សៀមរាបៈ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិង​កំពុង​ធ្វើការ​ជួសជុល​អភិរក្ស​ប្រាសាទ​ទន្លេស្ងួត​ក្នុង​ដំណាក់កាល​ទី​ ២ ​បន្តទៀត បន្ទាប់ពី​បញ្ចប់​គម្រោង​អភិរក្ស​ដំណាក់កាល​ទី​ ១ កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ដើម្បី​ឈានទៅ​បញ្ចប់​គម្រោង​ដំណាក់កាល​ទី​ ៣ ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ក្រោយ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុងដំណាក់កាល​ទី​ ១ ក្រុម​អ្នកជំនាញ​បាន​ធ្វើ​លើ​កម្មវិធីសិក្សា​ស្រាវជ្រាវ​ឯកសារ ចុះបញ្ជី​ថ្ម​រាយប៉ាយ រក​ថ្ម និង​រៀប​ផ្គុំ​សាកល្បង រួមទាំង​ធ្វើ​សម្រង់​ប្លង់ និង​ការរុះរើ​ថ្ម ផ្នែក​ខ្លះ​នៃ​តួ​ប្រាសាទ​ទាំងស្រុង ដែល​ចាប់ពី​ដំបូល​រហូត​ដល់​គ្រឹះ​។

អាជ្ញាធរ​អប្សរា​បន្ត​ថា ចំពោះ​ដំណាក់កាល​ទី​ ២ ក្នុង​ឆ្នាំ​ ២០២០ ក្រុមការងារ​នឹង​បន្ត​គម្រោង​កំណាយ​បន្តទៀត ដោយ​ចាប់ផ្តើម​ជួសជុល​ពង្រឹង​គ្រឹះ​រៀប​ផ្គុំ​ថ្ម​ខឿន និង​តួ​ប្រាសាទ​វិញ​រហូតដល់​ស្រទាប់​ទី​ ១៥ ត្រឹម​ធ្នឹមទ្វារ ខណៈ​ដែល​គម្រោង​ដំណាក់កាល​ទី​ ៣ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២១​។

អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​៖ «​បន្ទាប់ពី​សិក្សា​វាយតម្លៃ​ផ្នែក​ស្ថាបត្យកម្ម​គឺ​តម្រូវឱ្យ​ក្រុមការងារ​សម្រេច​អនុវត្ត​ការជួសជុល​ជាបន្ទាន់ ដោយ​មាន​ការឯកភាព​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​អនុសាសន៍​ពី​អ្នកជំនាញ​ការចំពោះ​កិច្ច​ (Ad hoc) របស់​អង្គការ​យូណេស្កូ​ (UNESCO) ​ដែល​អនុញ្ញាតឱ្យ​រុះរើ និង​រៀប​ផ្គុំ​ឡើងវិញ​ចាប់ពី​ដំបូល​រហូត​ដល់​គ្រឹះ​ប្រាសាទ ហៅថា​ Anastylosis»​។

ប្រាសាទ​ទន្លេស្ងួត​គឺជា​មន្ទីរពេទ្យ​បុរាណ​កសាងឡើង​ក្នុង​រាជព្រះបាទ​ជ័យវរ្ម័នទី​ ៧ នា​ចុង​សតវត្សរ៍​ទី​ ១២ និង​ដើម​សតវត្សរ៍​ទី​ ១៣​។

លោក​ ជា សារិទ្ធ បុរាណវិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​ទន្លេស្ងួត​បាន​លើកឡើង​ថា តាម​ការសិក្សា​ចំពោះ​ហានិភ័យ​ដែលនាំឱ្យ​ប្រាសាទ​នេះ​ប្រឈម​នឹង​ការរលំ​បាក់​ក៏​ព្រោះតែ​កត្តា​ទឹក ដើមឈើ និង​អាយុកាល​នៃ​សំណង់​ប្រាសាទ​។

លោក​បន្តថា ជាពិសេស​គ្រឹះ​ប្រាសាទ​បាន​ចុះខ្សោយ ហើយ​តួ​ប្រាសាទ បាន​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងលិច​លើសពី​ ១៥ ​ដឺក្រេ​ដែល​ធ្វើឲ្យ​ថ្ម​រចនាសម្ព័ន្ធ​ជញ្ជាំង និង​ដំបូល​ស្ទើរតែ​ទាំងអស់​បាន​រំកិល​ចេញពី​ស្ថានភាព​ដើម​។

បុរាណ​វិទូ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ប្រហោង​ចន្លោះ​ពី​ ៥ ​ស.ម. ទៅ​ ៤៥ ​ស.ម. ចំណែក​ថ្ម​ជញ្ជាំង និង​ដំបូល​មួយ​ភាគ​ធំ​ត្រង់​ជ្រុង​អាគ្នេយ៍ និង​ពាយព្យ​រលំ​ធ្លាក់​ដល់​ដី​។ ដើម្បី​សង្គ្រោះ​ប្រាសាទ​ឱ្យមាន​លំនឹង​ស្មើ​ឡើងវិញ យើង​ត្រូវ​ជួសជុល​ពង្រឹង​គ្រឹះ ខឿន និង​តួ​ប្រាសាទ​ឡើងវិញ ដោយ​គោរព​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​សម្ភារ​បុរាណ​»​។

ទោះយ៉ាងណា​លោក​ សារិទ្ធ បាន​បន្ថែម​ថា ផ្អែក​តាម​ការសិក្សា​នេះ​ក្រុម​ការងារ​មិនបាន​រើ​ផ្នែក​គ្រឹះ​ទាំងស្រុង​ទេ ដោយ​រើ​ថ្ម​ជា​ផ្នែកៗ សម្អាត​កំណក​ដី រួច​ផ្លាស់ប្តូរ​ចេញ​នូវ​ថ្ម​ពុកផុយ និង​ទំហំ​តូច​ស្តើង ហើយ​ដាក់ជំនួស​វិញ​នូវ​ថ្ម​ថ្មី​ដែលមាន​ទំហំ​ធំ និង​គុណភាព​ល្អ​ជាមុន​។ បន្ថែម​ពីនេះ​លោក​ឲ្យ​ដឹងថា ក្រុមការងារ​ក៏បាន​រៀប​ផ្គុំ​សាកល្បង​នូវ​ថ្ម​ស្រទាប់​ក្រោម​បង្អស់ ដោយ​ប្រើ​នូវ​ស្នៀតឈើ​សម្រាប់​កល់ ឬ​លើកកម្ពស់​ថ្ម​ឱ្យ​ត្រូវ​គ្នា​ទៅតាម​លំនាំ​ដើម​វិញ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ហេតុនេះ​ហើយ​ទើប​ក្រុមការងារ​មិនអាច​រើ​ថ្ម​អស់​ទាំងស្រុង​គឺ​ដើម្បី​រក្សា​នូវ​កម្រិត​កម្ពស់​ដើម​ និង​ទីតាំង​ដើម​របស់​ថ្ម​នីមួយៗ​។ បន្ទាប់ពី​រៀប​ផ្គុំ​ស្រទាប់​ទី​ ១ ​រហូតដល់​ស្រទាប់​ទី​ ៣ និង​ស្រទាប់​បន្តបន្ទាប់​ត្រូវ​តាម​លំនាំ​ដើម​រួចរាល់ ក្រុមការងារ​ត្រូវ​រុះរើ​ថ្ម​រហូត​ដល់​ស្រទាប់​ទី​ ១ ​ចេញ​វិញ ហើយ​ត្រូវ​ប្តូរ​ថ្ម​គ្រឹះ​បាយក្រៀម​ពុកផុយ និង​ទំហំ​តូច​ស្តើង​ចេញ ហើយ​ដាក់​ថ្ម​ថ្មី​ដែលមាន​ទំហំ​ធំ​ជាង​មុន​តាម​អនុសាសន៍​របស់​អ្នកជំនាញការ Ad hoc នៃ​អង្គការ​យូណេស្កូ​»​។

លោក​បណ្ឌិត ជា សុជាតិ បុរាណវិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​លើក​ឡើង​ដែរ​ថា ចំពោះ​កំណាយ​សិក្សា​គ្រឹះ​ប្រាសាទ និង​ស្រាវជ្រាវ​ការធ្វើ​កំណាយ​នេះ​គឺ​ពិតជា​មាន​ប្រយោជន៍​ណាស់ ដើម្បី​សិក្សា​អំពី​ការរៀបចំ​គ្រឹះ​ប្រាសាទ មូលហេតុ​ដែលនាំ​ឱ្យ​ប្រាសាទ​ស្រុត និង​របៀប​នៃ​ការសាងសង់​ប្រាសាទ​។

តាមរយៈ​ការសិក្សា​នេះ​លោក​បន្តថា ជា​លទ្ធផល​បាន​បង្ហាញថា ប្រាសាទ​ទន្លេស្ងួត​មិនបាន​សង់​នៅ​លើដី​ធម្មជាតិ​នោះទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រាសាទ​នេះ​ត្រូវបាន​សង់​ឡើង ដោយ​ការ​លើកដី​មក​ពូន​ឱ្យ​ខ្ពស់​ដល់​កម្ពស់​ដែល​គេ​ចង់បាន បន្ទាប់មក​អ្នក​សាងសង់​ក្នុងសម័យ​នោះ​បាន​កាប់​ដី​ទួល​នោះ​ជា​រណ្តៅ ដែល​មាន​ប្រវែង​បណ្តោយ និង​ទទឹង​វែង​ជាង​តួ​ប្រាសាទ ដោយមាន​កម្រាល​ព័ទ្ធជុំវិញ​ពី​ខាងក្រៅ​ប្រាង្គ​ប្រមាណ​ជា​ ១,៥០ ​ម៉ែត្រ​។

លោក​បន្ថែមថា​៖ «​នៅក្នុង​រណ្តៅ​គ្រឹះ​នេះ​គេ​បាន​បំពេញ​ស្រទាប់​ដីខ្សាច់​ដែល​បង្ហាប់​ឆ្លាស់គ្នា​ជាមួយ​ស្រទាប់​ដីឥដ្ឋ​លាយ​ខ្សាច់ និង​ស្រទាប់​ដីឥដ្ឋ​លាយ​ថ្មភ្នំ​។ ដូច្នេះ​មូលហេតុ​សំខាន់​ដែលនាំឱ្យ​ប្រាសាទ​ស្រុត គឺ​បណ្តាល​មកពី​ការរលួយ​នៃ​ឫស​ឈើ​ដែល​ងាប់​ក្នុង​ស្រទាប់ដី​បង្ហាប់​ធ្វើ​គ្រឹះ​នេះ​»​។

តាម​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​រយៈ​កំណាយ​ដំណាក់កាល​ទី​ ១ ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​ ២០១៩ ​ក្រុម​អ្នកជំនាញ​បាន​រកឃើញ​សំណល់​គ្រឹះ​នៃ​កំពែង​ថ្មបាយក្រៀម​របស់​មន្ទីរពេទ្យ​ដែល​ជា​ទូទៅ​មាន​បណ្តោយ​ប្រមាណ​ជា​ ៣១ ​ម៉ែត្រ និង​ទទឹង​ជាង​ ២០ ​ម៉ែត្រ ហើយ​ផ្នែក​នៃ​ជញ្ជាំង​ត្រូវបាន​បាត់បង់​ទាំងស្រុង​។ ចំណែក​នៅក្នុង​រណ្តៅ​កំណាយ​ក៏​រកឃើញ​បំណែក​ក្បឿង​នៅ​រាយប៉ាយ​ដែល​ស្លាកស្នាម​នេះ​គឺជា​ភ័ស្តុតាង​នៃ​ការរុះរើ​សំណង់​ស្រាល​នៅក្នុង​មន្ទីរពេទ្យ​ក្រោយពេល​គេ​ឈប់​ប្រើប្រាស់​វា​។ ក្រៅពីនោះ​ក៏​បាន​ប្រទះឃើញ​បំណែក​កុលាលភាជន៍​តិចតួច​រួមជាមួយ​បំណែក​ថ្មភក់​មួយចំនួន​ផង​។

លោក​ ជា សុជាតិ បាន​អះអាង​ថា​ការរកឃើញ​នេះ​អាច​ប្រហែលជា​ត្រូវបាន​គេ​រុះរើ​នៅពេល​គេ​ឈប់​ប្រើប្រាស់​មន្ទីរពេទ្យ​នេះ ស្រប​ពេល​ដែល​លក្ខណៈ​បែបនេះ​ក្រុម​អ្នកជំនាញ​ក៏​ធ្លាប់​ជួប និង​រកឃើញ​ផងដែរ​នៅ​ប្រាសាទ​ទ្រមូង (​មន្ទីរពេទ្យ​) នៅ​ខាងលិច​ខ្លោងទ្វារ​តាកាវ​៕