The Phnom Penh Post Search

Search form

មន្ត្រី​ជំនាញ​និង​នគរ​បាល ​ចុះ​ត្រួត​ពិនិត្យ​ក្នុង​ចម្ការ​ស្វាយ​ចន្ទី ​ក្រោយ​ម្ចាស់​ប្រាប់​ថា​មាន​សត្វ​ខ្លា

Content image - Phnom Penh Post
សត្វខ្លាដំបងដែលនៅមានតិចតួចក្នុងប្រទេសកម្ពុជា ។ រូបថតៈ ហ្វេសប៊ុក

មន្ត្រី​ជំនាញ​និង​នគរ​បាល ​ចុះ​ត្រួត​ពិនិត្យ​ក្នុង​ចម្ការ​ស្វាយ​ចន្ទី ​ក្រោយ​ម្ចាស់​ប្រាប់​ថា​មាន​សត្វ​ខ្លា

ពោធិ៍សាត់ ក្រុម​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ពោធិ៍​សាត់ ​និង​ នគរ​បាល​សង្កាត់​រលាប​ ​ក្រុង​ពោធិ៍​សាត់ នៅ​ព្រឹក​ថ្ងៃ​ទី ​១២ ​មេ​សា​នេះ​ បាន​ចុះ​ពិនិត្យ​ទីតាំង​ចម្កា​ស្វាយ​ចន្ទី​មួយ​កន្លែង​ក្នុង​ ភូមិ​-សង្កាត់​ ​រលា​ប ​បន្ទា​ប់ពី​ម្ចាស់​ចម្កា​ររាយ​ការណ៍​ថា​ មាន​សត្វ​ខ្លា​ធំ (ខ្លា​ដំបង) នៅ​ទី​នោះ​។ នេះ​បើ​តាម​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន។

លោក​ អ៊ុន ហូ ​នាយ​ន​គរបាល​ប៉ុស្តិ៍​សង្កាត់​រលាប​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​បុរស​ជន​ជាតិ​ចាម ឈ្មោះ ​សុះ​ ប្រហ៊ីម ជា​ម្ចាស់​​ចម្ការ​ស្វាយ​ចន្ទី​និង​ក្រុម​កម្មករ​របស់​គាត់ ៤ នាក់ បាន​អះអាង​ថា​ មាន​ខ្លា​ដំបង​មួយ​ក្បាល​ បាន​បង្ហាញ​ខ្លួន​ក្នុង​ចម្ការ​ពួក​គាត់ និង​បាន​ស្ទុះ​ដេញ​ខាំ​ពួក​គាត់​ផង​ដែរ​។

ទោះ​យ៉ាង​ណា​ លោក​ថា ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​និង ​នគរ​បាល​រក​​ពុំឃើញ​មាន​ស្លាក​ស្នាម​ដាន​ជើង​អ្វីទេ ​ប៉ុន្តែ​បាន​ឃើញមែក​ឈើ​មួយ​ប៉ុន​កដៃ​ប្រវែង ​៦០ សង់​ទីម៉ែត្រ​មាន​ស្នាម​ខាំ​កកេរ​ដោយ​ធ្មេញ​សត្វ​ចម្លែក ដែល​មន្ត្រី​សន្និដ្ឋា​នជា ស្នាម​ខាំរបស់​សត្វ​ខ្លា ប៉ុន្តែ «មិន​មែន​ជា​ខ្លា​ធំ ឬ ​ខ្លា​ដំបង​នោះ​ទេ​»។

ប៉ុន្តែ​លោក​ថា៖ «តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក ​សុះ ​ប្រហ៊ីម ​ដែល​ថា​ឃើញ​​ផ្ទាល់​​ភ្នែក​កាល​ពី​ព្រឹក​មិញ [​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍] គឺ​ជា​សត្វ​ខ្លា​ដំបង»​។

ពាក់​ព័ន្ធ​ករណី​នេះ លោក ​ជា ប៊ុនលី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​ពោធិ៍​សាត់ បាន​ប្រាប់​ភ្នំ​ពេញ ​ប៉ុស្តិ៍​ថា ពេ​លមន្ត្រី​ជំ​នាញ​បាន​បង្ហាញ​រូប​សត្វ​ខ្លា​ច្រើន​ប្រ​ភេទ​ដល់​អ្នក​ភូមិ ពិ​សេស លោក​សុះ ​ប្រហ៊ីម ​គាត់​បាន​ចង្អុល​លើ​រូប​ខ្លា​ដំបង​។

លោក​បាន​ថា៖«​តាម​ការ​ពិនិត្យ​ទី​តាំង​ភូមិ​សាស្ត្រ​នោះ​ យើង​មិន​អាច​សន្និ​ដ្ឋាន​ភ្លាមៗ​ថា ​អ្វី​ដែល​ពួក​គាត់​ឃើញ​នោះ​ពិត​ជា​សត្វ​ខ្លា​ធំ​មែន ​ឬ ​យ៉ាង​ណា?​ ប៉ុន្ទែ​វា​អាច​ជា​ប្រភេទ​ខ្លា​ធំ​ ព្រោះ​ទី​នោះ​មាន​ចម្ងាយ​ប្រមាណ​ពី ​៨០០ ​ទៅ ​១០០០ ​ម៉ែត្រ​ពី​ភ្នំ​ដាក់​ព្រះ ​និង​ភ្នំ​ទ្រព្យ ដែល​ជា​ផ្នែក​មួយ​នៃតំ​បន់​អភិ​រក្ស​ជីវ​ចម្រុះ​ជួរ​ភ្នំ​ក្រ​វាញ និង​ ភ្នំ​ឱរ៉ាល់»​។

លោក​បាន​បន្ត​ថា​ ពេល​នេះ​ក្រុម​ជំនាញ​កំពុង​បន្ត​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ​ដោយ​នឹងរៀប​ចំ​បំពាក់​នូ​វកាំ​មេរ៉ា​តាម​ដាន​ពី​សកម្ម​ភាព​របស់​សត្វ​នោះ ​។

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​សហ​ការ​ជា​មួយ​អង្គការ​ WWF និ​ង W​CS ​ព្រម​ទាំង ​FFI​ កន្លង​មក ខ្លា​ដំបង​ ត្រូវ​បាន​គេ​អះ​អាង​ថា​ នៅ​មាន​ជាង​ ១០ ​ក្បាល​ក្នុង​ព្រៃនៃ​តំបន់​ខ្ពង់​រាប​ឦ​សាន​ និង ​ព្រៃ​​ជួរ​ភ្នំក្រ​វាញរ​បស់​កម្ពុជា។ ​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពុំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៀត​ឡើយ ​បន្ទាប់​ពី​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​នៅ​តំបន់​ទាំង​នោះ​។

យ៉ាង​ណា​ក៏​ដោយ លោក​ សុះ ​ប្រហ៊ីម បាន​បញ្ជាក់​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ​គាត់​ និង​ ម្ដាយ​គាត់​ ព្រម​ទាំង​ក្មួយ​ប្រុស​គាត់​ និង​កម្មករ​ពី​របី​នាក់​ទៀត​ពិត​ជា​បាន​ឃើញ​សត្វ​ខ្លា​ដំបង​នោះ​ផ្ទាល់​ភ្នែ​ករប​ស់​ពួក​គាត់​មែន​។

លោក​ ប្រ​ហ៊ីម​ បញ្ជាក់​ថា៖«ពួក​យើង​ខ្ញុំ​ពិត​ជា​ឃើញ​ខ្លា​ធំ​នោះ​មែន​ វា​ពួន​នៅ​លើ​ទួល​ដំបូក​មួយ​ក្បែរ​មាត់​អូរ​ ដែល​មាន​ស្មៅ​និង​ស្បូវ​ក្រាស់ ជាប់​នឹង​ចម្ការ​ស្វាយ​ចន្ទីរ​របស់​ខ្ញុំ​។ វា​បាន​ស្ទុះ​លោត​ផ្លោះ​មាត់​អូរ​នោះ​ចូល​មក​ដេញ​ខាំ​ពួក​យើង​ក្នុង​ចម្ការ​ថែម​ទៀត​ផង ប៉ុន្តែ​សំ​ណាង​ល្អ​ពួក​យើង​រត់​រួច​»។​

បើ​តាម​លោក ​ប្រ​ហ៊ីម ខ្លា​ធំ​នោះ​មាន​ដង​ខ្លួន​បង្កង់​ដូច​ជា​ខ្សែ​ពួរ​រុំ​ព័ទ្ធ​ខ្លួន​ដោយ​មាន​រោម​ពណ៌​លឿង​និង​ខ្មៅ​ហើយ​មុន​ពេល​វា​ស្ទុះ​ដេញ​ពួក​គាត់​ វា​បាន​ស្រែក​គ្រហឹម​ជា​សញ្ញា​គួរ​ឲ្យ​ខ្លាច​។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ប៊ុន​លី ​បាន​អំពាវ​នាវដ​ល់​អ្នកភូ​មិ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លួច​ឆ្មក់​វាយ​របស់​សត្វ​ខ្លា​ធំនេះ ដោយ​លោក​ប្រាប់​ថា​សកម្ម​ភាព​របស់​សត្វ​នេះ​មាន​សភាព​ស្ងប់​ស្ងាត់ ​ប៉ុន្តែ​រហ័ស​វាង​វៃ​បំផុត ​បើធៀ​បនឹង​សត្វ​ខ្លា​ដទៃ​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍