ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថាមន្ត្រីជំនាញកំពុងសាកសួរមន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញម្នាក់ បន្ទាប់ពីកោះហៅដោយសង្ស័យពាក់ព័ន្ធនឹងករណីលួចលុយ ២ លានដុល្លារពីក្រុមហ៊ុនមួយ ខណៈជនសង្ស័យ ២ នាក់ទៀត ដែលចាប់ខ្លួនបានកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងកាលពីម្សិលមិញថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានកោះហៅជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯកបម្រើការងារនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលបញ្ញើប្រាក់ជនសង្ស័យ ២ នាក់ឈ្មោះ អៀម សំអន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាយោធាថ្នាក់អនុសេនីយ៍ឯកបម្រើការងារនៅនាយកដ្ឋានកងអង្គរក្ស និងឈ្មោះ វ៉ា សុខ ដែលត្រូវចោទប្រកាន់ថាជាអ្នកលួចលុយនោះ។
លោក ស ថេត បញ្ជាក់ថា៖ «យើងមិនទាន់បានឃាត់ខ្លួនទេ។រឿងហ្នឹងគាត់បានទទួលបញ្ញើពីស្ត្រីម្នាក់ដែលយើងបានឃាត់ខ្លួន។ យើងមិនទាន់ដឹងថាពាក់ព័ន្ធស៊ីជម្រៅយ៉ាងម៉េចនៅឡើយទេ។គាត់ទទួលបញ្ញើហើយ យកលុយទៅទុក។ បន្ទាប់ពីស្រាវជ្រាវយើងក៏ហៅគាត់មកសួរនាំហើយក៏យកលុយបានមួយចំនួនគាត់ថា គាត់បានទទួលលុយ តែមិនដឹងលុយអ្វីទេ»។
កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃរួមនឹងនគរបាលព្រហ្មទណ្ឌរាជធានីសហការជាមួយនគរបាលក្រុងបាវិត ខេត្តស្វាយរៀងបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ឈ្មោះ វ៉ា សុខ នៅក្រុងបាវិតនិងរឹបអូសបានប្រាក់ ១៣ ម៉ឺនដុល្លារ។
ចំណែកម្នាក់ទៀត ឈ្មោះ អៀម សំអន អាយុ ៣៧ ឆ្នាំ ជាយោធាបម្រើការងារនៅនាយកដ្ឋានកងអង្គរក្សត្រូវបានឃាត់ខ្លួននៅភ្នំពេញកាលពីថ្ងៃទី ១៩ ខែ កក្កដា ដោយដកហូតបានលុយ ២៥ ម៉ឺនដុល្លារ និងអាវុធ ខ្លី ១ដើម ម៉ាក kimBer។
បើតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ជើងគោករាជធានីរូបនោះ ឈ្មោះ លី អុិន ភេទប្រុស អាយុ ៤១ ឆ្នាំ ហើយការឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សំ ឆាយវ៉ាន់ អាយុ ៧៨ ឆ្នាំ ប្រធានក្រុមហ៊ុនឆាយវ៉ាន់ កាលពីយប់ថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០១៩។
បើតាមសារព័ត៌មាននេះ ដំបូងឡើយគឺមន្ត្រីគណនេយ្យរបស់ក្រុមហ៊ុន ឆាយវ៉ាន់ បានឲ្យសែក ១ សន្លឹក មានទឹកប្រាក់ ៥ លានដុល្លារអាមេរិក ទៅបុគ្គលិកឈ្មោះ នី សំអាត និងអ្នកបើករថយន្ត ឈ្មោះ វ៉ា សុខ ដើម្បីទៅបើកប្រាក់ពីធនាគារ CIMB ដែលនៅជិតអតីតក្រសួងពាណិជ្ជកម្មតាមបណ្តោយមហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ។
សារព័ត៌មានដដែលថា៖ «ជនសង្ស័យឈ្មោះ វ៉ា សុខ បានប្រើល្បិចធ្វើជាឈប់រថយន្តចូលទិញទឹកផឹក រួចត្រឡប់ក្រោយវិញ និងបានបើកទ្វាររថយន្តឆក់យកសាក់កាដូពណ៌ខ្មៅមួយដែលមានទឹកប្រាក់ ២ លាន ៤ សែនដុល្លារអាមេរិក ហើយបានគំរាមមិនឲ្យឈ្មោះ នី សំអាត ស្រែក រួចរត់ឡើងជិះម៉ូតូបក្ខពួករបស់គេគេចបាត់ទៅ»។
យ៉ាងណាក្ដី លោក អុី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងកាលពីម្សិលមិញថា ជនសង្ស័យ ២ នាក់នោះមិនទាន់ត្រូវបានបញ្ជូនមកដល់ចៅក្រមនៅឡើយទេ។ ប៉ុន្តែលោក គុជ គឹមឡុង ដែលជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាករណីនេះ កំពុងស្ថិតនៅក្នុងនីតិវិធីសាកសួររបស់អយ្យការនៅឡើយ៕