ភ្នំពេញ:​ មន្ត្រី​ជំ​នាញ​ក្រោម​ឱវាទ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ដក​ហូត​ឯក​សារ​រដ្ឋ​បាល​កម្ពុជា​​មិន​ប្រ​ក្រ​តី​ដូច​ជា​អត្ត​សញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត ​សៀវ​ភៅ​គ្រួ​សារ ​និង​ឯក​សារ​ផ្សេង​ៗ​ទៀត​ប្រមាណ​ជាង ៣​ ម៉ឺន​សន្លឹក​​ពី​ ជន​បរទេស​ក្នុង​រយៈ​ពេល​ ៥ ​ខែ​ ដើម​ឆ្នាំ​​ដែល​បាន​កាន់​កាប់​ប្រើប្រាស់​ដោយ​មិន​ស្រប​ច្បាប់។​ ​

យោងតាម​ការ​បង្ហាញ​របាយ​ការណ៍​កាល​ពី​ម្សិល​មិញ​ ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការដក​ហូត​ឯក​សារ​មិន​ប្រក្រ​តី​ និង​ការ​ទទួល​ពាក្យ​សុំ​ជា​ជ​ន​បរទេ​ស​អន្ដោ​ប្រ​វេ​ស​ន៍សម្រាប់​រយៈពេល​ ៥​ ខែ ​នៃ​ឆ្នាំ​ ២០១៩​ និង​លើក​ទិស​ដៅ​ការងារ​មុន​បញ្ចប់​ឱសាន​វាទ​ត្រឹម​ថ្ងៃ​ទី ​៣​០ ​កក្កដា​ ខាងមុខ​នេះ។​

​ជន​បរទេស​ទាំង​នោះ​កំពុង​ប្រកប​ការ​ងារ​ សំណង់​ រ​ក​ស៊ី​លក់​ដូរ​ និង​ការងារ​ផ្សេងៗ​ទៀត។​

​កិច្ច​ប្រ​ជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ សុខ ​ផល ​រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រ​ង​​ជន​បរទេស​អន្តោ​ប្រវេសន៍​ និង​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​ និង​ម​ន្ត្រី​​ថ្នាក់​ដឹក​នាំ ​រួមទាំង​មន្ត្រី​នគរ​បាល​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។​

​រ​បាយ​ការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ឯក​សារ​រដ្ឋ​បាល​មិន​ប្រ​ក្រ​តី​ទាំង​នោះ​ត្រូវ​បាន​ដក​ហូត​ពីជន​បរ​ទេ​ស​​អន្តោ​ប្រវេ​ស​ន៍​សរុប​ជិត​ ៧ ម៉ឺន​នាក់ ​ចំនួន​ជិត​ ២ ម៉ឺ​ន​​គ្រួសារ​ ដែល​មាន​សញ្ជាតិ​ខុសៗ​គ្នា​ចំនួន​ ៦​ សញ្ជាតិ​ ក្នុង​នោះ​ជន​ជាតិ​វៀត​ណាម​មាន​ចំនួន​ច្រើន​ជាង​គេ​។​ ទន្ទឹម​គ្នា​នេះ​ដែរ​​សមត្ថ​កិច្ច​ក៏បាន​ប្រកាស​ទទួល​ស្គាល់​ជន​បរទេស​អន្តោ​ប្រវេ​សន៍ចុះ​បញ្ជី​ចំនួន​ជាង ​៥ ម៉ឺន​នាក់​​ដែល​រស់​នៅ​ដោយ​ស្រប​ច្បាប់។​

​លោក​ សុខ​ ផល​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​គ្រប់គ្រង​ជន​បរទេស​អន្តោ​ប្រវេសន៍បាន​ថ្លែង​ថា​ រដ្ឋាភិ​បាល​បាន​ដាក់​ឱសាន​វាទ​កំណត់​ត្រឹម​ថ្ងៃ​ទី ៣០ ​កក្កដា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​ ត្រូវ​តែ​បញ្ចប់​ការ​ដក​ហូត​ឯក​សារ​មិន​ប្រក្រ​តី​ពី​ជន​បរទេស​ទាំង​អស់​ ​ដែល​រហូត​មក​ដល់​ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​ដក​ហូត​ឯក​សារ​មិន​ប្រក្រតី​ទាំង​នេះ​បាន​ចំនួន​ជាង​ ៩០ ​ភាគ​រយ​ ស្មើ​នឹង​ជិត​ ៧ ម៉ឺននាក់។​ ​

​លោក ​សុខ​ ផល​ បញ្ជាក់​ថា​៖​ «​ចំណែក​ភាគរយ​ដែល​នៅ​សល់​នោះ​ មាន​មួយ​ចំនួន​គាត់​បាន​ត្រឡប់​ទៅ​​ប្រកប​ការងារ​នៅ​ស្រុក​គាត់​វិញ​ និង​មាន​ហេតុ​ផ​ល​ច្រើន​ទៀត​ ប៉ុន្ដែ​យើង​មិន​ទាន់​អាច​បញ្ជាក់​ថា​ ទៅ​វិញ​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​ ជ​ន​បរទេស​ទាំង​ ៦ ​សញ្ជាតិ​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​រដ្ឋាភិ​បាល​យ៉ាង​ល្អ ​ដោយ​មាន​ទាំង​រូបថត​ ឈ្មោះ​ ទី​កន្លែង​ និង​ឯក​សារ​​បញ្ជាក់​ផ្សេងៗ​ទៀត»។​

​លោក​ថ្លែង​ថា​៖ «​ចំពោះ​អ្នក​ដែល​មក​ក្រោយៗ​ទៀត​ ហើយ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ នឹង​ក្លាយ​ជា​ជន​ខុស​ច្បាប់​ និង​ត្រូវ​អនុវត្ត​ច្បាប់​មុនគេ។​ ឧទា​ហរណ៍​ថា ​គាត់​មក​គ្នា​ ១​០​ នាក់​មក​ចុះ​បញ្ជី​តែ ​៦ នាក់​ គឺ ៤ នាក់​ទៀត​ជា​អ្នក​ខុស​ច្បាប់ ​បើ​យើង​រក​​មិន​ឃើញ​ថ្ងៃ​ហ្នឹង ​ថ្ងៃ​ស្អែក​នឹង​រក​ឃើញ ហើយ​ក៏​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដែរ»។​

​លោក ​សុវណ្ណ​ ពិសា​ខា ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយ​ក​ដ្ឋាន​អន្ដោ​ប្រវេសន៍​បាន​ថ្លែង​ដោយ​យោង​តាម​​របាយ​ការណ៍​ បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​សរុប​ពី​ដើម​ខែ​មករា ​ដល់​ថ្ងៃទី​ ៣១​ ខែ​ ឧសភា ឆ្នាំ​ ២០១៩ ​នេះ​ សមត្ថ​កិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​សរុប​ចំនួន ៣៦ ០៩៤​ ឯក​សារ​ ពី​គ្រួសារ​ជន​បរទេស​អន្តោ​ប្រវេ​សន៍សរុប​ចំនួន​ ១៩ ​៣​៩​៥​​ គ្រួសារ​ គិត​ជា​មនុស្ស​សរុប​ចំនួន​ ៦៨ ៨០១ ​នាក់​ (ស្រី​ ៣២ ៨៣៧ នាក់) ​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង​ចំនួន ៤៩ ៦៣៨​ នាក់​ ​(ស្រី ​២៣ ៩២១​ នាក់​)​ ជន​បរទេស​ទាំង​នោះ​មាន ៦ សញ្ជាតិ។​

​របាយ​ការណ៍​បន្ត​ថា ​ជនបរទេស​បែប​អន្តោ​ប្រវេ​សន៍ បាន​ដាក់​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់​ជា​ជន​បរ​ទេស​អន្តោ​ប្រវេ​ស​ន៍កម្ពុជា​ ដែល​មាន​​អាយុ ​១៨ ឆ្នាំ​ឡើង​ ចំនួន​ ៧៦ ៤៩៨ ​នាក់​ (ស្រី ៣៦ ៥៨៥ នាក់)​ គិត​ជា​មនុស្ស​សរុប​ចំនួន​ ១១១ ​៤​២​​១​​ នាក់​ (​ស្រី ៥៣ ៥៦៧ នាក់​) ស្មើនឹ​ង​​ចំនួន​ ៣៦ ៤៨៥​ គ្រួសារ។​ ​

គណៈ​កម្មការ​ជំនាញ​បាន​ប្រកាស​ទទួ​ល​ស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ឲ្យ​ប្រើប្រាស់​ឯ​ក​សា​រ​អន្តោ​ប្រវេសន៍​ចាប់​ពី​អាយុ ​១៨ ឆ្នាំ​ឡើង ​សរុប​ចំនួន ៣៣ ៩៣៩​ ប្រកាស ​(​ស្រី ១៦ ២៥៤ នាក់) ​គិត​ជាម​នុស្ស​រួម​ចំនួន​ ៥២ ៧១០ នាក់​ (​ស្រី​ ២៥ ៣១៦ នាក់) ​ស្មើ​នឹង​ចំនួន​ ១៧០៥៧ ​គ្រួសារ​នៃ​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់​ជា​ជន​បរទេស​អន្តោ​ប្រវេសន៍​ទាំងអស់។​

លោក​ សួន ​ប៊ុត​ម៉ៅ ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​គាំពា​រសិទ្ធិ​ក្រុម​ជនជា​តិ​ភាគ​តិច​ (MIRO)​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ដោយ​យោង​តាម​ការ​តាមដាន​ព្រឹត្តិ​ការណ៍​កន្លង​មក បាន​ឲ្យ​ដឹង​ថា ការ​ដក​ហូត​ឯក​សារ​មិន​ប្រ​ក្រតីពី​ជន​បរទេស​អន្តោ​ប្រវេសន៍ មាន​ផល​ប្រយោជន៍​ដូច​ជា​ការធ្វើ​វិសុទ្ធ​កម្ម​ ឯកសារ​ផ្លូវ​ច្បាប់ ​១ ​ប្រភេទ​ (​ប័ណ្ណ​ស្នាក់​នៅ​អចិ​​ន្រៃ្តយ៍​បរទេស​អន្តោ​ប្រវេ​សន៍ Permanent Resident Card Immigrant Alien)​ ឲ្យ​មាន​សុពល​ភាព​តាម​ផ្លូវ​ច្បាប់​ ១០០% ​ពី​ព្រោះ​ចាប់​ពី​ទសវត្សរ៍​ទី ៨០ ​ដល់​ ២០១៤ ​ការ​ចេញ​ប័ណ្ណ​អន្តោ​ប្រវេសន៍ ​និង​ការ​ទទួល​ស្គាល់​មិនទាន់​មាន​ស្តង់​ដា​ច្បាស់​លាស់​នៅ​ឡើយ។ ​បន្ទាប់​មក ​ជនប​រទេស​ទាំង​នោះ​អាច​មាន​សិទ្ធិសុំ​សញ្ជាតិ​បាន​តាមរយៈ​សញ្ជាតូប​នី​យ​កម្ម​បន្ទាប់​ពី​ពួក​គេ​បន្ត​ប័ណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍ជន​បរទេស​អន្តោ​ប្រវេសន៍ ៣​ ដង ​(​២ ​ឆ្នាំ​ម្តង)។​

​លោក​​​ថា​៖ ​«​(​យើង​ក៏សង្ស័យ​ផង​ដែរ)​ ផល​ប៉ះពាល់​ គឺ​ជា​ការអនុវត្ត​នីតិ​វិធី​ដក​ហូត​ នៅ​មាន​ភាព​លម្អៀង ​មាន​ន័យ​ថា​ អ្នកខ្លះ​មិន​ត្រូវ​បាន​​ដកហូត​ទេ​ប្រសិន​បើ​ពួក​គេ​ជា​អ្នក​មាន​ប្រាក់​ជា​ដើមដូច​ជា​នៅ​ក្រុង​កំពង់​ឆ្នាំង។​ តាម​ការ​អង្កេត​យើង​មិន​មាន​តួលេខ​ជាក់​លាក់​ទេ​ប៉ុន្តែ​ជន​អន្តោប្រវេ​សន៍វៀត​ណាម​រស់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺ​មា​ន​ចំនួន​ច្រើន​ណាស់»៕​