កំពង់ឆ្នាំងៈ កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រីជំនាញខាងផ្នែកព្រៃឈើសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន បានចុះបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃឈើរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានរឹបអូសត្រាក់ទ័រចំនួន ៤ គ្រឿង ប៉ុន្តែជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃម្សិលមិញថា សកម្មភាពបង្ក្រាបដែលមានការអនុញ្ញាតពីតុលាការខេត្តនេះ គឺធ្វើឡើងបន្ទាប់ពីទទួលដំណឹងថា ដីគម្របព្រៃឈើរដ្ឋចំនួន ៧ ហិកតាក្នុងចំណោមជិត ១ ពាន់ហិកតាក្នុងស្រុកក្រាំងល្វា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណកំពុងឈូសឆាយរំលោភកាន់កាប់ជាកម្មសិទ្ធិ ស្របពេលទីតាំងនោះ គឺជាដីព្រៃរេចរឹលដែលរដ្ឋគ្រោងដាំដើមឈើឡើងវិញ បង្កើតទៅជាតំបន់បៃតង។
លោកថ្លែងថា៖ «យើងចុះទៅដល់វាឈូសឆាយទើបបាន ១ ហិកតាទេ។ ធម្មតាឡានយើងបើកទៅ វា (អ្នករំលោភដីព្រៃ) គ្រាន់តែឃើញរត់បាត់ ជាក់ស្ដែងខ្លួនខ្ញុំដែលចុះបង្ក្រាបផ្ទាល់រត់ឡើងចង់ដាច់ខ្យល់ ហើយវាឃើញយើងរត់ដេញតាម ពួកវារត់ចូលព្រៃអស់»។
លោកបន្តថា ក្នុងការបង្ក្រាបនោះ គឺរឹបអូសបានតែត្រាក់ទ័រសម្រាប់ឈូសឆាយដីចំនួន ៤ គ្រឿង ហើយកំពុងរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្នុងស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។
លោកថ្លែងថា៖ «តាមច្បាប់ព្រៃឈើ យើងធ្វើសេចក្ដីជូនដំណឹង ១ ខែ ដើម្បីរកម្ចាស់ ហើយបើអត់មានម្ចាស់ (ចេញមុខ) ទេ យើងកសាងសំណុំរឿងទៅតុលាការ ចោទពីបទការហ៊ុមព័ទ្ធឈូសឆាយរំលោភដីព្រៃឈើរបស់រដ្ឋ។ ចោទពីបទហ៊ុមព័ទ្ធឈូសឆាយដីព្រៃរបស់រដ្ឋនេះ គឺអាចជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ឆ្នាំ ៥ ឆ្នាំ»។
បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើដដែលបានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យមានបញ្ហាឈូសឆាយរំលោភដីព្រៃជាបន្តបន្ទាប់នេះកើតឡើង ដោយសារជាកំហុសភូមិឃុំដែលតែងចេញលិខិតបញ្ជាក់កាន់កាប់ដីមិនបានត្រឹមត្រូវ។
លោកអះអាងថា៖ «ចង់និយាយថាឥឡូវវាកក្រើកការមករំលោភដីព្រៃរបស់រដ្ឋអ៊ីចឹង ចង់និយាយថា តាមយើងមើលទៅ ច្រើនមកពីខាង (ខេត្ត) កំពង់សោមកំពង់ស្ពឺអ៊ីចឹង ជាទូទៅគេមានលុយមានកាក់ មកទិញដីនៅខាង (ខេត្ត) កំពង់ឆ្នាំង ដែលកន្លងមកអាជ្ញាធរភូមិឃុំចេះតែបញ្ជាក់ (លិខិតកាន់កាប់) ឱ្យ ដោយសារប្រជាពលរដ្ឋនៅហ្នឹងចេះតែបញ្ជាក់ថា ដីធ្លាប់កាន់កាប់»។
លោក ឃ្លាំង រ៉ី មេឃុំក្រាំងល្វា បានថ្លែងថា រាល់ការចេញលិខិតកាន់កាប់ទៅឱ្យប្រជាពលរដ្ឋទាំងអស់ គឺតែងសំអាងទៅលើដីនោះ មានពលរដ្ឋបង្កបង្កើនផលដំណាំផ្សេងៗសម្រាប់អាស្រ័យផល ប៉ុន្តែមិនទាន់អាចបកស្រាយឱ្យច្បាស់អំពីករណីឈូសឆាយដីរដ្ឋក្នុងតំបន់ព្រៃការពារនោះទេ ដោយសារមិនទាន់បានចុះទៅមើលកន្លែងនោះផ្ទាល់។
លោកថ្លែងថា៖ «មានដីប្រជាពលរដ្ឋនៅហ្នឹង (ដីព្រៃរដ្ឋ) ដែរ ហើយក៏មានការលក់ដូររបស់គាត់ (ពលរដ្ឋ) ហើយអាការឈូសឆាយហ្នឹង គាត់សុំច្បាប់ឬក៏មិនសុំច្បាប់យើងមិនទាន់ដឹង ដែរ មានតែប៉ុណ្ណឹង។ អត់ច្បាស់ថាអ្នកណាជាម្ចាស់នៅកន្លែងឈូសឆាយដីនៅហ្នឹងទេ ចាំចុះទៅមើលសិន»។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង បានលើកឡើងថា មូលហេតុមានការឈូសឆាយដីព្រៃកន្លងមក កើតឡើងដោយសារការអនុវត្តច្បាប់មិនបានតឹងរ៊ឺង និងមួយទៀត ជនដែលបានរំលោភលើដីព្រៃ តែងមិនត្រូវអាជ្ញាធរចាប់ខ្លួនបានម្ដងណា និងជាមូលហេតុដែលធ្វើឱ្យអ្នកដែលមានខ្នងបង្អែកជាអ្នកមានអំណាច មិនបានខ្លាចរអាហើយចេះតែរំលោភបំពានដីព្រៃជាបន្តបន្ទាប់មិនឈប់ឈរ។
លោកថា៖ «ទី២ អាជ្ញាធរដែនដីនេះ (មេភូមិ និងឃុំ) លោកអត់យល់អំពីសិទ្ធិសម្រេចប្រគល់ដីទៅឱ្យជនណាម្នាក់ទេ អ៊ីចឹងហើយគាត់យល់ថា ដីដែលស្ថិតនៅក្នុងដែនដីរបស់គាត់កាន់កាប់គឺគាត់មានអំណាច អ៊ីចឹងអាជ្ញាធរ (ថ្នាក់លើ) ត្រូវហៅគាត់មកណែនាំ។ ទី ៣ ជាចំណុចសំខាន់ អាជ្ញាធរត្រូវតែប្រញាប់ក្នុងការចុះបញ្ជីដីរដ្ឋឱ្យប្រញាប់ប្រញាល់តិចទៅ ដីកន្លែងណាជាដីព្រៃឈើ កន្លែងណាជារបស់បរិស្ថាន និងដីណារបស់ជលផល គឺត្រូវចុះបញ្ជីឱ្យច្បាស់លាស់ កុំទុកបណ្ដែតបណ្ដោយអ៊ីចឹង ព្រោះបើបណ្ដែតបណ្ដោយអ្នកមានអំណាច និងលុយកាកនឹងទៅបំពានហើយ»។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ថ្លែងថា មិនថាដីព្រៃក្នុងខេត្តកំពង់ឆ្នាំងទេដែលភាគច្រើនមិនទាន់បានចុះបញ្ជី ប៉ុន្តែសូម្បីដីព្រៃស្ថិតក្នុងខេត្តផ្សេងទៀត ក៏មិនទាន់ចុះបញ្ជីដែរ ព្រោះថា ពុំទាន់មានថវិកា។ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើក្នុងឆ្នាំ ២០០២ ជាគោលដើម្បីប្រើប្រាស់សព្វថ្ងៃនេះ៕