ភ្នំពេញៈ នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ព្រហ្ម យ៉ន ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ សីហា ថា មន្ត្រី​ជំនាញ​បាន​និង​កំពុង​ចុះ​ណែនាំ​ពលរដ្ឋ​ដែល​ដាក់លក់​ហ្គាស​នៅតាម​ទីតាំង​នានា​ជា​បណ្តើរៗ​ហើយ​។ ការចុះ​ណែនាំ​នេះ​ធ្វើឡើង ក្រោយពី​អភិបាល​រាជធានី​លោក​ ឃួង ស្រេង ប្រាប់​មន្ទីរជំនាញ​ឲ្យ​ណែនាំ ឬ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ឲ្យ​អស់​។

លោក ព្រហ្ម យ៉ន បញ្ជាក់​ថា ប្រសិន​បើ​រកឃើញ​ថា​អ្នកណា​មិន​មាន​ច្បាប់​ត្រឹមត្រូវ សមត្ថកិច្ច​នឹង​បិទ​ទីតាំង​គាត់ អ្នកណា​មាន​ច្បាប់​ត្រឹមត្រូវ សមត្ថកិច្ច​ពន្យល់​អំពី​វិធានការ​សុវត្ថិភាព​ដល់​ពួកគាត់​។

​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង កាលពី​ថ្ងៃទី​ ៦ ខែសីហា បាន​ណែនាំ​ដល់​មន្ទីរជំនាញ​ត្រូវ​ណែនាំ ឬ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ គ្មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដា​ត្រឹមត្រូវ​ឲ្យ​អស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រការ​ណាមួយ​។

លោក យ៉ន បញ្ជាក់ថា​៖ «​យើង​កំពុង​ប្រជុំ​សម្រេច​ថា យើង​ត្រូវ​ធ្វើម៉េច ដើម្បី​ចុះទៅ​ឲ្យ​ការងារ​រលូន ហើយ​ពួកគាត់​មាន​ការទទួល​យល់ដឹង សាទរ និង​ចូលរួម​ជាមួយ​ពួកយើង​ដើម្បី​វិធានការ​សុវត្ថិភាព​ដល់​ពួកគាត់ ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ​»​។

លោក​ ថេង សុថុល អភិបាលខណ្ឌ​ចំការមន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ធ្វើ​កិច្ចការងារ​នោះ​បាន​ខ្លះៗ​ហើយ​។ លោក​ថា ប្រសិន​បើ​រកឃើញ​មាន​កន្លែង​ដាក់លក់​ហ្គាស ដែល​គ្មាន​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ វិធានការ​ដំបូង​គឺ​ត្រូវ​ធ្វើការ​អប់រំ​ណែនាំ​។

លោក​ថ្លែងថា​៖ «​កិច្ចការ​ហ្នឹង គឺ​យើង​ត្រូវ​សហការ​ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ណែនាំ ឬ​ធ្វើ​កិច្ចសន្យា​ក៏​ដូចជា​ណែនាំ​ឲ្យ​ពួកគាត់​មាន​ការទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​»​។ លោក​ថា ក្រោយ​ការអប់រំ ណែនាំ​ហើយ​បើ​ពួកគាត់​នៅតែ​បំពាន​មិន​ព្រម​កែប្រែ ឬក៏​ពិនិត្យ​ឃើញ​ថា​នៅតែ​មាន​ខុស​លក្ខណៈ​បច្ចេកទេស នោះ​ទើប​មាន​វិធានការ​ផ្សេង​ក្រៅ​ពី​នោះ​ទៀត​។

លោក​ ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹងថា​៖ «​នៅពេល​រកឃើញ​ថា កន្លែង​ដាក់លក់​ហ្គាស​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដំបូង គឺ​យើង​ត្រូវ​ធ្វើការ​អប់រំ​ណែនាំ និង​ទុក​ពេលវេលា​ឲ្យ​គាត់​ផ្លាស់ប្តូរ​ទៅរក​ទីតាំង​ណា​សមរម្យ ហើយ​ងាយស្រួល​ក្នុង​ការពន្លត់​ប្រសិនបើ​មាន​ហានិភ័យ​កើតឡើង​»​។ លោក​ ដារិទ្ធ ​បន្ត​ថា​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់​បិទ​ទីតាំង​ភ្លាមៗ​នោះទេ​។ ប្រជាពលរដ្ឋ​ជា​អ្នកលក់​ហ្គាស​បាន​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​។

លោក​ ជា រ៉ា អ្នក​បញ្ចូល​ហ្គាស​នៅ​ម្តុំ​ផ្លូវលំ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ គាំទ្រ​ទៅ​លើ​ចំណាត់ការ​នេះ​។ លោក​បាន​លើកឡើង​ថា នេះ​ជា​វិធី​ល្អ​មួយ​ដើម្បី​ធ្វើឲ្យ​មាន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​កន្លែង​ដាក់លក់ និង​បញ្ចូលហ្គាស​។

បុរស​រូបនោះ​និយាយ​ថា​៖ «​ហ្គាស​ដែល​ខ្ញុំ​បញ្ចូល​លក់​ឲ្យ​គេ​នេះ គឺ​ទទួល​យក​ពី​ដេប៉ូ​ដែរ ហេតុនេះ​ប្រសិនបើ​គេ​ដាក់​ធុង​ប្រភេទ​ណា​មក យើង​ត្រូវ​ទទួល​ទៅ​តាម​នោះដែរ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ចំណាត់ការ​ថ្មី​របស់​អាជ្ញាធរ​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​ងាយស្រួល​ជាង​មុន​ក្នុង​ការទទួល​បាន​ធុង​ហ្គាស​ដែលមាន​គុណភាព​ស្តង់ដា មិន​បារម្ភ​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើតមានឡើង​»​។

លោក​ រ៉ា បញ្ជាក់​ថា​នៅ​កន្លែង​បញ្ចូល​ហ្គាស​មិន​ងាយ​មាន​ការផ្ទុះ​កើតឡើង​ទេ លុះត្រាតែ​មាន​ការធ្វេសប្រហែស​។ ធ្វេសប្រហែស​ត្រង់​ថា អ្នកខ្លះ​បញ្ចូល​ហ្គាស​បណ្តើរ​ជក់បារី​បណ្តើរ ឬ​ក៏​អ្នក​បញ្ចូល​អត់​មាន​បច្ចេកទេស មិន​ធ្លាប់​ឆ្លងកាត់​វគ្គ​សិក្សា​ជាដើម​។

អ្នកលក់ និង​បញ្ចូល​ហ្គាស​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ​ម្នាក់​ទៀត លោក​ សេង ហាក់ ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា​កន្លែង​ទុកដាក់​ហ្គាស​ត្រូវ​មាន​លម្ហ​គ្រប់គ្រាន់​មិន​ត្រូវ​រក្សាទុក​នៅ​ទីកន្លែង​បិទ​ហប់​ជិត​នោះទេ​។ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ផ្សេងៗ​អាច​កើតមាន​ឡើង​ព្រោះ​ការហៀរ​ហ្គាស​ចេញ​ប្រតិកម្ម​ជាមួយ​ភ្លើង​។

លោក​ថា​៖ «​កន្លែង​លក់​ហ្គាស​តូចៗ​បំផុត​ដែល​គ្មាន​បច្ចេកទេស​មួយ​ចំនួន​គាត់​ដាក់​លក់​លាក់ៗ ព្រោះ​ខ្លាច​គេ​ដឹង ហើយ​អ្នក​ខ្លះទៀត​យក​ធុង​ហ្គាស​ទៅ​ទុក​ក្នុង​បន្ទប់​តូចចង្អៀត​ដោយ​ខ្លាច​វា​ផ្ទុះ ប្រសិន​បើ​នៅ​ហាលថ្ងៃ​»​។

លោក​ ហាក់ បន្ថែម​ថា​ការពិត​ធុង​ហ្គាស​ល្អ​បំផុត​គឺ​ទុក​នៅ​ទី​មាន​លម្ហ​ធំ​ទូលាយ ទោះ​ជា​ហាលថ្ងៃ​ក៏ដោយ​វា​មិន​បង្ក​ឲ្យ​ផ្ទុះ ឬ​ហានិភ័យ​ផ្សេងៗ​កើតឡើង​ឡើយ​។ ម្យ៉ាងទៀត​ធុង​ហ្គាស​ធំៗ តែង​មាន​ក្បាល​បិទ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ហ្គាស​ហៀរ​ចេញ​។ មាន​បទពិសោធ​ក្នុង​ការលក់​ហ្គាស​ជិត​ ២០ ​ឆ្នាំ​លោក ហាក់ កត់សម្គាល់​ឃើញ​ថា អ្នកលក់​ហ្គាស​គ្មាន​បច្ចេកទេស​មួយចំនួន​គឺ​ប្រកបរបរ​រកស៊ី​តាម​គេ ដាក់​លក់​ផ្តេសផ្តាស​មិន​បាន​សិក្សា​រៀនសូត្រ​ឲ្យ​ដឹង​ច្បាស់​ពី​ហ្គាស​។

អ្នកលក់​ហ្គាស​នោះ​និយាយ​ថា​៖ «​អ្នកខ្លះ​ឃើញ​គេ​រកបាន​ចង់​រក​ដែរ អត់​ជំនាញ​ក្នុង​ការលក់ អត់​ដឹង​ថា​ហ្គាស​ហ្នឹង​បង្កហេតុ​ដោយសារ​អី​ទេ​។ ​ដំបូង​អ៊ីចឹង​ឲ្យ​តែ​ឃើញ គេ​លក់ដាច់​ចេះតែ​លក់​ដែរ​ទៅ ហ្នឹង​កន្លែង​លក់​ហ្គាស​តូចៗ​»​។

លោក ឆេង សុខនី អ្នកលក់ និង​បញ្ចូល​ហ្គាស​នៅ​ភូមិ​ស្លែងរលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ឲ្យ​ដឹងថា កន្លែង​លក់​ហ្គាស​មិន​ត្រូវ​ដាក់​ឡូកឡំ​ជាមួយ​របស់​ផ្សេងៗ​ទេ​។ បើ​លក់​ហ្គាស​ឲ្យ​ដឹងថា​ហ្គាស កាលណា​លាយឡំ​គ្នា​មិន​ច្បាស់លាស់​អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ផ្សេងៗ​កើតឡើង​ដូចជា​ផ្ទុះ​ជាដើម​។

លោក​ សុខនី បញ្ជាក់ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា កន្លែង​លក់​ហ្គាស​ដែល​មាន​ការផ្ទុះ​កើតឡើង​គឺ​ដោយសារ​តែ​ទុកដាក់​ហ្គាស​មិន​ត្រឹមត្រូវ​។ អ្នកខ្លះ​លក់​ហ្គាស​ផង ផ្សារ និង​ជួសជុល​កង្ហារ​ផង ហ្នឹង​ជាហេតុ​ធ្វើឲ្យ​ងាយ​មាន​ហានិភ័យ​កើតឡើង​»​។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​ ១៨ ​ខែ​កក្កដា​ហាង​លក់​ហ្គាស​ ១ ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​ ៣ រាជធានី​ភ្នំពេញ​មាន​ការផ្ទុះ​ធុងហ្គាស​ដែល​បណ្តាល​ឲ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ៥ ​នាក់​ផ្សេងទៀត​រងរបួស​។ មូលហេតុ​នៃ​ការផ្ទុះ​នេះ ដោយសារ​តែ​ការផ្សារ​ធុងហ្គាស​ខុស​បច្ចេកទេស បង្ក​ឲ្យ​ផ្ទុះ​ធុងហ្គាស ហើយ​បង្កើត​ជា​អគ្គិភ័យ​តែម្ដង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​៕