The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជំនាញ​ហាម​នាំចូល​បន្លែ​ ៦ ​មុខ​ពី​វៀតណាម​ ក្រោយ​រកឃើញ​កំណក​ថ្នាំពុល




មន្ត្រី​ជំនាញ​ហាម​នាំចូល​បន្លែ​ ៦ ​មុខ​ពី​វៀតណាម​ ក្រោយ​រកឃើញ​កំណក​ថ្នាំពុល

Content image - Phnom Penh Post
មន្ត្រី​ជំនាញ​ពិនិត្យ​បន្លែ​ដែល​នាំចូល​មកពី​វៀតណាម​ក្នុង​ខេត្ត​កណ្ដាល​។ រូបថត​ហ្វេសប៊ុក

មន្ត្រី​ជំនាញ​ហាម​នាំចូល​បន្លែ​ ៦ ​មុខ​ពី​វៀតណាម​ ក្រោយ​រកឃើញ​កំណក​ថ្នាំពុល

កណ្ដាលៈ ក្រុមការងារ​គយ និង​រដ្ឋាករ​ចល័ត​ប្រចាំ​ច្រក​អន្តរជាតិ​ជ្រៃធំ បាន​សម្រេច​ហាមឃាត់​ការនាំ​ចូល​បន្លែ​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ សាខា​កាំកុងត្រូល​ខេត្ត​កណ្ដាល​បាន​រកឃើញ​កំណក​សារធាតុ​ថ្នាំពុល​កសិកម្ម​មាន​ផ្ទុក​នៅក្នុង​បន្លែ​ទាំងនោះ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគ​។ សេចក្ដី​សម្រេច​នេះ​បាន​ឲ្យ​ដឹងថា ក្នុង​បន្លែ​ទាំង​ ៦ ​មុខ​នោះ​រួមមាន ​ស្ពៃបូកគោ​ ផ្កា​ខាត់ណា ​ពោត​បារាំង ​ក្រូចឆ្មារ​តូច​ (​សម្រាប់​ធ្វើ​តែ​ជ្រក់​) ​ផ្លែ​ល្ពៅ​ និង​ផ្កា​គូឆាយ​។

លោក ម៉ួង ដារ៉ា ប្រធាន​ក្រុមការងារ​គយ​ចល័ត​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​កន្លង​មក​នេះ ក្រុម​ការងារ​របស់លោក​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​កណ្ដាល ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​បន្លែ​ផ្លែឈើ ដែល​ក្រុមអាជីវករ​ខ្មែរ​នៅ​តាម​ព្រំដែន​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ​តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃធំ​។

លោក​ ដារ៉ា ថ្លែងថា​៖ «​បន្លែ​ ៦ ​មុខ​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​កសិកម្ម​នោះ​រួមមាន ស្ពៃបូកគោ​ ផ្កា​ខាត់ណា​ ពោត​បារាំង​ ក្រូចឆ្មារ​តូច​ ផ្លែ​ល្ពៅ​ និង​ផ្កា​គូឆាយ​។ ក្រោយពី​រកឃើញ​មាន​សារធាតុពុល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត សមត្ថកិច្ច​យើង​បាន​រឹបអូស​មក​បំផ្លាញ​ចោល និងអប់រំ​ណែនាំ​ដល់​អាជីវករ​ខ្មែ​យើង​ឲ្យ​បញ្ឈប់​ការនាំ​ចូល​នូវ​​កសិផល​ទាំងនោះ​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​យើង​ទៀត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ដោយ​ថ្ងៃ​បន្ទាប់​យើង​នៅតែ​ពិនិត្យ​ឃើញ​មាន​ការនាំចូល​បន្លែ​ទាំង​ ៦ ​មុខ​នោះ​ទៀត ហើយ​នៅតែ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​កសិកម្ម សមត្ថកិច្ច​យើង​ក៏​បាន​សម្រេច​ធ្វើការ​ហាមឃាត់​ជា​ផ្លូវការ​នូវ​ការនាំចូល​ប្រភេទ​បន្លែ​ទាំង​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​តែម្ដង​»​។

លោក អ៊ូ ម៉ានរិន ប្រធាន​សាខា​​កាំកុងត្រូល​ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាទូទៅ​ថ្នាំពុល​កសិកម្ម​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់សត្វ​ល្អិត​ចង្រៃ​គឺ​វា​អាច​ជួយ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ ប៉ុន្តែ​វា​ក៏បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​ផង​ដែរ ​ប្រសិន​បើ​ថ្នាំពុល​សម្លាប់​សត្វល្អិត​នោះ​នៅ​មិនទាន់​រលាយ ឬ ធ្វើ​ប្រតិកម្ម​សំយោគ​អស់​កំណក​ជាតិពុល​ពី​ស្លឹក​បន្លែ ឬ​ផ្លែឈើ​នោះ​ទេ​។

លោក ម៉ានរិន ថ្លែងថា​៖ «​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​យើង​រកឃើញ​លើ​បន្លែ​ទាំង​ ៦ ​មុខ​នេះ​ជា​ប្រភេទ​ថ្នាំពុល​សម្លាប់សត្វ​ដង្កូវ ដែល​ស៊ី​ស្លឹក ដើម និង​ឫស​រុក្ខជាតិ ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ភាពលូតលាស់​នៃ​បន្លែ​ផ្លែឈើ​។ ប្រភេទ​ថ្នាំពុល​ទាំងនោះ​ជាទូទៅ​រលាយ​អស់​ឥទ្ធិពល​ក្នុង​រយៈពេល​ពី​ ៥ ​ថ្ងៃ​ទៅ​ ១ ​សប្ដាហ៍​ក្រោយពី​មាន​ប្រតិកម្ម​សំយោគ​ជាមួយ​ពន្លឺព្រះអាទិត្យ និង ជាតិ​ខនិច​ផ្សេងទៀត​។ ប៉ុន្តែ​បើ​ក្រោយពី​បាញ់​វា​ទៅលើ​បន្លែ​ផ្លែឈើ​បាន​ត្រឹមតែ​ ២ ​ទៅ​ ៣ ​ថ្ងៃ កសិករ​កាត់​បន្លែ​ ឬ​ផ្លែឈើ​មក​លក់​នោះ កំណក​ជាតិពុល​របស់​វា ដែល​តោង​ជាប់​នឹង​ស្លឹក ដើម ឬ​ផ្លែ នៃ​បន្លែ​ផ្លែឈើ​ទាំងនោះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគបាន​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​សម្ដែង​ការសាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​នូវ​លំហូរ​បន្លែ​ផ្លែឈើ ដែល​មាន​សារធាតុ​គីមី​ពុល​ពី​ក្រៅ​ប្រទេស​។

លោក​ថ្លែងថា នៅពេល​នេះ​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពុង​បង្កើន​ការដាំដុះ​ដោយ​ប្រើប្រាស់​ថ្នាំ និង​ជី​ធម្មជាតិ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​អ្នក​បរិភោគ​។

លោក សាវឿន បាន​ថ្លែងថា​៖ «​យើង​មិនអាច​ហាមឃាត់​ការនាំ​ចូល​បន្លែ​ផ្លែឈើ​ពី​ក្រៅ​ប្រទេស​បានទេ ខណៈ​ការផលិត​របស់​យើង​នៅក្នុង​ស្រុក​នៅ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ តែ​យើង​សូម​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការនាំ​ចូល​នូវ​បន្លែ​ផ្លែឈើ​ណា ដែល​កសិករ​យើង​នៅក្នុង​ស្រុក​ផលិត​បាន និង​បន្លែ​ផ្លែឈើ​ដែល​ខូច​គុណភាព និង​មាន​សារធាតុ​គីមី​ពុល​»​។

ទន្ទឹម​នឹង​នេះ​លោក សាវឿន ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ខ្មែរ​ដែល​កំពុង​បង្កើន​ការដាំដុះ​បន្លែ​ផ្លែឈើ​តាម​គោលការណ៍​ណែនាំ​របស់​អ្នកជំនាញ​ផ្នែក​កសិកម្ម ដោយ​ប្រើប្រាស់​ជី និង​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ផ្សេងៗ​ដែល​ធានា​ចំពោះ​សុវត្ថិភាព​របស់​អ្នកបរិភោគ និង​មិនត្រូវ​ឆ្លៀតឱកាស​នេះ បង្កើន​តម្លៃ​ដែល​នាំ​ឲ្យ​មាន​ការរិះគន់​ពី​អ្នក​បរិភោគ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍