ភ្នំពេញៈ អង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធកាលពីថ្ងៃម្សិលមិញបានបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត លើករណីអគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងផ្សារឃ្លាំងរំសេវអស់ប្រមាណ ៤០ តូបកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃពុធម្សិលមិញ។
លោក ព្រំ យ៉ន ប្រធានអង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃពុធថា ករណីអគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងផ្សារខាងលើនេះ នៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ ខណៈការសន្និដ្ឋានក្នុងជំហានដំបូងរបស់អាជ្ញាធរមូលដ្ឋានថា ករណីអគ្គិភ័យនេះបណ្ដាលមកពី «ការផ្ទុះឆ្លងចរន្តអគ្គិសនី»។
លោក យ៉ន បាននិយាយថា៖ «សេចក្ដីសន្និដ្ឋាននេះនៅមិនទាន់អាចយកជាការបានទេ ព្រោះក្រុមអាជីវករដែលជាម្ចាស់តូបត្រូវភ្លើងឆេះបានអះអាងថា ពួកគេបានបិទភ្លើង [ចរន្តអគ្គិសនី] អស់ហើយនៅពេលពួកគេចាក់សោតូបបិទការលក់ដូរ»។
លោកបន្តថា៖ «នៅពេលនេះយើងក៏នៅមិនទាន់ដឹងច្បាស់អំពីទំហំនៃការខូចខាតផងដែរ ខណៈក្រុមមន្ត្រីជំនាញរួមទាំងអាជ្ញាធរពាក់ព័ន្ធកំពុងបន្តការស្រាវជ្រាវបន្ថែមទៀតអំពីមូលហេតុនៃការឆេះនេះ»។
បើតាមលោក ព្រំ យ៉ន អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះតូបលក់ដូររបស់អាជីវករក្នុងផ្សារឃ្លាំងរំសេវនៅវេលាម៉ោង ១១:២០ នាទីយប់ថ្ងៃអង្គារ ហើយត្រូវបានរលត់ទៅវិញនៅម៉ោង ១២:២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រុមកម្លាំងនគរបាលកងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានដោយប្រើប្រាស់ទឹកអស់ ២០ រថយន្ត។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ មន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់បានរងរបួសដៃដេរ ៨ ថ្នេរ ដោយសារមុតបន្ទះដែកតូបលក់ដូររបស់អាជីវករនៅក្នុងផ្សារនោះ។
លោក យ៉ន បានបន្តថា ក្នុងគ្រោះអគ្គិភ័យនេះតូបលក់ដូរសរុបចំនួន ៤០ តូប ដែលភាគច្រើនជាតូបលក់ទូរស័ព្ទដៃ គ្រឿងបន្លាស់ទូរស័ព្ទដៃ និងគ្រឿងបរិក្ខារអេឡិចត្រូនិក បានរងការឆេះខូចខាតស្ទើរទាំងស្រុង។ ក្នុងនោះតូបចំនួន ២៥ បានឆេះខូចខាតទាំងស្រុង និង ១០ តូបទៀត ខូចខាតមធ្យម ខណៈតូបចំនួន ៥ ទៀតបានរងការខូចខាតបន្តិចបន្តួច។
អាជីវករលក់ដុំ និងលក់រាយទូរស័ព្ទដៃនៅផ្សារឃ្លាំងរំសេវ លោក ហេង ចំណាប់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទំនិញរបស់គាត់ទាំងអស់ដែលសរុបជាទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារ ត្រូវបានឆេះអស់ទាំងស្រុង ខណៈបញ្ជីឈ្មោះអតិថិជនដែលទិញទំនិញរបស់គាត់បង់រំលស់ក៏ត្រូវបានឆេះអស់ទាំងស្រុងផងដែរ។
លោកចំណាប់បាននិយាយថា៖ «ខ្ញុំមិនដឹងនិយាយយ៉ាងដូចម្ដេចទេនៅពេលនេះទ្រព្យសម្បត្តិដែលខ្ញុំបានខិតខំប្រឹងប្រែងរកស៊ីជាង ១០ ឆ្នាំមកនេះ ត្រូវបានខាតបង់ក្នុងមួយប៉ប្រិចភ្នែក។ តើឲ្យខ្ញុំទៅទាមទារសំណងពីអ្នកណា? បើពេលនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនេះ។ នៅពេលនេះខ្ញុំសូមសំណូមពរដល់បងប្អូនអតិថិជនបង់រំលស់ទាំងអស់មេត្តាអាណិតដល់ខ្ញុំ និងជួយបង់ប្រាក់លើទំនិញបង់រំលស់មកខ្ញុំតាមកាលកំណត់ផង ព្រោះខ្ញុំគ្មានអ្វីនៅសេសសល់ទៀតទេ»។
លោកចំណាប់បាននិយាយទៀតថា ក្រោយពីទទួលបានព័ត៌មានអំពីអគ្គិភ័យឆាបឆេះតូបនៅក្នុងផ្សារឃ្លាំងរំសេវភ្លាម គាត់ និងក្រុមគ្រួសារបាននាំគ្នាស្ទុះទៅផ្សារភ្លាមៗផងដែរ។ ប៉ុន្តែពេលទៅដល់តូបរបស់គាត់ចំនួន ៣ ដែលនៅជាប់ៗគ្នា និងតូបរបស់អាជីវករជាច្រើននាក់ទៀតត្រូវបានភ្លើងឆាបឆេះអស់ទៅហើយ។
លោកបាននិយាយថា៖ «អារម្មណ៍របស់ខ្ញុំនៅពេលនោះតក់ស្លុតខ្លាំងណាស់។ បងប្អូនរបស់ខ្ញុំក៏ដូចគ្នាដែរ ពួកយើងបានត្រឹមតែនាំគ្នាឈរយំ ដោយមិនដឹងថាត្រូវទាមទារសំណងពីអ្នកណាឡើយ»។
អាជីវកររូបនេះបន្តថា កាលពីព្រឹកមិញ [ព្រឹកថ្ងៃពុធ] អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងផ្សារបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យនេះអាចបណ្ដាលមកពីការផ្ទុះថ្មទូរស័ព្ទពីក្នុងតូបអាជីវករណាម្នាក់ ឬអាចបណ្ដាលមកពីការទុស្សេខ្សែភ្លើង។ ប៉ុន្តែមន្ត្រីជំនាញមិនទាន់ប្រកាសជាផ្លូវការអំពីលទ្ធផលនៃការពិនិត្យអង្កេតលើករណីនេះនៅឡើយទេ។
លោក ទិត្យ សាមឿន ចៅសង្កាត់ផ្សារដើមគរបានបញ្ជាក់ថា រហូតមកទល់ថ្ងៃម្សិលមិញនេះ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ចប់នីតិវិធីនៃការស៊ើបអង្កេតលើករណីនេះនៅឡើយទេ៕