ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យដឹងថា ការនេសាទត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ នៅតាមគន្លងដាយនេសាទត្រីក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនឹងទទួលបានផលច្រើនក្នុងរយៈពេលជិត ១ សប្ដាហ៍។ យោងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលស្ដីពី «រដូវធ្វើប្រហុក ផ្អក» ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០។
លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនោះថា ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះទេនោះ គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៦ ខែធ្នូនេះ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្តធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ប្រញាប់អញ្ជើញមកទិញត្រី ក្នុងខែបុស្សនេះ ឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូន។
ទោះជាបែបណាក្ដីនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅតាមគន្លងដាយត្រីនីមួយៗក្នុងដងទន្លេសាបភូមិសាស្ត្រស្រុកពញាឮ មានការចាប់ត្រីបានច្រើនបង្គួរ គឺចន្លោះពី ២៥០ គីឡូក្រាមទៅ ៣០០ គីឡូក្រាមក្នុង ១ សំណាញ់ដាយត្រី។ ចំនួននេះគឺគេចាប់បានរាល់ ១ ម៉ោងម្ដង។
លោកថ្លែងថា៖ «តាមរយៈការចុះពិនិត្យស្ថានភាពនៃការនេសាទត្រីតាមគន្លងដាយត្រីនាពេលនេះយើងរំពឹងថា ត្រីនឹងចាប់បានកាន់តែច្រើនថែមទៀតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែធ្នូនេះ ប៉ុន្តែតម្លៃត្រីប្រហុកអាចនឹងថ្លៃជាងឆ្នាំមុន»។
បើតាមលោក សុភារិទ្ធិ តម្លៃត្រីប្រហុកដែលបានលក់ចេញពីគន្លងដាយត្រី ក្នុងភូមិសាស្ត្រស្រុកពញាឮ នាពេលនេះថ្លៃ ៣ ០០០ រៀល ក្នុង ១ គីឡូក្រាម ជាតម្លៃមួយដែលធ្វើឱ្យប្រជាពលរដ្ឋរារែកនៅក្នុងការចុះប្រមូលទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់បម្រុងទុកបរិភោគប្រចាំឆ្នាំ។
ចំណែកលោក ងិន ឌី នាយខណ្ឌជលផលរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា សម្រាប់គន្លងដាយត្រីទាំង ១០ ទីតាំងក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ នាពេលនេះចាប់ត្រីបានជាមធ្យមក្នុងចន្លោះពី ១៥០ គីឡូក្រាមទៅ ២០០ គីឡូក្រាម ក្នុង ១ សំណាញ់ដាយត្រី និងក្នុងរយៈពេល ១ ម៉ោងម្ដង។
លោក ឌី បានថ្លែងថា៖ «នេះជាសញ្ញាមួយដែលបង្ហាញថារដូវត្រីប្រហុកនឹងមកដល់នាដើមសប្ដាហ៍ខាងមុខនេះ»។
លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានក្នុងរាជធានី-ភ្នំពេញជួយការពារសុវត្ថិភាព សន្តិសុខ និងសម្រួលដល់ការស្នាក់នៅជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តឆ្ងាយៗ ដើម្បីធ្វើប្រហុក ផ្អក នៅតាមតំបន់នានា ដែលមន្ត្រីជំនាញបានជូនដំណឹង ហើយសកម្មភាពនេះចាប់ផ្ដើមនាដើមសប្ដាហ៍ខាងមុខនេះ៕
វីដេអូ៖