ភ្នំពេញៈ មន្ត្រីជំនាញរបស់ប្រទេសវៀតណាមផ្នែក cyber security និង social networks បានចែករំលែកបទពិសោធ និងបង្រៀនដល់មន្ត្រីកម្ពុជាទាក់ទងនឹងបញ្ហារំលោភបំពានតាមបណ្តាញទំនាក់ទំនងសង្គម និងការគ្រប់គ្រងព័ត៌មានក្លែងក្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ការនូវបទល្មើសបច្ចេកវិទ្យា ខណៈដែលកន្លងទៅមានកើតករណីនេះជាច្រើន។
លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តី cyber security និង social Networks នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីម្សិលមិញថា ការអភិវឌ្ឍនៃបច្ចេកវិទ្យាការចែករំលែកព័ត៌មាន និងការទទួលព័ត៌មានបែបទំនើបមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងច្រើនដើម្បីបំពេញសេចក្តីត្រូវការរបស់សាធារណជន ប៉ុន្តែវាក៏បង្កការប្រឈមនឹងលំហូរនៃព័ត៌មានក្លែងក្លាយ និងការចែករំលែកបន្តក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមផងដែរ។
លោកបញ្ជាក់ថា៖ «ការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនោះបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ កិត្តិយស និងការខាតបង់ផ្សេងៗចំពោះបុគ្គល ស្ថាប័ន សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច សន្តិសុខជាតិ ប្រពៃណីជាតិ និងទំនាក់ទំនងការទូតជាដើម»។
លោកបានលើកឡើងថាកន្លងមកក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ មានគេហទំព័រមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅថ្ងៃស និងថ្ងៃបោះឆ្នោតដែលជាការរំលោភច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតក្នុងគោលដៅបំផ្លាញដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត និងបង្កភាពវឹកវរដល់សន្តិសុខសង្គម។
លោកបានបន្ថែមថាក្នុងឆ្នាំ ២០១៨ មានករណីហេកចូលទំព័របណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទូរទស្សន៍ជាតិកម្ពុជា ដោយជនអនាមិកដែលបានប្រើប្រាស់ទំព័រហ្វេសប៊ុកនោះរួចបង្ហោះព័ត៌មានមិនពិត និងបានបំផ្លើស។
លោកបានបញ្ជាក់ថា៖ «បទបង្ហាញចែករំលែកអំពីបទពិសោធជុំវិញការគ្រប់គ្រង និងការដោះស្រាយការចែករំលែកព័ត៌មានក្លែងក្លាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និងការបង្ការនូវបទល្មើសបច្ចេកវិទ្យាជូនដល់សិក្ខាកាមគឺដើម្បីជាប្រយោជន៍សម្រាប់ការងារជំនាញក្នុងក្រសួងស្ថាប័នរបស់ខ្លួនដើម្បីទទួលបាននូវបទពិសោធថ្មីៗសម្រាប់ការអភិវឌ្ឍការងារជំនាញរបស់ខ្លួន»។
លោក ហ៊ុយ សារ៉ាវុធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងនីមួយៗត្រូវចាត់វិធានការ និងផ្តល់ព័ត៌មានដល់ក្រសួងប្រៃសណីយ៍ និងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលបានប្រើប្រាស់ហ្វេសប៊ុកធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ស្ថាប័នសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច សន្តិសុខជាតិ ប្រពៃណីជាតិ និងទំនាក់ទំនងការទូត ហើយប្រសិនបើមានករណីហេកណាមួយ ពលរដ្ឋត្រូវប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ហើយអ្នកបច្ចេកទេសគេនឹងធ្វើការតាមដានស្រាវជ្រាវ។
លោក VU QUANG MINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅប្រទេសប្រចាំកម្ពុជាបានលើកឡើងតាមរយៈអ្នកបកប្រែថា បញ្ហាព័ត៌មានក្លែងក្លាយនៅប្រទេសកម្ពុជាបាននិងកំពុងជះឥទ្ធិពលអាក្រក់ ចំពោះប្រទេសកម្ពុជា និងវៀតណាម។ ទោះបីយ៉ាងណាលោកបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលអាចមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបច្ចេកវិទ្យា ហើយលោកបានសម្ដែងក្ដីសង្ឃឹមថា សិក្ខាសាលានេះនឹងជួយចែករំលែកបទពិសោធ និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាបន្ថែម។
លោកបានបន្តទៀតថាការបើកចំហទូលំទូលាយនូវការចែករំលែកព័ត៌មាន និងការទទួលព័ត៌មានបែបទំនើប វាអាចផ្តល់អត្ថប្រយោជន៍ច្រើនតែវាក៏ធ្វើប្រទេសកម្ពុជា និងប្រទេសវៀតណាម ងាយរងគ្រោះផងដែរ។
លោកបញ្ជាក់ថា៖ «យើងត្រូវមានការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាសន្តិសុខនេះ ជាពិសេសក្នុងបរិបទប្រទេសទាំង ២ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង...វានាំមកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានបំផ្លើស ជាបញ្ហាប្រឈមសម្រាប់អ្នកទាំងអស់គ្នា ហើយព័ត៌មានក្លែងក្លាយបានធ្វើឲ្យមានការញុះញង់ និងអំពើហិង្សា»៕