ស្ទឹងត្រែងៈ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានណែនាំ និងអប់រំប្រជានេសាទជាង ១០០ នាក់ បន្ទាប់ពីពួកគេបានប្រើប្រាស់ឧបករណ៍នេសាទ ដែលត្រូវបានហាមឃាត់ក្នុងអំឡុងពេលបិទនេសាទទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ត្រីពង។
ទីតាំងដែលខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានធ្វើការអប់រំ ណែនាំដល់ប្រជានេសាទនេះស្ថិតនៅទន្លេ ៤ គឺមានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលទន្លេទាំង ៤ នោះជាតំបន់ជង្រុក ត្រីមេពូជសំខាន់ៗ និងអន្លង់ជ្រៅៗ ដែលជាទីជម្រកត្រី និងមួយចំនួនជាតំបន់ផ្សោត។
រដ្ឋាភិបាលបានប្រកាសបិទរដូវនេសាទសម្រាប់ឆ្នាំ ២០២១ ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី ៣០ កញ្ញា ចំពោះដែននេសាទទឹកសាបដែលនៅប៉ែកខាងជើងខ្សែស្របទន្លេចតុមុខ។ ចំណែកផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាលស្ថិតនៅផ្នែកខាងត្បូងនៃខ្សែស្របទន្លេចតុមុខ រដូវបិទនេសាទ នឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែកក្កដា ដល់ទី ៣១ ខែតុលា ខណៈខេត្តស្ទឹងត្រែង រដូវបិទនេសាទ ត្រូវបានចាប់ផ្ដើមពីថ្ងៃទី ១ ឧសភា ដល់ខែតុលា។ ព្រោះត្រីមេពូជមួយចំនួនបានចាប់ផ្ដើមបង្កាត់ពូជ និងពង កូនជាបណ្ដើរៗនៅតាមអន្លង់ទឹកជ្រៅ។
លោកស្រី សមវិចិត្រ នាយកស្ដីទីនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបិទរដូវនេសាទ ក្នុងខេត្តនេះគឺមានអ្នកនេសាទជាង ១០០ នាក់ ដែលត្រូវបានទទួលការអប់រំ ណែនាំ ដោយសារតែពួកគាត់ ប្រើប្រាស់ឧបករណ៍ដែលបានហាមឃាត់។ លោកបន្តថា ក្នុងពេលនេះ គឺខណ្ឌរដ្ឋបាលជលផលខេត្ត មិនទាន់ដាក់ទោសទណ្ឌអ្នកនេសាទណាម្នាក់នោះទេ ដោយប្រើប្រាស់យន្តការនៃការអប់រំជាមុនសិន។
លោកបន្តថា៖ «ខេត្តយើង ដល់រដូវបិទនេសាទ អ៊ីចឹងប្រជានេសាទយើងនៅប្រើប្រាស់ឧបករណ៍មុង ដូច្នេះខាងយើងក៏បានអប់រំ ណែនាំ ចុះផ្សព្វផ្សយ [ជូន] ពួកគាត់។ នៅក្នុងពេលបិទនេសាទនេះ នៅពេលយើងចុះទៅឃើញ ជាជំហានដំបូង យើងអប់រំគាត់ ដោយមិនទាន់ធ្វើវិធានការក្តៅទេ ដោយចង់អប់រំសិន។ ប្រសិនជាគាត់មិនស្តាប់បាន យើងអនុវត្តតាមច្បាប់»។
ក្រៅពីនេះលោកក៏បានអំពាវនាវដល់អ្នកនេសាទទាំងអស់ អំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយប្រើប្រាស់ឧបករណ៍មងគ្រប់ប្រភេទ ឬឧបករណ៍ដែលបានហាមឃាត់ដទៃទៀតនោះទេ។ ព្រោះថា ក្នុងរដូវនេះ គឺនឹងប៉ះពាល់ត្រីមេពូជអំឡុងពេលបង្កកំណើត។
លោកបញ្ជាក់ថា៖ «ក្នុងរដូវបិទនេសាទ សូមឲ្យបងប្អូនមេត្តាបញ្ឈប់ជាបន្ទាន់ នូវការប្រើឧបករណ៍ខុសច្បាប់ដូចជា ឆក់ ប្រើថ្នាំ បំពុល និងគ្រឿងផ្ទុះ ដែលនាំឲ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។ ព្រោះថាទិន្នផលត្រីក្នុងរដូវនេះ យើងមិនទាន់អាចព្យាករណ៍បាននោះទេ ហើយការទទួលបានទិន្នផលត្រីច្រើន ក៏អាស្រ័យលើកត្តាទាំងផងដែរ ដោយយើងបានទប់ស្កាត់ក្នុងរដូវបិទនេសាទបានល្អ និងកត្តាធម្មជាតិ»៕
វីដេអូ៖