សៀមរាបៈ មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត​សៀមរាប​បាន​តម្រូវ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជីក​បក​ដីស្រែ​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​ចំនួន​ ២ ​កន្លែង​​ មក​បំពេញបែបបទ និង​បង់​ពិន័យ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ផ្អាក​សកម្មភាព និង​បាន​ឃាត់​គ្រឿងចក្រ​ទុក​នៅនឹង​កន្លែង​ក្នុង​ឃុំ-ស្រុក​បាគង ខេត្ត​សៀមរាប​កាលពី​ចុង​សប្ដាហ៍​មុន​។

កាលពី​ថ្ងៃទី​ ១៥ ខែមករា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប​​សហការ​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ដែនដី​បាន​ផ្អាក​សកម្មភាព​ជីកដី​ស្រែ​យក​អាចម៍ដី​​លក់ និង​ឃាត់​គ្រឿងចក្រ​ទុក បន្ទាប់ពី​រកឃើញ​ថា ការដ្ឋាន​ទាំង​ ២ ​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​ការហាមឃាត់​សកម្មភាព​ទាំងនេះ ក្រុមមន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ការដ្ឋាន​ទាំង​ ២ ​ទីតាំង​នោះ​មក​បំពេញបែបបទ ដើម្បី​សុំ​ការអនុញ្ញាត​ធ្វើ​អាជីវកម្ម​ទៅ​តាម​ផ្លូវច្បាប់​។

លោក​ថា​៖ «​ទន្ទឹម​នឹង​នេះ​ក្រុមការងារ​យើង​បាន​តម្រូវ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជីកបក​ដីស្រែ​ទាំង​ ២ ទៅ​បង់ប្រាក់​ផាកពិន័យ​តាម​មាត្រា​ ៣៥ ​ថ្មី​នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​»​។

លោក​បាន​ពន្យល់ថា តាម​មាត្រា​នៃ​ច្បាប់​ខាងលើ​នេះ​ម្ចាស់​ការដ្ឋាន​ទាំងនោះ​​ត្រូវ​ប្រឈម​ការផាកពិន័យ​ទ្វេដង​នៃ​តម្លៃ​ប៉ាន់ស្មាន​លើ​ផលិតផល​រ៉ែ និង​បរិមាណ​រ៉ែ​ដែលមាន​ក្នុង​ទីតាំង​នោះ​ ឬ​ពិន័យ​ជា​ប្រាក់​ ១,៥ ​លាន​រៀល​ក្នុង​ ១ ​ថ្ងៃ​គិតពី​ថ្ងៃ​ចាប់ផ្ដើម​ប្រតិបត្តិការ​អត់​ច្បាប់​រហូត​ដល់​ថ្ងៃ​ត្រូវបាន​បញ្ឈប់​។ ​

ក្នុងករណី​នៅ​តែ​បន្ត​លួច​ធ្វើ​សកម្មភាព​ជីក​បក​ដីស្រែ​នោះ​អត់​ច្បាប់​ទៀត ពួកគាត់​អាច​រង​ពិន័យ​ជា​ប្រាក់​ទ្វេដង ដូច​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី​ ១ ​នៃ​មាត្រា​ (៣៥ ​ថ្មី​) ​នេះ​ ឬ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ​ដោយ​មិនទាន់​គិតដល់​សំណង​ខូចខាត​ផ្សេង​ទៀត​។ រីឯ​ឧបករណ៍​គ្រឿងចក្រ ផលិតកម្ម​ផ្សេងទៀត​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។

លោក​ សូរ ប្លាតុង អភិបាលស្រុក​បាគង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដ្ឋាន​ជីកបក​ដីស្រែ​ទាំង​ ២ ​នោះ ទើបតែ​ចាប់ផ្ដើម​​ប្រតិបត្តិ​ប៉ុណ្ណោះ ដោយ​ប្រើ​គ្រឿងចក្រ​ទាំង​ជីក និង​ដឹកជញ្ជូន​ជិត​ ១០ ​គ្រឿង​ក្នុង​នោះ​ការដ្ឋាន​ទី​ ១ ​ជីក​បាន​ទំហំ ៣០x៦០ ​ម៉ែត្រ ឯការដ្ឋាន​ទី​ ២ ជីក​បាន​ទំហំ​ ៣០x៥០ ​ម៉ែត្រ និង​ជម្រៅ​ ០,៤ ​ម៉ែត្រ ដូចគ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​គ្រឿងចក្រ​ទាំងនោះ​ត្រូវបាន​ឃាត់​ទុកជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការដោះស្រាយ​​តាម​នីតិវិធី​ច្បាប់​»៕