ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​មហាផ្ទៃ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​កំណត់​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការដក និង​បំពេញ​ពិន្ទុ​ឡើងវិញ សម្រាប់​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ស្មាតហ្វូន​ដោយ​កម្មវិធី​នេះ​អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​សាកល្បង​ក្នុង​ពេល​ឆាប់ៗ​។

កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៧ ខែឧសភា ដោយ​មន្ត្រី​ជំនាញ​មកពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​សរុប​ប្រមាណ​ជាង ១០ ​នាក់ ​នៅ​ទីស្តីការ​ក្រសួង​សាធារណការ​។

តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សាធារណការ​ឱ្យដឹងថា ការជួប​គ្នា​នេះ​គឺ​ដើម្បី​ពិនិត្យ និង​កែសម្រួល​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី​នៃ​ការដក និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ (​ច្បាប់​) ដែល​ប្រកាស​នេះ​មាន​គោលដៅ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​មកពី​អ្នកបើកបរ​យានយន្ត​។

ក្រសួង​សាធារណការ​បញ្ជាក់​ថា​៖ «​កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ប្រកាស​ក៏ដូចជា​លំហូរ​នីតិវិធី​នៃ​ការដក​ពិន្ទុ និង​បំពេញ​ពិន្ទុ​ឡើងវិញ ដោយ​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ស្មាតហ្វូន ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​ការផាកពិន័យ​របស់​មន្ដ្រីនគរបាល​ចរាចរណ៍ ព្រមទាំង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ពិនិត្យមើល​ពិន្ទុ​របស់ខ្លួន តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​»​។

កាលពី​ខែមេសា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បានប្រកាស​ពី​ការរៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​មួយ​ដោយ​ប្រើ​កម្មវិធី​ស្កេន​លើ​បណ្ណ​បើកបរ​របស់​អ្នកបើកបរ ដើម្បី​ចាប់យក​រូប​រថយន្ត​ដែល​កំពុង​បើកបរ​នៅលើ​ដងផ្លូវ​ដែល​ល្មើសច្បាប់​ ដើម្បី​កាត់​ពិន្ទុ​ពី​បុគ្គល​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​មុន​ឈាន​ទៅ​ដល់​ការដក​បណ្ណ​បើកបរ​ទាំងស្រុង​។

លោក​ ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ដោយសារ​តែ​នៅតែមាន​អ្នកបើកបរ​មួយចំនួន​មិនមាន​ការរាងចាល បន្ទាប់ពី​ពួកគេ​ទទួល​នូវ​ការផាកពិន័យ​តាមច្បាប់​ចរាចរណ៍​តាមរយៈ​សកម្មភាព​ល្មើស​របស់ខ្លួន​ទើប​ក្រុម​អ្នកជំនាញ​បាន​ពិភាក្សា​លើ​បញ្ហា​នេះ​។

លោក​បន្តថា ប្រព័ន្ធ​ថ្មី​នេះ គឺជា​ការ​ទុក​ឱកាស​ឱ្យ​អ្នកបើកបរ​ដែល​បាន​ល្មើសច្បាប់ ហើយ​បញ្ឈប់​សកម្មភាព​ល្មើស​របស់ខ្លួន​ចៀសវាង​មិនអាច​បន្ត​ការបើកបរ​ជា​រៀងរហូត​។

លោក សុទ្ធាយុត្តិ ថ្លែងថា​៖ «​យើង​រៀបចំ​ជា​នីតិវិធី ដើម្បីឱ្យ​សមត្ថកិច្ច គាត់​ពិន័យ ហើយ​កត់ត្រាទុក​ក្នុង​ករណី​ដែល​ការផាកពិន័យ​បែបនេះ តើ​ត្រូវ​ដក​ប៉ុន្មាន​ពិន្ទុ​? គឺ​យើង​ដកៗ​រហូតដល់​ធ្លាក់​ដល់​ ០ គឺ​យើង​ដក​បណ្ណ​បើកបរ​គាត់ ហើយ​ផ្អាក​ការបើកបរ​របស់​គាត់​ តែបើ​គាត់​នៅតែ​បើកបរ គឺ​ខុសច្បាប់​ហើយ​»​។

លោក សុទ្ធាយុត្តិ បញ្ជាក់ថា បន្ទាប់ពី​អន្តរក្រសួង​សម្រេច​ជា​ផ្លូវការ​ ឬ​ប្រកាស​អន្តរក្រសួង​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​ក្នុង​ពេល​ខាងមុខ ប្រព័ន្ធ​ថ្មី​នេះ អាច​នឹង​ដាក់ឱ្យ​អនុវត្ត​សាកល្បង​នៅ​ចំណុច​គោលដៅ​ចន្លោះ​ពី ១០០ ​ទៅ​ ២០០ ​កន្លែង​តាមរយៈ​មន្ត្រីនគរបាល​ចរាចរណ៍​។

លោក គង់ សុវណ្ណ នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​ថ្លែងថា ប្រព័ន្ធ​ថ្មី​នេះ គឺជា​ប្រព័ន្ធ​តម្រង់ទិស​មួយ​ដែល​នាំឱ្យ​អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន ដោយ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​អ្នកបើកបរ កាន់តែ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ក្នុង​ការបើកបរ​។

លោក​បន្ថែមថា​៖ «​ការរៀបចំ​ប្រព័ន្ធ​ក្នុង​ការដក​ពិន្ទុ​ជា​រឿង​មួយ​ល្អ ដែល​ប្រទេស​ផ្សេងៗ​ធ្វើ​បាន​ជោគជ័យ​ដូចជា​ប្រទេស​អូស្ត្រាលី និង​អឺរ៉ុប​ជាដើម​។ ចំណុច​មួយ​ដ៏សំខាន់​គឺ​ត្រូវ​សិក្សា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ថា តើ​នឹងមាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ (​ប្រព័ន្ធ​ថ្មី​)? បើ​មិន​អ៊ីចឹង​ទេ នឹង​ជួប​ការប្រទាំងប្រទើស​ច្រើន ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ត្រូវ​បាន​អាសាបង់​ទៅវិញ​។ ខ្ញុំ​ជឿជាក់ថា ក្រសួង​លោក​បាន​សិក្សា​ល្អិតល្អន់​ហើយ​សម្រាប់​រឿងនេះ​»៕

វីដេអូ៖