ភ្នំពេញៈ ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​សុខភាព​អ្នក​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដែល​មួយ​ចំនួន​កំពុង​រួមរឹត​ទៅ​ដោយ​ជំងឺរបេង និង​ជំងឺឆ្លង​ផ្សេង​ទៀត​រួម​ទាំង​ជំងឺ​បាក់​ទឹកចិត្ត ខណៈ​ពន្ធនាគារ​នីមួយៗ​មាន​ភាព​ចង្អៀត​ណែន​ដោយ​ត្រូវ​ផ្ទុក​អ្នក​ជាប់ឃុំ​លើស​ចំណុះ​ពុំ​មាន​អនាម័យ និង​ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​។

បើ​តាម​មន្ត្រី​ដោយសារ​តែ​មាន​ការបើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​សកម្ម​នៅក្នុង​ឆ្នាំ​ ២០១៨ នេះ​បាន​ធ្វើឲ្យ​ចំនួន​អ្នក​ជាប់ឃុំ​កើនឡើង​ដល់​ជាង​ ៣ ​ម៉ឺន​នាក់​ ខណៈ​កាលពី​ឆ្នាំ​​ ២០១៧ មាន​អ្នក​ជាប់ឃុំ​ជាង ២ ម៉ឺន​នាក់​។

ការព្រួយបារម្ភ​របស់​មន្ត្រី​ជំនាញ​ពី​សុខភាព​របស់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​ដែល​មាន​បណ្តា​ប្រទេស​ចំនួន​ ១៧ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ចូលរួម​ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​។

សន្និសីទ​ដែល​ធ្វើ​ឡើង​មាន​រយៈពេល​ ៣ ​ថ្ងៃ​ដោយ​ចាប់ផ្តើម​កាលពី​ម្សិលមិញ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​​នៃ​កាកបាទ​ក្រហម ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ និង​មន្ត្រី​ជំនាញ​សុខាភិបាល ក្នុង​ពន្ធនាគារ និង​ពិភាក្សា​ផ្តោត​ទៅ​លើ​គោលនយោបាយ​សុខភាព​ក្នុង​ពន្ធនាគារ នីតិវិធី​ប្រតិបត្តិការ​ជា​ស្តង់ដារ​ និង​ការ​សម្របសម្រួល​តាម​អន្តរវិស័យ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សុខភាព និង​ការផ្តល់​សេវា​សុខាភិបាល​នៅក្នុង​តំបន់​ដែល​មាន​ភាព​មិន​ប្រក្រតី​លើ​ការប្រើប្រាស់​សារធាតុ​ញៀន សុខភាព​ផ្លូវចិត្ត និង​ជំងឺ​ឆ្លង​នានា​។

លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ប្រធាន​បេសកកម្ម​នៃ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ មណ្ឌល​អប់រំ​កែប្រែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ជំងឺឆ្លង​ និង​ការប្រើប្រាស់​សារធាតុ​ញៀន​គឺជា​បញ្ហា​ដែល​មិនមែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក៏​កើត​មាន​ដែរ​។ «​បញ្ហា​នៅក្នុង​ពន្ធនាគារ​អាច​ជា​ទឹក ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និង​អនាម័យ​។ តួនាទី​យើង​ត្រូវ​ធ្វើ​ម៉េច​គាត់​អាច​បែងចែក​ធនធាន ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​ និង​ឆ្លើយតប​តាម​បញ្ហា​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បី​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ពន្ធនាគារ​បាន​ប្រសើរ​ឡើង​»​។

លោក​បន្ត​ថា​៖ «​តួនាទី​យើង​សំខាន់​គឺ​ជួយ​អាជ្ញាធរ​ឲ្យ​អាច​កំណត់​បាន​នូវ​បញ្ហា​ជាក់លាក់​ណា​មួយ និង​មធ្យោបាយ​ដើម្បី​ដោះស្រាយ​វា​តាមរយៈ​ការប្រឹក្សា​យោបល់​»​។

លោក លឹម សុខា អគ្គនាយករង​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា បញ្ហា​ចង្អៀតណែន​គឺ​ធ្វើឲ្យ​មាន​ការ​ប្រឈម​​ និង​ពិបាក​ក្នុង​ការ​ថែរក្សា និង​ក្នុង​ការតាមដាន​ជំងឺ​ឆ្លង​ចំពោះ​អ្នក​ជាប់ឃុំ ពីព្រោះ​ពេល​មាន​ស្ថានភាព​ចង្អៀត​ណែន​គឺ​ធ្វើឲ្យ​អ្នក​ជាប់ឃុំ​ប្រឈម​ទៅ​នឹង​ជំងឺឆ្លង និង​ជំងឺ​កាមរោគ​។ «​យើង​មាន​ចំនួន​អ្នក​ជាប់​ឃុំ​ប្រហែល​ជាង ៣ ​ម៉ឺន​នាក់​។ ឆ្នាំ​មុន​យើង​មាន​ជាង ២ ​ម៉ឺន​នាក់​»​។

លោក​បន្ត​ថា​៖ «​បើ​និយាយ​ពី​បញ្ហា​សុខភាព​នៅ​ពន្ធនាគារ​ជំងឺ​មាន​ច្រើន​ប្រភេទ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​គឺ​ជំងឺឆ្លង ជំងឺរបេង ជំងឺអេដស៍ កាមរោគ និង​ជំងឺ​សើស្បែក ដែល​យើង​ប្រឈម​មុខ​ច្រើន​ជាងគេ​»​។

លោក សុខា បាន​និយាយ​ទៀត​ថា​លើស​ពី​នេះ​ជន​ជាប់ឃុំ​ភាគច្រើន​មាន​ការ​បាក់​ទឹកចិត្ត​ដោយសារ​តែ​គាត់​គិត​ច្រើន​តូចចិត្ត ហើយ​ជួនកាល​គាត់​មាន​ការ​សោកស្តាយ​ដែល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​។

ចំណែក​លោកស្រី​ ជា សារ៉េត ប្រធាន​ការិយាល័យ​សុខាភិបាល​ពន្ធនាគារ​នៃ​នាយកដ្ឋាន​អប់រំ​កែប្រែ​របស់​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជំងឺរបេង​មាន​ការ​កើនឡើង​ជា​លំដាប់​ដោយ​ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ​ ២០១៨ មាន​អ្នក​ជាប់ឃុំ​ដែល​កើត​ជំងឺរបេង ចំនួន ១៩១ នាក់​ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ជាង​ ៣ ​ម៉ឺន​នាក់ ខណៈ​រយៈពេល​ ១២ ខែ​ក្នុង​ឆ្នាំ​ ២០១៧ មាន​អ្នក​កើត​ជំងឺរបេង​ ២១៤ នាក់​ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ជាង ២ ម៉ឺន​នាក់​ហើយ​នៅក្នុង​ឆ្នាំ​ ២០១៦​មាន​ ១៣៩ នាក់​។

ជាមួយ​គ្នា​នេះ​លោកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​រយៈពេល ៦ ​ខែ​ ២០១៧ ​និង​ ២០១៨ មាន​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​ក្នុង​នោះ​ក្នុង​ឆ្នាំ​ ២០១៧ មាន ១,៣៨ ភាគរយ​នៃ​អ្នក​ជាប់ឃុំ ហើយ​ក្នុង​ឆ្នាំ​ ២០១៨ ​មាន​ប្រមាណ​ជាង ១,៥២ ភាគរយ​នៃ​អ្នក​ជាប់ឃុំ​។ ភាគច្រើន​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​គាត់​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។ «​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​យើង​ដាក់​ឲ្យ​គាត់​រស់នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។ ចំពោះ​ប៉ុស្តិ៍​សុខភាព​យើង​អត់​មាន​លទ្ធភាព​ក្នុង​ការផ្តល់​សេវា​ទាក់ទង​នឹង​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍​ទេ អ៊ីចឹង​យើង​ត្រូវ​បញ្ជួន​គាត់​ទៅ​ទទួល​សេវា​នៅ​ក្រៅ​»​។

លោក​ តែ គុយស៊ាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​ថា ក្រសួង​សុខាភិបាល​បាន​ដាក់​បញ្ចូល​ឲ្យ​មាន​ផ្នែក​សុខាភិបាល​ពន្ធនាគារ ដែល​បង្កើត​ឲ្យ​មាន​ប៉ុស្តិ៍​សុខភាព​តាំងពី​ឆ្នាំ​ ២០១០​។

លោក​ ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ KHANA ដែល​ធ្លាប់​ផ្តល់​សេវា​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ក្នុង​ពន្ធនាគារ​ថ្លែង​ថា​ការកំណត់​ទិន្នន័យ​នៃ​អ្នក​មាន​ផ្ទុកមេរោគ​អេដស៍​ក្នុង​ពន្ធនាគារ​គឺ​វា​មាន​សារៈសំខាន់​។

លោក​ថ្លែង​តាម​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា​៖ «​នៅ​ពេល​ជន​ជាប់ឃុំ​បាន​បង្ហាញ​អំពី​ស្ថានភាព​នៃ​ការ​ផ្ទុកមេរោគ​អេដស៍​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​គណៈ​គ្រប់គ្រង​ពន្ធនាគារ​អាច​ផ្ដល់​ការគាំទ្រ​ឲ្យ​ទាន់​ពេលវេលា​សម្រាប់​សេវាកម្ម​ព្យាបាល​ដល់​ពួកគេ​»​។ «​វា​គឺជា​តួនាទី​របស់​ភាគី​ពន្ធនាគារ​ក្នុង​ការ​ធ្វើឲ្យ​ប្រាកដ​ថា​ជន​ជាប់ឃុំ​អាច​ទទួល​បាន​នូវ​ការថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព​ដែល​រួមមាន​ទាំង​ការព្យាបាល និង​ការផ្គត់ផ្គង់​ឱសថ​ជាពិសេស​សម្រាប់​ជន​ជាប់ឃុំ​ដែល​ផ្ទុក​មេរោគ​អេដស៍​»​។

ជាមួយ​គ្នា​នេះ​លោក សុខចំរើន បាន​ស្នើ​ឲ្យ​គណៈ​គ្រប់គ្រង​ពន្ធនាគារ​ធ្វើឲ្យ​ប្រាកដ​ថា​ជន​ជាប់ឃុំ​ដែល​មាន​ផ្ទុកមេរោគ​អេដស៍​អាច​ទទួល​បាន​នូវ​ការព្យាបាល​ពេញ​មួយ​ជីវិត ជាពិសេស​គឺ​ឱសថ​ពន្យារ​ជីវិត​៕