ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមាន និងបិទអាជីវកម្មម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរយៈពេល ១ ឆ្នាំប្រសិនបើរថយន្តនោះបន្តដឹកលើសចំណុះផ្គើនការណែនាំ។
ការព្រមាននេះធ្វើបន្ទាប់ពីក្រសួងបានឃាត់រថយន្តដឹកលើសចំណុះជិត ២០០ គ្រឿងនៅទូទាំងប្រទេស។
ក្នុងគេហេទំព័ររបស់ក្រសួងសាធារណការដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថានៅក្នុងអំឡុងខែកក្កដាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តបានឃាត់រថយន្តដឹកលើសទម្ងន់ ១៩០ គ្រឿង និងពិន័យជាប្រាក់បានប្រមាណ ៤៥៩ លាននិង ៣៨ ម៉ឺនរៀល។
ក្រសួងបានបន្តថា៖ «យើងសង្កេតឃើញថាចំនួនរថយន្តដែលចាប់បានទាំងនេះមានការធ្លាក់ចុះ ៧៥ គ្រឿងពី ២៦៥ គ្រឿងនៅក្នុងខែមិថុនាមកត្រឹម ១៩០ គ្រឿងក្នុងខែកក្កដា»។ នៅក្នុងចំណោមរថយន្តទាំងនោះផ្ទុកលើសទម្ងន់កំណត់ជាមធ្យមចាប់ពី ០៤ តោនរហូតដល់ ៣៣ តោន។
តាមរបាយការណ៍របស់ក្រុមការងារជំនាញបានរកឃើញថារថយន្តចំនួនពីរគ្រឿងក្នុងចំណោមរថយន្តទាំងអស់ដែលឃាត់បាននោះគឺដឹកលើសចំណុះពី ៣៨ ទៅ ៤៨ តោន។
ក្រសួងបានសង្កត់ធ្ងន់ថា៖ «ចំពោះករណីនេះយើងបានធ្វើការព្រមានដល់ម្ចាស់យានយន្តដែលបានដឹកលើសទម្ងន់ទាំង ២ គ្រឿងនោះថាប្រសិនបើមានករណីបែបនេះកើតឡើងម្តងទៀតក្រសួង និងមន្ត្រីមានសមត្ថកិច្ចនឹងធ្វើការឃាត់រថយន្តទុករយៈពេល ០១ ឆ្នាំ និងបិទការធ្វើអាជីវកម្មរយៈពេល ០១ ឆ្នាំព្រមទាំងដកហូតប័ណ្ណបើកបររយៈពេល ០២ ឆ្នាំផងដែរ»។
អ្នកនាំពាក្យក្រសួងសាធារណការលោក វ៉ា ស៊ឹមសុរិយា បានថ្លែងថានឹងមិនបន្តអនុគ្រោះដល់រថយន្តទាំងឡាយដែលដឹកលើសចំណុះទៀតទេហើយនិងផាកពិន័យយ៉ាងតឹងរ៉ឹង។
លោកបានបន្តថា៖ «ពីដើមយើងអនុគ្រោះខ្លះតែឥឡូវអត់អនុគ្រោះទេចឹងការផាកពិន័យតឹងតែងណាស់ចាប់តាំងពីខែមេសាពេលខ្លះគាត់ដាក់ទំនិញលើសអាចចំណេញបង់ឱ្យក្រៅច្បាប់ប៉ុន្តែការធ្វើបែបនេះមិនអាចទូទាត់ជាមួយការផាកពិន័យទេព្រោះយើងពិន័យច្រើនជាងចឹងគាត់មិនអាចចំណេញបានទេ»។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា ថ្លែងថាការឃាត់រថយន្តដឹកលើសចំណុះជារឿងប្រសើរតែលោកក៏ជំរុញឱ្យក្រសួងរឹតបន្តឹងទៀតខណៈរថយន្តមួយចំនួននៅតែបន្តដឹកលើសទម្ងន់ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត៕