ភ្នំពេញៈ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថានកំពុងសិក្សាហ្វូស៊ីលឆ្អឹង ដែលបានរកឃើញនៅកោះប៉ោជាប់ដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការសន្និដ្ឋានដំបូងហ្វូស៊ីលនេះអាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានឱ្យដឹងនៅថ្ងៃទី ៩ មីនាថា ហ្វូស៊ីលឆ្អឹងសត្វកប់ក្នុងថ្មដែលត្រូវបានរកឃើញនេះមានប្រវែង ៧០ ស.ម. និងទទឹង ២០ ស.ម.។
លោក វណ្ណច័ន្ទ បន្ថែមថាជំហានដំបូងក្រុមការងារសន្និដ្ឋានថា នេះអាចជាហ្វូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ផ្នែកខាងក្រោមនៃកោះ ខណៈដែលទឹកសមុទ្រច្រោះជារៀងរាល់ថ្ងៃ។
លោកថា៖ «តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់នេះមានអាយុកាលក្នុងស័កទី ២ (៦៥ លាន ១៩០ លានឆ្នាំ) មានន័យ ថាអាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដែលដាយណូស័រនៅមានជីវិត។ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ»។
បើតាមក្រសួងបរិស្ថាន ការសិក្សាពីហ្វូស៊ីលឆ្អឹង ដែលបានរកឃើញនៅកោះប៉ោនេះបានធ្វើឡើងដោយក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្ទាប់ពីបានចុះសិក្សាពីរបកគំហើញថ្មមួយស្តីពីហ្វូស៊ីលខ្យង អាម៉ូនីត Ammonite។
អ្វីជា Ammonite? ក្រសួងអះអាងថា ជាប្រភេទសត្វដែលស្ថិតក្នុងសាខានៃពពួកខ្យង និងពពួកមឹក។ តាមការពិនិត្យបឋម ទំហំសត្វទាំងនេះមានដល់ ២៥ ស.ម.។ ពូជប្រភេទនេះត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរីនៅឆ្នាំ ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពកភ្នំ ២។ តាមតារាងនៃ Geologic Time Chart ហ្វូស៊ីលអាម៉ូនីតកើតឡើងក្នុងសម័យមេសូស្យូអ៊ីក (ស័កទី ២) នៅចន្លោះ ២២៥ លានដល់ ៦៥ លានឆ្នាំ។ នេះជាទិន្នន័យបឋមរបស់ក្រុមការងារដែលត្រូវសិក្សាជាបន្តទៀតនាពេលអនាគត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងពីម្សិលមិញថា ការស្រាវជ្រាវ ហ្វូស៊ីលឆ្អឹងសត្វ គឺជាក្របខ័ណ្ឌមួយរបស់ក្រសួងបរិស្ថាន ដើម្បីពិនិត្យមើលពីប្រវត្តិនានាក្នុងតំបន់ការពារធម្មជាតិពាក់ព័ន្ធនឹងការវិវឌ្ឍធនធានធម្មជាតិតាំងពីដើមមក។ បន្ថែមពីនេះលោកថា វាក៏ជាការសិក្សាពីសក្តានុពលនៃប្រភេទធនធាន ធម្មជាតិ និងតំបន់មួយចំនួនដែលបន្សល់ទុកហ្វូស៊ីល ដើម្បីផ្សារភ្ជាប់បច្ចុប្បន្ន និងអតីតកាលពីការវិវឌ្ឍនៃប្រភេទធនធានធម្មជាតិទូទាំងប្រទេសផងដែរ។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា តំបន់ការពារធម្មជាតិរបស់យើងនេះមិនមែន សម្បូរតែធនធានធម្មជាតិ ឬសត្វព្រៃ ព្រៃឈើនោះទេក៏ប៉ុន្តែគឺមានប្រាង្គប្រាសាទ។ អ៊ីចឹងនាយកដ្ឋានតំបន់បេតិកភណ្ឌ គឺធ្វើការសិក្សានេះ ដើម្បីចងក្រងទិន្នន័យឱ្យបានច្បាស់លាស់។ ទី២ គឺដើម្បីធ្វើការផ្សារភ្ជាប់ទេសចរណ៍ផងដែរ ព្រោះការងារចូលទៅទស្សនាក្នុងតំបន់ការពារធម្មជាតិគឺមិនមែនមើលត្រឹមព្រៃ ឬសត្វព្រៃនោះទេ ក៏ប៉ុន្តែក៏ត្រូវស្វែងយល់អំពីអតីតកាលនៃតំបន់ផងដែរ»។
កាលពីឆ្នាំ ២០១៩ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌបានធ្វើកំណាយស្រាវជ្រាវពីហ្វូស៊ីលឈើដែលក្លាយជាថ្ម នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដោយមានការចូលរួមពីអ្នកបច្ចេកទេសពីរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ អ្នកស្រាវជ្រាវសត្វ អ្នកធរណីវិទ្យា ក្រុមការងារស្ម័គ្រចិត្ត និងមន្ត្រីឧទ្យានុរក្ស។ លទ្ធផលកំណាយហ្វូស៊ីលឈើ ១ ដើមដែលនៅមានរូបរាងជាដើមឈើមានប្រវែង ១៣ ម៉ែត្រ និងកំពុងបន្តពិនិត្យទីតាំងហ្វូស៊ីលឈើ ១៨ ដើមទៀត។
ហ្វូស៊ីលត្រីជាសំណាកត្រីដែលបានកប់ក្នុងដីហើយប្រែក្លាយទៅជាថ្ម ហើយសល់ផ្នែកខាងក្បាលមានភ្នែក និងព្រុយនៅពាក់កណ្តាលខ្លួនបែក ១ កំណាត់ផ្នែកកន្ទុយមានទំហំប្រមាណ ៣ ស.ម និងបណ្តោយ ៨ ស.ម និងមានសំណាកហ្វូស៊ីលផ្សេងៗជាច្រើនទៀតក៏ត្រូវបានប្រទះឃើញផងដែរ។
ហ្វូស៊ីលត្រីនេះត្រូវបានរកឃើញដោយក្រុមការងារសិក្សាហ្វូស៊ីលរបស់នាយកដ្ឋាន តំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាននៅឆ្នាំ ២០១៩ ស្ថិតនៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ» ដែលមានអតីតកាលស្ថិតជាសមុទ្របានកើតឡើងដោយកំណកនៃសារធាតុកំបោរតាមរយៈផែនទី Geological map of Cambodia។ ភ្នំទាំងនេះត្រូវបានកំណត់ក្នុងសម័យកាល Permian (២២៥-២៨០ លានឆ្នាំ) ក្នុងស័កទី ១ ដែលហៅថា Paleozoic នេះអាចជាសំណាកហ្វូស៊ីលត្រីដំបូងបង្អស់នៅប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយ៕