កំពង់ឆ្នាំងៈ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ការិយាល័យ​នគរបាល​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បសស​) ​កាលពី​ថ្ងៃ​អង្គារ​បាន​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និង​កម្មករ​ប្រមាណ​ ១២០ ​នាក់​ នៅ​រោងចក្រ CAN STORTS SHOSE CO.LTD នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ យោងតាម​ហ្វេសប៊ុក​របស់ ប.ស.ស​។

ហ្វេសប៊ុក​ដដែល​នេះ​បាន​ដកស្រង់​ការ​ថ្លែង​របស់​លោក កេត យ៉ុង តំណាង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​៖ «(​ការ​) ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​ក៏ដូចជា​បងប្អូន​កម្មករ​និយោជិត ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​កុំ​ឲ្យ​កើតមាន​លើ​បងប្អូន​កម្មករនិយោជិត​»​។

លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៃ​ ប.ស.ស បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​ដដែល​នេះ​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ឡើងលើ​កម្មករ​និយោជិត នៅពេល​ធ្វើដំណើរ​ដោយ​ហេតុ​រថយន្ត​ដឹក​កម្មករនិយោជិត​មួយចំនួន​ត្រូវបាន​កែច្នៃ​ចេញពី​រថយន្ត​ដឹកទំនិញ​ទៅជា​រថយន្ត​ដឹក​កម្មករ​ដែល​មិន​ស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​។

លោក ច័ន្ទវិបុល បាន​ឲ្យ​ដឹង​ទៀតថា​៖ «​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និង​បងប្អូន​កម្មករ​និយោជិត​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​នៃ​ ប.ស.ស​ ​បានទេ​កាលពី​ថ្ងៃ​ពុធ​។

មន្ត្រី​ជំនាញ​ច្បាប់​ចរាចរណ៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ដល់​អ្នកបើកបរ​ឡាន​ដឹក​កម្មករ​។ រូបថត ប.ស.ស

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ថ្ងៃ​ពុធ​ថា ការចុះ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ច្បាប់​ស្តីពី​ចរាចរណ៍​គឺជា​រឿង​មួយ​ល្អ​ណាស់​ដើម្បី​ចែករំលែក​ក៏ដូចជា​បង្កើន​នូវ​ចំណេះដឹង​ដល់​អ្នកបើក​​រថយន្ត​ដឹក​កម្មករ និង​កម្មករ​ឱ្យបាន​យល់ដឹង​អំពី​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ការការពារ​ខ្លួន ការគោរព​ច្បាប់​ជាដើម​។ ប៉ុន្តែ​ការចុះ​បង្រៀន​ឱ្យ​ពួកគាត់​បាន​យល់ដឹង​គឺជា​ផ្នែក​មួយ តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ពិនិត្យមើល​ទៅលើ​ការអនុវត្ត​ច្បាប់​ជាក់ស្តែង​។

លោក ប៉ាវ ស៊ីណា បាន​ចោទ​សួរថា​តើ​ការអនុវត្ត​ច្បាប់​មាន​ភាពតឹងរ៉ឹង​ហើយ​ឬ​នៅ​ចំពោះ​អ្នកបើកបរ​ដែល​មិន​គោរព​ឬ បំពាន​ច្បាប់ ឬ​មិនមាន​ឯកសារ​ត្រឹមត្រូវ​? តើ​រថយន្ត​ដឹក​កម្មករ​ត្រូវបាន​ត្រួតពិនិត្យ​មើល​ហើយ​ឬ​នៅ​? ថា​តើ​ជា​ប្រភេទ​រថយន្ត​ដឹក​មនុស្ស ឬ​ដឹក​សត្វ​? តើ​រថយន្ត​ដែល​ដឹក​កម្មករ​មាន​សុវត្ថិភាព​ឬ​នៅ​? តើ​បច្ចេកទេស​របស់​រថយន្ត​គ្រប់គ្រាន់​ហើយ​ឬ​នៅ​?

លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ឃើញ​ឡាន​ភាគច្រើន​ដែល​ដឹក​កម្មករ ច្រើន​តែ​ឡាន​ចាស់ៗ​ឡាន​គ្មាន​គុណភាព​អី​ទេ ឡាន​សុទ្ធតែ​ជំនំៗ ឡាន​យកមក​ផ្សារ កែច្នៃ​អ៊ីចឹងទៅ​។ ប្រភេទ​ឡាន​ទាំងអស់​ហ្នឹងហើយ​សុទ្ធសឹងតែ​ធាតុ​ផ្សំ​បង្ក​ទៅ​ជា​គ្រោះថ្នាក់​នៅពេល​ដែល​បើកបរ ខណៈ​ដែល​ឡាន​ផ្ទុក​ចំណុះ​ច្រើន​លើសពី​ស្តង់ដា ហើយ​តៃកុង​បើកបរ​ដោយ​បំពាន ហើយ​មិនសូវ​គិតពី​សុវត្ថិភាព​របស់​អ្នកជិះ​នោះ​»​។

ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ អ្នកស្លាប់​ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៤៨៨ ​នាក់​ក្នុង​នោះ​កម្មករនិយោជិត​មាន​រហូត​ដល់​ទៅ ៣៨ ភាគរយ​នៃ​អ្នក​ដែល​បាន​គ្រោះថ្នាក់​ស្លាប់​សរុប​។ នេះ​បើ​យោងតាម​គេហទំព័រ​ ប.ស.ស ​ដែល​បាន​ដកស្រង់​សម្តី​លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាល​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការជំរុញ​ការកែលម្អ​សុវត្ថិភាព​រថយន្ត​ដឹក​កម្មករនិយោជិត​កាលពីដើម​ខែវិច្ឆិកា​។

យោងតាម​គេហទំព័រ​នេះ​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក ប.ស.ស បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​នេះ​ថា ការគិត​គួរ​ពី​សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​និយោជិត​គឺជា​កត្តា​សំខាន់​ដែល​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​។

គេហទំព័រ​នេះ​បាន​ស្រង់​សម្តី​លោក អ៊ុក សមវិទ្យា ថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺជា​ឃាតករ​លាក់​មុខ​ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ជា​រៀងរាល់​ថ្ងៃ​។ បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​នេះ​មិន​អាចឱ្យ​ក្រសួង ស្ថាប័ន ឬ​ផ្នែក​ណាមួយ​ធ្វើការ​ទប់ស្កាត់ កាត់បន្ថយ ឬ​លុបបំបាត់​តែឯង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​សហការ​គ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​»​។

គិត​ត្រឹម​នព្វមាស ឆ្នាំ​ ២០១៩ ប.ស.ស បាន​ចុះ​ផ្សព្វផ្សាយ​​អប់រំ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និង​កម្មករនិយោជិត ប្រមាណ​ជាង ១៦ ៣១២ នាក់ ​ដែល​មាន​ចំនួន ២៤៣ ​លើក ​នៅតាម​បណ្តា​រាជធានី ខេត្ត ទូទាំងប្រទេស​។ នេះ​បើ​យោង​តាម​គេហទំព័រ ប.ស.ស ដែល​បានចេញ​ផ្សាយ​កាលពី​ខែតុលា​។

គេហទំព័រ​បានបញ្ជាក់​ទៀតថា ប.ស.ស បានរៀបចំ​ការប្រឡង​យក​បណ្ណ​បើកបរ​ជូន​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​និយោជិត​បាន​ចំនួន ២៣ ​លើក​ ដែល​មាន​ចំនួន​ ១ ២១៦ ​នាក់​៕