រតនគិរី: មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​អាជ្ញាធរ នៅក្នុង​ភូមិ​ ៣ ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្តរតនគិរី ដោយ​សមត្ថកិច្ច​បាន​រឹបអូស​​វត្ថុតាង​ដែល​កំពុង​បម្រើ​ឲ្យ​ការធ្វើ​សកម្មភាព​បូម​ខ្សាច់ ប៉ុន្ដែ​មន្ត្រី​មិនបាន​បញ្ជាក់​ពី​ការឃាត់​ខ្លួន​ជនល្មើស​ទេ​។

លោក សេក ហៃ អភិបាលស្រុក​កូនមុំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ចម្រុះ​រួមមាន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង​ស្រុក​កូនមុំ​បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី​បាន​ចុះបង្ក្រាប​សកម្មភាព​រុករក​រ៉ែ បូមខ្សាច់ ក្រោយពី​សង្ស័យថា​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​គាត់​ទទួលបាន​ដី​ធ្វើ​ខាង​កសិកម្ម​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្ដែ​គាត់​បែរជា​យក​ម៉ាស៊ីន និង​ត្រាក់ទ័រ​មក​បូម​ខ្សាច់ និង​ដឹកជញ្ជូន​ខ្សាច់​គគ្រឹកគគ្រេង​ទៅវិញ​។ ខ្ញុំ​អត់​ដឹង​ឃាត់​មនុស្ស​ឬ​អត់​ទេ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​កម្លាំង​ខ្ញុំ​ទៅ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​ការងារ​នេះ​។ ហើយ​រឿង​ការងារ​បន្តទៀត​គឺ​ស្ថិត​នៅ​លើ​ខាង​មន្ត្រី​ជំនាញ​ខាង​រ៉ែ និង​ថាមពល​ជា​អ្នកចាត់ចែង​»​។

លោក​បាន​ឲ្យ​ដឹងថា លោក​មិនបាន​ស្គាល់​ឈ្មោះ​ម្ចាស់​អាជីវកម្ម និង​អ្នកដឹកនាំ​កម្មករ​បូម​ខ្សាច់​នោះទេ ប៉ុន្ដែ​ទទួល​​ដំណឹង​ថា សម្ភារ​ទាំងអស់​នោះ​ជា​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង អាញ ដែលជា​ក្រុមហ៊ុន​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​លើ​ដី​កសិកម្ម​នៅ​តំបន់​នោះ​។

តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​បង្ហាញ​តាមរយៈ​គេហទំព័រ GRK News បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ០៣ ខែមីនា​នេះ​ថា​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូនមុំ​ដឹកនាំ​ដោយ​លោក សុ វណ្ណា មេបញ្ជាការ​ស្រុក​កូនមុំ សហការ​ជាមួយ​កម្លាំង​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ចុះបង្ក្រាប​បទល្មើស​រ៉ែ រឹបអូស​ដកហូត​នូវ​វត្ថុតាង​ដែល​កំពុង​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ក្នុងភូមិ​សាស្ត្រ​ស្ថិត​ក្នុងភូមិ​ ៣ ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្តរតនគិរី​។

ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ចម្រុះ​បាន​ធ្វើការ​រឹបអូស​គ្រឿងចក្រ (​អេស្កាវ៉ាទ័រ​) ​ចំនួន ១ ​គ្រឿង ម៉ាស៊ីន​បូម​ធុន​ ២៨ ​សេះ​ចំនួន​ ៣ ​គ្រឿង​, ទុយោជ័រ​បូម​ខ្សាច់​មួយចំនួន និង​វត្ថុតាង​មួយចំនួន​ទៀត​។ វត្ថុតាង​ត្រូវបាន​រក្សាទុក​ដើម្បី​រង់ចាំ​ជំនាញ​អនុវត្ត​នីតិវិធី​បន្ត​។ លោក អ៊ុង ហួរ ប្រធាន​មន្ទីររ៉ែ និង​ថាមពល​ខេត្ត​រតនគិរី​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក យស មុន្នីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​។ ក្រុមហ៊ុន ហ័ង អាញ មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​បំភ្លឺ​បានទេ​៕