កណ្តាលៈ មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានជំហានដំបូងថា មូលហេតុដែលបណ្តាលឲ្យ មនុស្ស ៨ នាក់ស្លាប់ និងម្នាក់ស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ក្រោយពីពួកគេបានផឹកស្រាផលិតនៅក្នុងស្រុក កាលពីថ្ងៃទី ១០ ខែឧសភា នៅក្នុងភូមិស្គរ ឃុំសារិកា ស្រុកល្វាឯម គឺមកពីស្រានោះ ត្រូវបានអ្នកលក់ដាក់លាយសារធាតុមេតាណុលខ្ពស់លើសកំណត់។
លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កាលពីថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ប្រភេទស្រាដែលផលិតក្នុងស្រុកដែលជនរងគ្រោះផឹកនោះ មានសារធាតុមេតាណុល ២,៥% គឺជាកម្រិតពុលខ្ពស់ ដែលជាទូទៅត្រូវបានអនុញ្ញាតឱ្យប្រើតែកម្រិត ០,៥ ភាគរយប៉ុណ្ណោះ។
លោក ថេង ថ្លែងថា៖ «នៅក្នុងករណីនេះ គឺពួកគាត់ផឹកស្រាដែលមានសារធាតុមេតាណុលលើសជិត ២០ ដង។ ពួកគាត់ក្នុងម្នាក់ៗ បានពិសាស្រាក្នុងរង្វង់ ១ លីត្រ ឬ ៧០ មិល្លីលីត្រ ក្នុងម្នាក់»។
ករណីនេះ មន្ត្រីជំនាញ កំពុងតែស្រាវជ្រាវបន្ត ដើម្បីមានវិធានការតាមផ្លូវច្បាប់ ព្រោះការពុលស្រាភាគច្រើន មិនមែន មកពីការផលិត ឬបិតស្រានោះទេ គឺដោយសារតែអ្នកពិសាស្រា ឬអ្នកដែលលក់ស្រាជាអ្នកលាយសារធាតុមេតាណុលហួសកម្រិត។
លោក ឌឹម ថេង ថ្លែងថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺមិនទាន់យល់ ហើយចាត់ទុកថា មេតាណុល មិនមែនជាសារធាតុពុលនោះទេ គាត់យល់ច្រឡំថា មេតាណុលជាមេស្រា ដាក់លាយទៅ វាខ្លាំង ប៉ុន្តែគាត់អត់ដឹងថា ដាក់ទៅពុលដល់ស្លាប់ ដូច្នេះបានជាគាត់លាយ។
លោក ឌឹម ថេង ថ្លែងថា ការដាក់លាយសារធាតុមេតាណុលជាមួយស្រាស ឬស្រាត្រាំថ្នាំ មិនត្រឹមតែបណ្តាលឱ្យស្លាប់នោះទេ ប៉ុន្តែបើពុលមិនទាន់ស្លាប់ក៏ធ្វើឱ្យងងឹតភ្នែក និងប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលផងដែរ។
លោក ហេង សុផល អធិការស្រុកល្វាឯមថ្លែងថា មន្ត្រីជំនាញបានស៊ើបសួរ និងបានប្រមូលទិញទាំងស្រាស និងស្រាត្រាំថ្នាំទាំងអស់យកទៅពិនិត្យនៅឡាបូ ប៉ុន្តែ មិនទាន់ទទួលបានលទ្ធផល និងមានចំណាត់ការយ៉ាងណានោះទេ។
លោកបញ្ជាក់ថា សមត្ថកិច្ចបានបិទដេប៉ូចែកចាយនិងទីតាំងបិតស្រាមួយកន្លែង ដោយហាមមិនឱ្យមានចរាចរណ៍ ឬផលិតនូវស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន។
យោងតាមរបាយកាណ៍របស់ សាខា ក.ប.ប ខេត្តកណ្តាល បង្ហាញថា បន្ទាប់ពីធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម បញ្ជាក់ថា ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២,៥% ស្រាស មានសារធាតុមេតាណុល ២,៥% និងស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕