានចាក់ដីលុបទាំងស្រុង ដូច្នេះមន្ត្រីជំនាញកំពុងសិក្សាពីផលប៉ះពាល់ និងប៉ាន់ប្រមាណចំពោះផលប៉ះពាល់ដែលអាចនឹងកើតមានដល់ស្ពាន។ អាជ្ញាធរអប្សរាក៏បានអះអាងថា បុគ្គលដែលបានបំពានចាក់ដីលុបស្ពាននេះព្រមទទួលរាល់ការចំណាយទាំងស្រុង។
លោកបញ្ជាក់ថា៖ «គាត់ព្រមកាយចេញវិញ ប៉ុន្តែអាជ្ញាធរយើងមិនអនុញ្ញាតឲ្យគាត់ កាយចេញដោយខ្លួនឯងទេ ព្រោះខ្លាចប៉ះពាល់ស្ពានដែលយើងត្រូវកាយតាមបច្ចេកទេសត្រឹមត្រូវ។ ខាងអាជ្ញាធរអប្សរាកំពុងរៀបចំគម្រោងថា ត្រូវចំណាយប៉ុន្មាន ហើយភាគីខាងដីហ្នឹង គាត់អ្នកចេញថវិកា»។
ខណៈដែលមន្ត្រីជំនាញកំពុងសិក្សាដើម្បីកាយដីនេះចេញវិញ លោក ឈាន រដ្ឋា បានអះអាងថាដោយសារតែបុគ្គលរូបនោះបានចូលខ្លួនមកដោះស្រាយ និងយល់ព្រមទទួលខុសត្រូវរាល់ការខូចខាតទាំងស្រុងក្នុងការកាយដីដែលបានចាក់លុប ដូច្នេះអាជ្ញាធរអប្សរាសម្រេចមិនប្តឹងផ្តល់បុគ្គលរូបនោះទៅតុលាការទេ។
លោកបានបន្ថែមថា៖ «ដោយសារយើងមានគោលការណ៍លើកទឹកចិត្តដល់ប្រជាជនដែលគាត់ជាគំរូដែលគាត់ស្ម័គ្រចិត្តចូលរួមសហការ និងទទួលកំហុស ព្រោះមានប្រជាជនខ្លះ គាត់រឹងរូស ហើយមិនព្រមទទួលស្គាល់ និងមិនមកចូលរួមដោះស្រាយ ទើបយើងប្តឹងគាត់ទៅតុលាការ។ ក្នុងករណីគាត់យល់ពីកំហុសរបស់គាត់មានន័យ គាត់ធ្វើដោយពុំបានដឹងមុនថា ខុស យើងគ្រាន់តែណែនាំគាត់ កុំឲ្យមានទៅថ្ងៃក្រោយទៀត»។
លោក ជាម ប៊ុនណាត មានលំនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាបដែលបានចាក់ដីលុបស្ពានបុរាណនេះ មិនទាន់អាចទាក់ទងបានទេ កាលពីម្សិលមិញ។
ប៉ុន្តែបើតាមលោក ឈាន រដ្ឋា បានអះអាងថា ក្រោយពីធ្វើការកាយដីចេញហើយ អាជ្ញាធរនឹងកំណត់ព្រំប្រទល់ជុំវិញស្ពានបុរាណនេះ ដើម្បីចៀសវាងការបំពានជាថ្មីទៀត។ ចំណែក លោក ជាម ប៊ុនណាត ដែលជាម្ចាស់ដីអាចកាន់កាប់ដីរបស់ខ្លួនតាមការកំណត់ ក្រោយអាជ្ញាធរវាស់វែងព្រំប្រទល់ចប់រួចរាល់។
ស្ពានបុរាណទាំងអស់ដែលនៅស្របផ្លូវជាតិលេខ ៦ នាពេលបច្ចុប្បន្នរួមទាំងស្ពានតូចដែលត្រូវបានគេចាក់ដីលុបនេះ គឺជាស្ពានដែលតភ្ជាប់នឹងផ្លូវជាតិលេខ ៦ ហើយភាគច្រើនបានសាងសង់ឡើងដោយថ្មបាយក្រៀម។ ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកផ្លូវថ្មី ស្ពានទាំងនោះក៏ត្រូវបានរក្សាទុកជាបេតិកភណ្ឌជាតិ និងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
លោក ថូ ថុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបាននិយាយថា ដោយសារតែស្ពាននេះបានសាងសង់ឡើងដោយថ្មបាយក្រៀម មិនមានក្បាច់រចនាច្រើន ដូច្នេះហានិភ័យនៃផលប៉ះពាល់ស្ពានមិនគួរឲ្យមានការបារម្ភនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ការកាយដីនេះចេញគឺត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងធ្វើឲ្យប៉ះពាល់ដល់ស្ពាន ហើយចង់មិនចង់ វាធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិទាំងមូល។
លោកបញ្ជាក់ថា៖ «យ៉ាងណាបើមានការចាក់ដីលុបបែបនេះ ប្រសិនបើមានការសង្កត់ខ្លាំងនឹងធ្វើឲ្យខូចរូបរាងដើមរបស់ស្ពាន អ៊ីចឹងយើងត្រូវកាយវាចេញវិញបាន តាមរយៈដីដែលចាក់ថ្មី។ ប៉ុន្តែយើងមិនដឹងថា ការអប់រំរបស់ពលរដ្ឋរូបហ្នឹងមានការអប់រំប៉ុនណាពីតម្លៃបេតិកភណ្ឌហ្នឹង ព្រោះវាមានតម្លៃខ្ពស់ណាស់ ដល់តែមានការចាក់លុបបែបនេះ វាប៉ះពាល់ណាស់។ ស្ពាននេះមានប្រវត្តិទាក់ទងនឹងអង្គរយើងណា ហើយវានឹងធ្វើឲ្យបាត់បង់តម្លៃនៃប្រវត្តិសាស្ត្រ។ បន្ថែមពីនេះនឹងធ្វើឲ្យអ្នកផ្សេងធ្វើតាមទៀត»៕