សៀមរាប៖ មន្ត្រី​ជំនាញ​ផ្នែក​ឡ​ជីវ​ឧស្ម័ន នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប កំពុង​ជំរុញ​កសិករ​ឲ្យ​ចាប់​ផ្ដើម​ងាក​មក​សាងសង់​ឡជីវឧស្ម័ន សម្រាប់​ប្រើប្រាស់​​ជា​លក្ខណៈ​គ្រួសារ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក សឹម ធរដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល និង​ជា​មន្រ្តី​សម្របសម្រួល​ឡជីវឧស្ម័ន​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៣ ខែ​មេសា នេះ​ថា ការ​សាងសង់​ឡជីវឧស្ម័ន​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ នឹង​ជួយ​ឲ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ដូចជា កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ជី​កសិកម្ម ព្រោះ​កាក​សំណល់​រាវ​នៃ​ឡជីវឧស្ម័ន គឺ​ជា​ជី​ធម្មជាតិ​មាន​គុណភាព​ល្អ​សម្រាប់​ប្រើប្រាស់​​លើ​ដំណាំ​គ្រប់​ប្រភេទ, កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ក្នុង​ខ្យល់ ធ្វើ​ឲ្យ​ការ​រស់នៅ​មាន​អនាម័យ​ល្អ​ប្រកប​ដោយ​ផាសុកភាព តាមរយៈ​ការ​ប្រើ​ឧស្ម័ន​ដែល​ទាញ​យក​ពី​ឡ​ជំនួស​ការ​ប្រើប្រាស់​អុស និង​ធ្យូង ផ្តល់​ឧស្ម័ន​បង្កើត​បាន​ជា​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅឋាន​បាន​យ៉ាង​ល្អ ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង។

លោក​បាន​បញ្ជាក់​ថា៖ «កសិករ​ចំណេញ​ពេល​វេលា​ក្នុង​ការ​រក​អុស ធ្យូង​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​ការ​សាងសង់​ឡជីវឧស្ម័ន​ កសិករ​ចំណាយ​ថវិកា​តែ​ម្តង គាត់​អាច​ប្រើប្រាស់​ឡ​នេះ​ពី ២០ ទៅ ២៥ ឆ្នាំ បើ​យើង​គិត​ជា​មធ្យម​គាត់​ចំណេញ​អុស ក្នុង​មួយ​ថ្ងៃ​ប្រហែល ៦ គីឡូ​ក្រាម ហើយ​ការពារ​សុខភាព​គាត់ ជាពិសេស​ធ្វើ​ឱ្យ​បរិស្ថាន​រស់នៅ​ស្អាត។

កាលណា​សាងសង់​ឡជីវឧស្ម័ន​គាត់​មាន​ជីកំប៉ុស្ត គាត់​ចាប់​ផ្តើម​បោស​សម្អាត​កម្ទេច​កម្ទី​ស្លឹកឈើ យក​ទៅ​ដាក់​ក្នុង​រណ្តៅ​ជី​កំប៉ុស្ត ដើម្បី​កាច់​ជាមួយ​ជីឡ​ដែល​ហូរ​ចេញ បង្កើត​បាន​ជា​ជី​មួយ​ដែល​មាន​គុណភាព​ល្អ​សម្រាប់​ដំណាំ​បន្លែ​ និង​ដំណាំ​កសិកម្ម​ផ្សេង​ទៀត ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​សៀមរាប​ចំនួន ៧៤៧ គ្រួសារ កំពុង​ប្រើប្រាស់ និង​ទាញ​ប្រយោជន៍​ពី​ឡជីវឧស្ម័ន​ដែល​ពួក​គេ​បាន​សាងសង់ តាមរយៈ​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​នៃ​គម្រោង​ឡជីវឧស្ម័ន​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​បដិភាគ​ពី​គម្រោង​កម្មវិធី​ឡជីវឧស្ម័ន​នេះ​ផង​ដែរ។

គម្រោង​កម្មវិធី​ឡជីវឧស្ម័ន​ជា​កម្មវិធី​ថ្នាក់​ជាតិ​មួយ ដែល​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​កាល​ពី​ឆ្នាំ ២០០៦ តាម​បណ្តា​ខេត្ត​គោលដៅ​មួយ​ចំនួន។ កម្មវិធី​នេះ មាន​គោល​បំណង​បង្កើត​វិស័យឡ​ជីវឧស្ម័ន​តាម​បែប​ពាណិជ្ជកម្ម និង​ទីផ្សារ ដើម្បី​ផ្សព្វផ្សាយ​ពង្រីក​ការ​សាងសង់ និង​ប្រើប្រាស់​ឡជីវឧស្ម័ន ដែល​ជា​ប្រភព​កកើត​ឡើង​វិញ និង​មាន​និរន្តរភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ មាន​ជីវភាព​កាន់​តែ​ប្រសើរ និ​ងបរិស្ថាន​ល្អ តាមរយៈ​ការ​ពង្រីក​ការ​ចិញ្ចឹម​សត្វ ការ​ដាំដុះ និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចីរភាព​នៅ​កម្ពុជា៕