សៀមរាបៈ អ្នក​ជំនាញ​​អាជ្ញាធរ​ជាតិ​អប្សរាបាន​រកឃើញ​រចនាស​ម្ព័ន្ធ​មួយ​ដែល​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ទឹក​កសិណ្ធុ​អង្គរ​វត្ត​​ ក្នុងពេល​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ដើម្បី​​ជួស​ជុល​រចនា​សម្ព័ន្ធ​ស្រះ​ និង​ស្តារ​ស្រះ​ត្រពាំង​សេះ​ដែល​មាន​ទីតាំង​នៅ​មុខ​ប្រាសាទ​អង្គ​រវត្ត​ប៉ែក​ខាង​ជើង​ ក៏ប៉ុ​ន្តែ​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​អាច​សន្និ​ដ្ឋាន​យ៉ាង​ណា​បាន​នោះ​ទេ។

លោក ​ឡុង ​កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ៨​ មេសា​នេះ​​ថា ក្រុម​អ្នកជំនាញនៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងសិក្សា​ស្រាវជ្រាវ​បន្ថែម​ ជុំវិញ​ករណី​ដែល​បាន​រក​ឃើញ​ថា មាន​រចនា​សម្ព័ន្ធ​បុរាណ​មួយ​អាច​ដែល​នឹងមាន​ទំនាក់​ទំនង​ជាមួយ​ទឹក​កសិណ​អង្គ​រវត្ត ដែល​ពេលនេះ​អ្នក​ជំនាញ​នៅ​មិន​ទាន់​អាច​វិនិច្ឆ័យ​បាន​នៅ​ឡើយ​។

លោក​ថ្លែង​ថា៖​ «យើង​ធ្វើ​កំណាយ​ហ្នឹង​ដើម្បី​ចង់​ស្វែង​យល់​អំពី​រចនាស​ម្ព័ន្ធ​បុរាណ​នៅ​ជុំវិញ​ត្រពាំង​ហ្នឹង។ ការងារ​ហ្នឹង​ក៏​យើង​បាន​រកឃើញ​​ថា​មាន​ការ​ភ្ជាប់​រចនា​សម្ព័ន្ធ​បុរាណ​មួយ​ដែល​ពេល​នេះ​យើង​នៅ​មិន​ទាន់​អាច​សន្និដ្ឋា​ន​យ៉ាង​ណា​បានទេ ប៉ុន្តែ​យើង​យល់​ថា​វា​មាន​ទំនាក់​ទំនង​រវាង​ស្រះ​ត្រពាំង​សេះ ជា​មួយ​នឹង​ទឹក​កសិណ្ធុអង្គរ​វត្ត​» ។

បើ​តាម​លោក​ កុសល មន្ត្រី​ជំនាញ​អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​ធ្វើការ​យ៉ាង​សស្រោក​សស្រាំក្នុង​កិច្ចកា​រងារ​ស្រាវជ្រាវ​ ដើម្បី​ជួស​ជុល​រចនា​សម្ព័ន្ធ​ស្រះ​នឹង​ស្តារ​ស្រះ​ត្រពាំង​សេះក្នុង​ពេល​ខាង​មុខ ឲ្យ​មាន​ភាព​ស្រស់​ស្អាត​គាប់​ភ្នែក​ភ្ញៀវ​ទេសច​រ ដោយ​ធ្វើ​ផ្លូវ​ដើរ​នៅ​ជុំវិញ​ស្រះ​ត្រពាំង​សេះ​និង​កន្លែង​សម្រាក​កម្សាន្ត​ផ​ងដែរ​។

លោក​ថា៖ «យើង​ធ្វើយ៉ា​ងណា​បើក​ទីកន្លែង​ហ្នឹង​ឲ្យ​ទៅជា​ទីកន្លែង​មួយ​ដែល​ភ្ញៀវ​ទេសច​រ​អាច​មើល​ឃើញ​ទឹក​ផងឃើញ​កំពូល​ប្រា​សាទ​អង្គរ​ពី​ចម្ងាយ​បាន​ផង អ៊ីចឹង​យើង​កាត់​មែកឈើ​ដែល​ប៉ះ​ពាល់​ទៅដល់​ទស្សនី​យភាព​ ជាមួយ​គ្នា​ហ្នឹង​យើង​ធ្វើ​ការ​ដាំ​ដើម​ឈើ ដាំ​ស្មៅ​នៅ​ទីកន្លែង​ហ្នឹង រៀបចំ​ថ្មី​ឲ្យ​មាន​ភាព​ទាក់​ទាញ»​ ។

បើតាម​លោក ​កុសល ​ក្រុម​អ្នក​ជំនាញ​បាន​ចាប់ផ្តើម​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​តាំង​ថ្ងៃទី​ ១​ ខែមីនា ហើយ​ធ្វើយ៉ាង​ណា​បញ្ចប់​ឲ្យ​មាន​មុន​រដូវ​វស្សា​មក​ដល់ ព្រោះ​ការ​ធ្វើ​កំណាយ មិន​អាច​ធ្វើឡើង​ពេល​មានភ្លៀង​ធ្លា​ក់​បាន​ទេ។

លោក​ ធឿន​ សុខុន មន្ត្រី​បុរាណ​វិទ្យា​នៃ​នាយកដ្ឋា​ន​អភិរ​ក្ស​ប្រាសា​ទ​ក្នុង​ឧទ្យាន​អង្គរនិង​បុរាណវិទ្យា​បង្ការថ្លែងថា ក្រុមការងារ​កំណាយរ​ប​ស់លោក បាន​រកឃើញ​សណ្ឋាន​នៃ​ទំនប់​ត្រពាំង​សេះ​មាន​ស្រទាប់​ច្រើន​ថ្នាក់​ដែល​រៀបចំ​ក្នុង​រចនា​សម្ព័ន្ធ​របស់​ទំនប់។

លោក​បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​បាន​បើក​រណ្ដៅ​កំណាយ​ចំនួន ​១១​ ទីតាំង និង​បាន​ប្រទះ ​ឃើញ​កុលា​លភាជន៍ មួយ​ចំនួន​ក៏ដូចជា​ បានឃើញ​នូវ​រចនា​សម្ព័ន្ធ​ទំនប់​ជុំវិញ​ត្រពាំង​សេះ​កាន់​តែ​ច្បាស់។

លោក​ថ្លែង​ថា៖ «ទំនប់​នេះ​ត្រូវបាន​គេ​លើកដី​ព័ទ្ធជុំ​វិ​ញបន្ទា​ប់មក​យក​ដីឥដ្ឋ​ចេញរួច​ចាក់ដី​ខ្សាច់​លាយ​ក្រួស​បាយ​ក្រៀម បន្ទាប់មកប្រើ​ដីឥដ្ឋ​ជា​ស្នួល​ដើម្បី​ឲ្យ​ទំនប់​នៅ​យូរអង្វែង ហើយ​ក្រោយមកទៀត​ប្រើ​ខ្សាច់​មួយ​ស្រទាប់ និង​បុកបង្ហាប់​ដោយ ប្រើ​កម្ទេច​ក​ថ្មបាយ​ក្រៀម​លាយ​ដីឥដ្ឋ» ។

បើតាម​លោក​ ធឿន​ សុខុន​ អាជ្ញា​ធរ​ជាតិ​អប្សរា​មាន​គម្រោង​ស្ដារ​ត្រពាំង​សេះ​ឡើងវិ​ញ​នាពេ​លឆាប់​ៗខាង​មុខនេះ​ដើម្បី​ស្ដុក​ទឹក​បាន​ច្រើន​ជាង​ពេល​មុនទុ​កជា​ប្រយោជន៍​ទាំង​ការងា​រ​អភិរក្ស​ប្រាសា​ទ និង​ប្រយោជ​ន៍​ប្រជា​ពលរដ្ឋ​ជុំវិញ​តំបន់​។

យ៉ាង​ណា​ លោក​បញ្ជាក់​បន្ថែម​ថា ការធ្វើ​កំណាយ​មិន​អាច​ធ្វើ​លឿន​ពេក​ដោយ​មិន​គិតគូ​រពី​កិច្ចការ​ស្រាវជ្រាវ​បច្ចេក​ទេស​បុរាណ ​វិស្វកម្ម​បុរាណ និង​ការ​ប្រើប្រា​ស់​វត្ថុ​ធាតុ​ដើម​នោះ​ឡើយ។​ «ការជួស​ជុល​​ពី​កន្លែង​១ទៅ​កន្លែង​១ទៀត​ក្រុម​ការងារ​ត្រូវធ្វើ​កំណាយ​បើក​ដី​មើល​ឱ្យ​អស់ពី​ស្ថានភាព​ដើម​របស់​វា ហើយ​ធ្វើ​សម្រង់​ប្លង់​គ្រប់​ជ្រុង​ជ្រោយ​ រួច​សិក្សា​ប្លង់ថា​ តើ​ត្រូវ​រៀបចំ​យ៉ាង​ណា​ឱ្យ​ដូច​ទម្រង់​ដើម​មិន​អាច​កែប្រែ​វា​បាន​នោះ​ឡើយ»​ ៕