ភ្នំពេញៈ ​មន្ត្រី​ជំនាញ​កសិកម្ម​ និង​ធនធានទឹក​ក្នុង​ខេត្ត​ចំនួន​ ៣ ​គឺ​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​ កំពុង​បន្ត​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​រង​មួយចំនួន និង​​លើកកម្ពស់​ខ្នង​ទំនប់​ដើម្បី​ទប់ទឹក​ទុក​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង បន្ទាប់ពី​ការជួសជុល​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ជំហាន​បឋម​បានសម្រេច​ជោគជ័យ​។

លោក​ យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា បន្ទាប់ពី​បញ្ចប់​ការងារ​ជួសជុល​ខ្នង​ទំនប់ ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ក្រុមការងារ​របស់លោក​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​បន្ត​អនុវត្ត​ជំហាន​ទី​២ ​គឺ​ការជីក​ស្ដារ​ប្រព័ន្ធ​ប្រឡាយរង​មួយចំនួន​ទៀត​ ​ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​​ទឹក​របស់​ប្រជាកសិករ​ដែលមាន​ស្រែ​នៅ​ផ្នែក​ខាងលើ​។

លោក​ថ្លែងថា​៖ «​ក្នុងខណៈ​នេះ យើង​កំពុង​បន្ត​ការងារ​ជីក​ស្ដារ ប្រព័ន្ធ​ប្រឡាយ​រង និង​អូរ​មួយ​ចំនួន​ដើម្បី​ងាយស្រួល​ក្នុង​ការបញ្ជូន​ទឹក​ទៅ​តំបន់​ស្រែប្រាំង​របស់​កសិករ​នៅតាម​ទី​ខ្ពស់​»​។

បើតាម​លោក ប៊ុនរ៉ុម បទពិសោធ​ខ្វះ​ទឹក​ពី​ឆ្នាំមុន បាន​ធ្វើឲ្យ​កសិករ​ភាគច្រើន​ភ្ញាក់រឭក​​ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​ស្ដារ​ប្រព័ន្ធធារាសាស្ត្រ​ដែល​អាច​រក្សា​ទឹក​ទុក​បាន​ច្រើន​សម្រាប់ធ្វើ​ស្រែប្រាំង​។

ទោះយ៉ាងណា​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ តំបន់​ស្រែប្រាំង​មួយចំនួន​ក្នុង​ខេត្ត​នេះ​​អាច​ខ្វះ​ទឹក ពិសេស​តំបន់​ស្រែប្រាំង​​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ដែល​ស្ថិតនៅ​ទីទួល​ខ្ពស់ និង​ឆ្ងាយ​ពី​ប្រព័ន្ធ​ស្រោចស្រព​។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​​ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ បន្ទាប់ពី​បាន​ពិនិត្យឃើញ​កសិករ​ក្នុង​ស្រុក​នេះ​ដាំដុះ​ស្រូវប្រាំង​រហូត​ដល់​ទៅ​ ២៥០ ​ភាគរយ​ដែល​លើសពី​ផែនការ​ហើយ​ត្រូវ​ប្រើ​ទឹក​ច្រើន​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ផែនការ​ដាំដុះ​ស្រូវប្រាំង​សម្រាប់​ឆ្នាំ​ ២០២០-២០២១ ស្រុក​មង្គលបុរី​ដែល​តំបន់​ដីស្រែប្រាំង​ស្ថិត​​នៅ​ទីទួល​ខ្ពស់ និង​ឆ្ងាយ​ពី​ប្រភព​​ទឹក​ត្រូវ​បាន​កំណត់​ឲ្យ​ដាំដុះ​ត្រឹម ២ ០០០ ​ហិកតា​ប៉ុណ្ណោះ តែ​កសិករ​​បាននាំគ្នា​ដាំ​ដុះ​រហូត​ដល់​ ៥ ០០០ ​ហិកតា​។ នេះ​ជា​ក្ដីកង្វល់​របស់​​យើង​ពី​ការខ្វះ​ទឹក​»​។

បើតាម​លោក វណ្ណាសេដ្ឋ ការងារ​ដាំដុះ​ស្រូវ​ស្ដារឡើងវិញ​ក្រោយ​ទឹកជំនន់​សម្រេចបាន​ ១០០ ​ភាគរយ​ លើ​ផ្ទៃដី​ ១៩ ០០០ ​ហិកតា និង​ការដាំដុះ​ស្រូវប្រាំង​សម្រេច​លើស​ផែនការ​ ១០ ​ភាគរយ​ គឺ​ក្នុង​ផែនការ​បានកំណត់​ត្រឹមតែ​ ២០ ០០០ ​ហិកតា​ នៅ​ទូទាំង​ខេត្ត ប៉ុន្តែ​កសិករ​បាន​នាំគ្នា​ដាំដុះ​រហូតដល់ ២២ ០០០ ​ហិកតា​។

ចំណែក​លោក ឡុង ផល្គន ប្រធាន​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ការងារ​ជីក​ស្ដារ និង​តភ្ជាប់​ប្រព័ន្ធ​ប្រឡាយ​មេ​ ដើម្បី​នាំ​ទឹក​ពី​ទំនប់​ដែលមាន​ចម្ងាយ​ប្រមាណ​ ១២០ ​គីឡូម៉ែត្រ​​ ទៅ​តំបន់​ដីស្រែប្រាំង​ក្នុងស្រុក​មោងឫស្សី រុក្ខ​គិរី និង​ស្រុក​គាស់ក្រឡ​នៅ​ផ្នែក​ខាងលើ​ដំណើរការ​ជិត​ ១០០% ​ហើយ​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ​ក្រុមការងារ​យើង​កំពុង​បន្ត​កិច្ចការ​ជីក​ស្ដារ និង​កែសម្រួល​ខ្នង​ទំនប់ ដែល​ក្រាល​ក្រួស​ក្រហម​មក​ជា​ចាក់​បេតុង​ ដើម្បី​​ពង្រឹងគុណភាព​ខ្នង​ទំនប់ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​»​។

បើតាម​លោក ផល្គន ក្រសួង​ធនធានទឹក និង​ឧតុនិយម​មាន​គម្រោង​ពង្រីក និង​កែសម្រួល​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​នេះ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​ទុក​ប្រើប្រាស់ និង​ស្រោចស្រព​ប្រកប​ដោយ​និរន្តរភាព​។

លោក​ថា​៖ «​ជារួម​ការផ្គត់ផ្គង់​ទឹក​សម្រាប់​រដូវប្រាំង​ខាងមុខនេះ​​នឹង​មិនមាន​បញ្ហា​ប្រឈម​នោះទេ សម្រាប់​អ្នក​បាត់ដំបង លើកលែង​តែមាន​ការស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ខេត្ត​របស់​យើង​»​។

ស្រដៀង​គ្នា​នេះ​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ការជួសជុល​ខ្នង​ទំនប់ និង​ទ្វារ​ទឹក​នៃ​ទំនប់​ស្ទាក់​ទឹក​មួយចំនួន​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ និង​កំពុង​បន្ត​អនុវត្ត​ការងារ​គ្រប់គ្រង​ទឹក​សម្រាប់​ផ្គត់ផ្គង់​លើ​វិស័យ​កសិកម្ម​នា​រដូវប្រាំង​។

លោក​ថ្លែងថា​៖ «​ពេលនេះ​​យើង​មាន​អាង​ទឹកធំៗ​ចំនួន​ ២ ​ដែលមាន​ផ្ទុក​ទឹក​សរុប​ ៥០ ​លាន​ម៉ែត្រគុប​ ដែល​អាច​ធានា​ដល់​ការស្រោចស្រព​ស្រូវ​រដូវប្រាំង​បាន ៣០ ០០០ ​ហិកតា​»​។

យ៉ាងណាក្ដី​លោក​ ឡាយពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ពោធិ៍សាត់ បាន​ឱ្យដឹង​ពីថ្ងៃ​ទី​ ២១ ធ្នូ​ ថា ការដាំដុះ​ស្រូវ​ស្ដារ​ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​សម្រេច​បាន​តាម​ផែនការ​​លើ​ផ្ទៃដី ១៧ ៥០០ ​ហិកតា​។

ឯ​ផែនការ​ដាំដុះ​ស្រូវប្រាំង​គឺ​មន្ទីរ​បានកំណត់​ត្រឹមតែ​ ១២ ០០០ ​ហិកតា​ប៉ុណ្ណោះ​ទូទាំង​ខេត្ត​។

លោក​ថ្លែងថា​៖ «​ទិន្នន័យ​ការងារ​ដាំដុះ​ស្រូវប្រាំង​សម្រាប់​ឆ្នាំ ២០២០-២០២១ ​យើង​នៅ​មិនទាន់​ប្រមូល​បាន​អស់ពី​បណ្ដា​ស្រុក-ក្រុង​នោះទេ តែ​ការដាំដុះ​ស្រូវ​ស្ដារឡើងវិញ​ក្រោយ​ទឹកជំនន់​គឺ​បាន​សម្រេច​ ១០០%»​។

បើតាម​ទិន្នន័យ​នេះ ការផ្គត់ផ្គង់​ទឹក​សម្រាប់​កសិកម្ម​ក្នុង​រដូវប្រាំង​នេះ​អាច​នឹង​ខ្វះខាត ប្រសិន​បើ​កសិករ​ដាំដុះ​លើសពី​ផែនការ​ដែល​បានគ្រោង​ទុក​។

ដោយឡែក​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ វិញ ក្រុមមន្ត្រី​ជំនាញ​ធនធានទឹក និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សហការ​គ្នា​​បូមទឹក​ពី​ព្រែក​ឆុង ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ដើម្បី​ទម្លាក់​ទៅកាន់​បឹង​ឈើទាល​នៅ​ផ្នែក​ខាងលើ ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង ២១៧ ​ហិកតា​របស់​កសិករ​ក្នុង​ឃុំ​ព្រែក​អាជី ដែល​កំពុង​ប្រឈម​កង្វះ​ទឹក​។

លោក​ ហ៊ី លីហ៊ូវ មេឃុំ​ព្រែកអាជី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ដោយសារ​ឆ្នាំនេះ​ទឹក​មិនបាន​ជន់​លិច​ចូលទៅក្នុង​បឹង​តូចធំ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​របស់​លោក​ដូច្នេះ​ទើប​ធ្វើឲ្យ​កសិករ​ដែលមាន​ដីស្រែ​នៅ​ផ្នែក​ខាងលើ​ជួប​បញ្ហា​ខ្វះ​ទឹក​។

លោក​ថា​៖ «​ពេលនេះ​យើង​​បាន​សហការ​ជាមួយ​មន្ត្រី​ធនធាន​ទឹក បូមទឹក​ពី​ព្រែក​ឆុង​​ទៅ​សង្គ្រោះ​ហើយ​»​។

ក្រៅពី​ការងារ​បូមទឹក​សង្គ្រោះ​​ស្រូវប្រាំង​ក្រុម​មន្ត្រី​ជំនាញ​ក៏​​ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​​ម្ចាស់​ស្រែ កំពុង​បន្ត​សហការ​​គ្នា​ជីក​ស្ដារ​ប្រឡាយ និង​ដៃ​អូរ​ដើម្បី​នាំ​ទឹក​ពី​ប្រភព​ផ្សេងទៀត ចូលទៅ​កាន់​តំបន់​ស្រែប្រាំង​របស់​ពួកគេ​៕