បាត់ដំបងៈ ​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​បើក​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ១ ត្រង់​ចំណុច​ភូមិ​កំពង់ក្របី ភូមិ​កម្មករ​ក្នុង​សង្កាត់​ស្វាយប៉ោ និង តាម​បណ្ដោយ​ផ្លូវ ១៥៩D ស្ថិត​នៅ​ភូមិ​រំចេក​ ៤ ក្នុង​សង្កាត់​រតនៈ​ចេញ​ប្រកប​របរ​រកស៊ី និង​ធ្វើ​ចរាចរណ៍​ទៅ​មក​ឡើងវិញ​ហើយ​បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​ធ្វើការ​បំផ្ទុះ​គ្រាប់ B40,5 បាន​ដោយ​ជោគជ័យ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក​ ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ B40,5 ១ ​គ្រាប់ និង QF75mm ១ ​គ្រាប់​ក្នុង​ចំណោម​គ្រាប់​ជាច្រើន​ទៀត​ដែល​ក្រុមការងារ​ជួសជុល​ច្រាំង​ស្ទឹងសង្កែ​បាន​រកឃើញ​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​សង្កែ​កាលពី​រសៀល​ថ្ងៃទី​ ២៩ និង​ព្រឹក​ថ្ងៃទី​ ៣០ ខែ​មករា ឆ្នាំ​ ២០២០ នៅ​ចំណុច​ខាងកើត​ឆៀង​ខាងត្បូង​ក្បែរ​ស្ពានថ្ម​ចាស់​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់​បំផ្ទុះ​ចោល​បាន​ដោយ​ជោគជ័យ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ថ្លែងថា​៖ «​ការសម្រេច​បំផ្ទុះ​គ្រាប់​ទាំង​ ២ ​គ្រាប់​នៅនឹងកន្លែង​នេះ គឺ​ដោយសារតែ​មន្ត្រី​ជំនាញ​អះអាង​ថា វា​ងាយ​នឹង​ផ្ទុះឡើង បើ​ជីកកាយ​ និង​ចល័ត​វា​ចេញពី​ទីតាំង​ដែល​ប្រទះឃើញ​»​។

ជុំវិញ​ការប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ចំណុច​ច្រាំង​ស្ទឹងសង្កែ​នេះ​ត្រូវ​បាន​លោក អ៊ឹម កុសល ប្រធាន​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​អំឡុង​ខែមករា ឆ្នាំ ១៩៧៩ វត្ត​សង្កែ​ដែល​មាន​ទីតាំងនៅ​ចំណុច​ខាងលើ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជាឃ្លាំង​ដាក់​គ្រាប់​ និង​អាវុធយុទ្ធភណ្ឌ​តូចធំ​ជាច្រើន​ប្រភេទ ហើយ​គ្រាប់​មួយចំនួន​បាន​ផ្ទុះ​ធ្វើឲ្យ​គ្រាប់​ជាច្រើន​បាន​ខ្ទាត​រប៉ាត់រប៉ាយ​តាម​បណ្ដាយ​ច្រាំង​ស្ទឹងសង្កែ​។

កន្លងមក​អង្គភាព​កំចាត់មីន​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​យកទៅ​កម្ទេចចោល​អស់​មួយចំនួន​ហើយ ប៉ុន្តែ​ដោយ​បច្ចុប្បន្ន​មាន​ការអភិវឌ្ឍ​កែលម្អ​ច្រាំង​ស្ទឹង​ឲ្យ​មាន​សោភណភាព​កាន់តែ​ស្រស់បំព្រង​ឡើង​នោះ ក្រុមការងារ​អភិវឌ្ឍន៍​ក្រុង​បាត់ដំបង​បាន​ប្រើ​គ្រឿងចក្រ​ជីកកាយ​ច្រាំង​ស្ទឹង ហើយ​ក៏​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ទៀត ដែល​រួមមាន​គ្រាប់​កាំភ្លើងត្បាល់​ ១២០ ​មិល្លីម៉ែត្រ​ ១ ​គ្រាប់ គ្រាប់បែកដៃ​ ២ ​គ្រាប់ គ្រាប់កាំភ្លើង​ត្បាល់ ៦០ ​មិល្លីម៉ែត្រ ៥ ​គ្រាប់ B 40,5 ១ ​គ្រាប់​ និង​គ្រាប់ QF 75mm ១ ​គ្រាប់​។ «​ក្នុងចំណោម​គ្រាប់​ដែល​បាន​ប្រទះឃើញ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់​ខេត្តបាត់ដំបង​ជួយ​អន្តរាគមន៍ ជីក​យក​ចេញ​ពី​ទីតាំង​ដែល​បាន​ប្រទះ​ឃើញ​បាន​ដោយ​ជោគជ័យ លើកលែងតែ​គ្រាប់ B 40,5 និង គ្រាប់ QF75mm ប៉ុណ្ណោះ​ដែល​ក្រុមមន្ត្រី​ជំនាញ​សម្រេច​ដុត​បំផ្ទុះ​ចោល​នៅ​នឹង​កន្លែង ព្រោះ​វា​អាច​នឹង​ផ្ទុះ​នៅពេល​ជីក​កកាយ​វា​ចេញពី​ក្នុង​ដី​នោះ​»​។

លោក ព្រីង បញ្ញារិទ្ធ ប្រធាន​អង្គភាព​កំចាត់មីន​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយ​ទីតាំង​ច្រាំងទន្លេ​នោះ​មាន​ភាពមិន​រាបស្មើ ងាយ​នឹង​បង្ក​ឲ្យ​គ្រាប់​ដែល​កប់​នៅក្នុង​ដី​នោះ​មាន​ភាពប្រែប្រួល និង​ផ្ទុះឡើង​នៅពេល​ជីក​កាយ​យក​វា​ចេញ ទើប​ក្រុម​ជំនាញ​បាន​ប្រើ​មធ្យោបាយ​ដុត​បំផ្ទុះ​វា​ចោល​នៅនឹងកន្លែង​៕