ភ្នំពេញៈ មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) បានចាប់ផ្តើម​បង្វឹក​ថ្នាក់មូលដ្ឋាន​ដល់​សុនខ​ចំនួន​ ១០ ​ក្បាល ​ឱ្យ​ចេះ​ហិតក្លិន​រក​អ្នកមាន​ផ្ទុកមេរោគ​កូវីដ​ ១៩ បន្ទាប់ពី​បានទទួល​ជំនួយ​សម្ភារ​សិប្បនិមិ្មត ដើម្បី​បង្វឹក​សុនខ​ទាំងនេះ​ពី​ប្រទេស​ស្វ៊ីស​។

លោក ហេង រតនា អគ្គនាយក CMAC ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជំនួយ​សម្ភារ​សម្រាប់​ប្រើប្រាស់​ស្រង់ក្លិន​ជំងឺ​កូវីដ​របស់​ប្រទេស​ស្វ៊ីស​បាន​មកដល់​កម្ពុជា​កាលពី​យប់​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១ ដើម្បី​ត្រៀម​បង្វឹក​សុនខ​ឱ្យមាន​សមត្ថភាព​។ ទោះជា​យ៉ាងណា លោក រតនា មិន​អាចធ្វើ​អត្ថាធិប្បាយ​ឱ្យបាន​លម្អិត​នៅឡើយ​ទេពី​ជំនួយ​សម្ភារ​ដែល​ទទួល​បាន​ពី​ប្រទេស​ស្វ៊ីស​ នេះ​។

លោក ហេង រតនា​ថ្លែងថា​៖ «​ខ្ញុំ​បានទទួល​សម្ភារ​មួយចំនួន​ពី​ប្រទេស​ស្វ៊ីស​រួចហើយ ដើម្បី​ប្រើប្រាស់​ស្រង់ក្លិន​»​។ បើតាម​លោក​ រតនា មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់ បាន​ចាប់ផ្តើម ហ្វឹកហ្វឺន​ថ្នាក់មូលដ្ឋាន​ដល់​សុនខ​ទាំងនេះ​ជា​បណ្តើរៗ ឱ្យ​វា​ចេះ​ស្តាប់បង្គាប់ និង​មិនទាន់​ឈានចូល​ឱ្យ​ហិត​វីរុស​កូវីដ​នៅឡើយ​ទេ ដោយ​រង់ចាំ​តែ​អ្នកវិទ្យាសាស្ត្រ​សុខាភិបាល​កំពុង​ពិភាក្សា​គ្នា ជុំវិញ​ការបំពាក់​ជំនាញ​ប្រភេទ​ក្លិន​ឱ្យ​វា​ប៉ុណ្ណោះ​។

ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ទៅ​សុនខ លោក រតនា បញ្ជាក់ថា បន្ទាប់ពី​ស៊ីម៉ាក់​ស្រាវជ្រាវ​ព័ត៌មាន​មួយចំនួន​បង្ហាញ​ថា នៅក្នុង​អំឡុងពេល​នៃ​ការហ្វឹកហ្វឺន​នេះ​គឺមាន​សុវត្ថិភាព​ ១០០ % ព្រោះ​មិនធ្វើ​ជាមួយនឹង​មេរោគ​ទេ គឺ​ធ្វើ​ជាមួយ​នឹង​សម្ភារ​សិប្បនិម្មិត ព្រោះ​សុនខ​ហិត​តែ​ខ្លិន​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ មិនមែន​យក​មេរោគ​អ្នកជំងឺ​យកមក​ឱ្យ​វា​ហិត​នោះទេ​។ «​យើង​ឱ្យ​ហិតក្លិន អ្នក​មិនមាន​ជំងឺ​កូវីដ ១៩ ១០០ ​នាក់​ ហើយ​ឱ្យ​អ្នកជំងឺ​កូវីដ​ ១៩ ម្នាក់ ឬ ២ ​នាក់ ដើម្បីឱ្យ​សុនខ​មាន​ភាពសុំា​ទៅ​នឹង​ក្លិន​របស់​វា នៅពេល​ដែល​វា​រកឃើញ​មនុស្ស​ ២ ​នាក់​នោះ​សុនខ​វា​មាន​សមត្ថភាព​របស់​វា​ក្នុង​ការហិត​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ​ហើយ​»​។

ការប្រើប្រាស់​សុនខ​សម្រាប់​ហិត​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ ​១៩ នេះ​ធ្វើ​ឡើង​ដូច​ទៅនឹង​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​​រួមមាន​ប្រទេស​អាល្លឺម៉ង់ ហ្វាំងឡង់ អូស្ត្រាលី និង​រុស្ស៊ី ជាដើម​ដែល​បាននិងកំពុង​ប្រើប្រាស់​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​បានទេ​កាលពី​ម្សិលមិញ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២១ បានអនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិបាល និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​រៀបចំ​កម្មវិធី​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដើម្បី​ចូលរួម​ទប់ស្កាត់​ និង​ប្រឆាំង​ទៅនឹង​ការរីករាលដាល​ជំងឺឆ្លង​នេះ​ក្នុង​សហគមន៍​៕