ភ្នំពេញៈ មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្ដែងក្ដីព្រួយបារម្ភកាន់តែខ្លាំងជុំវិញការបំផ្លាញបុរាណស្ថាននានានៅទូទាំងប្រទេស ដោយសារតែមូលហេតុនៃកំណើនជីកកាយយកអាចម៍ដីទៅចាក់សម្រាប់ពុះដីឡូត៍លក់ និងការឈូសឆាយដីព្រៃកាន់កាប់។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃម្សិលមិញថា បច្ចុប្បន្នបុរាណស្ថានរងការបំផ្លាញកាន់តែខ្លាំង ដោយសារកើតមានកាន់តែច្រើននូវការពុះដីឡូត៍លក់ ការឈូសឆាយទន្ទ្រានយកដីសាធារណៈ និងដីព្រៃធ្វើជាកម្មសិទ្ធិឯកជន។
លោកឲ្យដឹងថា បុរាណស្ថានឬហៅថា ទួលបុរាណគឺសំដៅទៅលើទួលប្រាសាទ គ្រឹះប្រាសាទ វត្តបុរាណ ស្រះបុរាណ ឬស្ពានបុរាណជាដើម។ ទួលបុរាណត្រូវបានគេចែកចេញជា ៣ ប្រភេទ ទី ១ ទួលគោរពបូជាដែលមានជាទួលប្រាសាទ ទួលអ្នកតា ឬទួលតម្កល់ព្រះបដិមា ទី ២ កន្លែងកប់សាកសពបុរាណដែលសព្វថ្ងៃកំពុងរងការបំផ្លាញដោយសារការជីករុករកវត្ថុមានតម្លៃ ដូចជាអង្កាំ និងមាសជាដើម ហើយទី ៣ កន្លែងមនុស្សរស់នៅដែលជាភូមិចាស់។ ករណីនេះមានការប្ដឹងផ្ដល់គ្នាឡើងតុលាការជុំវិញការធ្វើឱ្យប៉ះពាល់ដល់បុរាណស្ថាន គឺមាន ៤ ករណី ដោយ ១ ករណីស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ក្បែរភ្នំប្រសិទ្ធិ៍ ស្របពេលទីនោះបានកើតមានការជីកយកអាចម៍ដីពីបុរាណស្ថានសម្រាប់យកទៅចាក់ធ្វើជាដីឡូត៍ លក់ និង ២ ករណីទៀតកើតមាននៅស្រុកកៀនស្វាយ និងស្រុកកណ្ដាលស្ទឹង ហើយករណីប្ដឹងផ្ដល់គ្នាក្ដៅគគុកបំផុតគឺ នៅលើភ្នំដោះក្រមុំស្ថិតក្នុងសង្កាត់ក្រុងសែនមនោរម្យ ខេត្តមណ្ដលគិរី។
លោកថា៖ «បើនិយាយអំពីបញ្ហាប្រឈមនៅលើការគ្រប់គ្រងបុរាណដ្ឋានទាំងអស់ គឺយើងមានការប្រឈមខ្លាំងណាស់ឥឡូវ ដោយសារសម្ទុះនៃការវិវឌ្ឍដីធ្លី មនុស្សចេះតែកើត តែដីវាអត់កើត ដល់អ៊ីចឹង ការច្បាមយក ការលួចបំផ្លាញ និងការជីករកវត្ថុបុរាណសុទ្ធតែជាបញ្ហាប្រឈម។ ចំពោះករណីប្ដឹងផ្ដល់គ្នាមាននៅលើភ្នំដោះក្រមុំ ដែលបងប្អូនជនជាតិ ភាគតិចប្រហែល ១ ពាន់គ្រួសារជាងប្ដឹងមកក្រសួង ហើយក្រសួងបានធ្វើកិច្ចការងារនេះតាំងពីឆ្នាំ ២០១៦ ដែលមានការព័ទ្ធយកដីហើយឈូសឆាយកាប់ព្រៃទន្ទ្រានដែលជាមជ្ឈមណ្ឌលជនជាតិភាគតិច និងជាទីតាំងបុរាណស្ថាន»។
លោក វុទ្ធី អះអាងថា បើគិតចាប់ពីឆ្នាំ ២០០៣ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីនគរបាលក្រសួងមហាផ្ទៃខាងបេតិកភណ្ឌចេញបង្ក្រាបការរំលោភបុរាណស្ថានបានជិត ៧០០ ករណី។ ចាប់តាំងពីឆ្នាំ ២០០៨ មក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យមន្ទីររបស់ខ្លួនគ្រប់ខេត្ត-ក្រុងចុះប្រមូលនិងចុះបញ្ជីរាល់បុរាណស្ថានទាំងអស់នៅទូទាំងប្រទេស ដើម្បីថែរក្សា និងអភិរក្សជាសម្បត្តិជាតិ ស្របពេលមានបុរាណស្ថានចំនួន ៦៦៤៤ ហើយត្រូវបានចុះបញ្ជីជាផ្លូវការ ខណៈមន្ត្រីជំនាញពាក់ព័ន្ធ កំពុងបន្តស្វែងរកបុរាណស្ថានផ្សេងទៀតដើម្បីកំណត់ និងចុះបញ្ជីបន្ថែម។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានអះអាងដែរថា ជារៀងរាល់ឆ្នាំ មន្ត្រីជំនាញតែងចុះទៅតាមដានអំពីទីតាំងបុរាណស្ថានទាំងអស់ដែលចុះបញ្ជី។
លោកថា៖ «ការងារនេះ យើងធ្វើយូរហើយ ហើយចុះជារៀងរាល់ឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាព តាមផែនការរបស់ក្រសួង ថាតើអ្វី (បុរាណស្ថាន) ហ្នឹងដែលបានចុះបញ្ជីហើយ មានរេចរឹលយ៉ាងម៉េច ឬមានបញ្ហាប្រឈមអ្វីខ្លះ?។ ចង់និយាយថា យើងចុះទៅឆែក និងកំណត់ទំហំពីព្រោះកន្លងមក ទួលបុរាណយើងអត់ទាន់កំណត់ទំហំឱ្យអស់ទេ កំណត់តាមរយៈបោះបង្គោលអ៊ីចឹង តែលើកហ្នឹងយកទៅកំណត់ទំហំ ថាឥឡូវប៉ុន្មានម៉ែត្រការ៉េ ដើម្បីចៀសវាងការភាន់ច្រឡំរបស់ប្រជាពលរដ្ឋនៅជុំវិញហ្នឹង»។
លោក វុទ្ធី ថា ច្បាប់សម្រាប់ការពារបុរាណស្ថានត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៩៣៕