ត្បួងឃ្មុំៈ មន្ត្រី​ជំនាញ​ខាង​សុខភាព​សត្វ​កំពុង​យក​ចិត្ត​​ទុក​​ដាក់ក្នុង​ការ​ត្រួត​ពិនិត្យ​ និង​តាម​ដានការ​រីក​រាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក ខណៈ​ដែល​មាន​ការ​សង្ស័យ​ថា ខេត្ត​មួយ​ចំនួននៅ​ជាប់​ព្រំ​ដែន​កម្ពុ​ជា​ វៀត​ណាមអាច​មាន​កើត​ជំងឺ​នេះ បន្ទាប់​ពី​ខេត្ត​រត​ន​គិរី ដែល​គេ​រក​ឃើញ​ជ្រូក​មាន​កើត​ជំងឺ​នេះ​កាល​ពី​​ជាង​ពាក់​កណ្តាល​ខែ​មីនា​។ នេះ​បើ​តាម​មន្ត្រី។

លោក រី ដា​វិ​ន ប្រធាន​​ការិយា​​ល័យ​បសុពេទ្យ​ នៃ​មន្ទីរ​កសិក​ម្ម​ខេត្ត​ត្បូង​ឃុំ ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​​កាល​ពី​ថ្ងៃ​ពុធ​​ថា មក​ដល់​ពេល​នេះ​ លោក​ពុំទាន់​ទទួលបាន​​ព័ត៌មាន​​ជា​ផ្លូវការ​ថា​ ខេត្ត​ត្បូងឃ្មុំ​ បាន​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នៅឡើយ​ទេប៉ុន្តែ​លោ​ក​​បានដឹង​តាមរយៈ​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​សុខ​ភា​ព​​ស​ត្វ ​និង​ផលិតកម្ម​សត្វ ដែល​បានប្រកាស​យ៉ាងខ្លី​ នៅក្នុង​ក្រុ​ម​តេ​លេ​ក្រាម​ថា មាន​ខេត្ត​​ជាប់​ព្រំដែន​ផ្សេង​​ទៀត​បាន​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក។

លោក​ថា៖​ «យើង​ឃើញ​គាត់ (តាន់ ផាន់​ណា​រ៉ា) មក​ប្រហែល​បួនដប់​ថ្ងៃមុន គាត់​យក​តេស្ដ​ឈាម​ នៅ​ខាង​ស្រុក​អូរ​រាំ​ងឪ ក៏ប៉ុន្តែ​មិនទាន់​ចេញ​លទ្ធផល​ជា​ផ្លូវការ​ទេគាត់​គ្រា​ន់តែ​ចូល​ក្រុម​តេ​លេ​ក្រា​មកា​រិ​យាល័យ​មន្ទីរ ហើយ​គាត់​ថា​ នឹង​ចេញ​សេចក្ដីជូនដំណឹង​តាម​ក្រោ​យ។ អ៊ីចឹង​ខ្ញុំ​ក៏​មិន​ទាន់​ច្បាស់​ថា​ ខេត្ត​ខ្ញុំ​ផ្ទុះជំងឺប៉េស្ត​ជ្រូក​ដែរ កាល​មុន​យើង​មាន​ខេត្ត​រតនគិរី​មួយ អ៊ីចឹង​ខេត្ត​នៅតាម​ព្រំ​ដែន​​វា​មាន​ទាំង​ត្បូង​ឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ​អ៊ីចឹង​ណា៎ ហើយ​គាត់​ដាក់​តាម​តាម​តេ​ឡេ​ក្រាម​ថា ​មាន​ខេត្ត​មួយចំនួន​នៅជាប់​ព្រំដែន​អ៊ីចឹង​ណា៎ ប៉ុន្តែ​គាត់​មិនទាន់​បញ្ជាក់​ថា ខេត្ត​ណា​ទេ»។

ប៉ុន្តែ​លោក​បញ្ជាក់ថា ការ​ចុះមក​ស្រាវជ្រាវ​ផ្ទាល់​ដល់​ស្រុក​អូរ​រាំ​ងឪ​របស់​លោក ផាន់​ណា​រ៉ា បន្ទាប់ពី​ស្រុក​នេះ​មាន​ជ្រូក​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ចំនួន ២-៣ គ្រួសារ​ បាន​ងាប់​​កាលពី​ខែឧស​ភា ហើយ​ក្រោយមក​ ក៏​ឮដំណឹង​ថា ជ្រូក​ដែល​ប្រជា​ពល​រដ្ឋ​បាន​ទិញ​ពី​ស្រុក​អូរ​រាំ​ងឪ​ ​ទៅ​កាន់​ខេត្តកំ​ពង់ចាម​បាន​ធ្លាក់​ខ្លួន​ឈឺ។

លោក​ថា៖ «មួយរយៈ​នេះ​ យើង​តែង​ប្រជុំ​ប្រចាំខែ​សួរ​មន្ត្រី​តាម​ស្រុក ប៉ុន្តែ​របាយការណ៍​វា​អត់​មានអ៊ីចឹង​យើង​រាយការណ៍​ទៅ​​លើ ថា​អត់​មាន​បញ្ហា​អី​ទេ»។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោ​ក តាន់ ផាន់​ណា​រ៉ា បានទេ ​កាល​ពី​​ថ្ងៃ​ពុធ​ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

កម្ពុជា​បាន​ផ្ទុះ​​ជំងឺ​ប៉េស្ដ​ជ្រូក​អា្រហ្វិក​ដំបូង​កាល​ពី​​ថ្ងៃទី ២​២ ​ខែមីនាស្ថិតក្នុង​ស្រុក​​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី ក្រោយមកជំងឺ​នេះ​ បាន​រាលដាល​ទៅ​ដល់​ស្រុក​មួយ​ទៀត គឺ​ស្រុក​អូរជុំ។

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ថ្វី​ដ្បិត​ជំងឺប៉េស្ដ​​ជ្រូក​អាហ្រ្វិក​មិនបាន​រាលដាល​ទៀត​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​ខេត្ត​បានដាក់​ចេ​ញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត មិនឱ្យ​មានការ​ចរាចរ​នាំ​ជ្រូក​ចេញចូល​ទៅកាន់​ស្រុក​អូរយ៉ាដាវ​ និង​ស្រុក​អូរជុំ ឬ​ពី​ខេត្ត​រតនគិរី​ទៅ​កាន់​ខេត្ត​ផ្សេង​ឡើយ។

លោក​ថា៖ «យើង​បាន​ទប់​ស្កាត់​​មិនឱ្យ​នាំ​ជ្រូក​ចេញ​ក្រៅ​ទេ»។

កាលពី​ខែ ឧសភា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បានចេញ​សេចក្ដីណែនាំ​មួយ ​ស្ដីពី​វិធានការ​បន្ទាន់​ទប់ស្កាត់​ការឆ្លង​រាលដាល​ នៃ​ជំងឺប៉េស្ដ​ជ្រូកអាហ្រ្វិក ដោយ​ជំរុញ​ឱ្យ​គ្រ​ប់​មន្ទីរ​ត្រូវ​សហ​ការ​​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដា​ប់ថ្នា​ក់​ដើម្បី​ពង្រឹ​​ង​ការ​ទប់​ស្កាត់ការនាំចូល​ជ្រូក​ខុស​ច្បាប់​​​តាម​ព្រំ​​ដែន និង​ម​ធ្យោ​បាយ​​ផ្សេង​ៗ​ទៀ​ត​ហើយ​ប្រសិន​បើ​មន្ទី​រ​​ណា​អនុវ​​​​​​ត្ត​​មិន​ត្រឹមត្រូវ​ឬ​ថ្លោះ​ធ្លោយនឹង​ត្រូ​​វ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ក្រសួង​​និង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

យ៉ាងនេះ​ក្ដី កាលពីពេល​ថ្មីៗ​នេះ លោក តាន់ ផាន់​ណា​រ៉ា ធ្លា​ប់​បញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ​ គឺជា​ខេត្ត​មួយ​មានការ​លួច​នាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ វៀតណាម ​ច្រើន​ជាង​គេ។

ជាមួយគ្នានេះ​លោក រី ដា​វិ​ន ប្រធានការិយាល័យ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូង​ឃុំអះអាង​ថា ក្នុង​ពេល​មាន​ចំណា​ត់ការ​ពី​ក្រសួង​ឱ្យ​ទប់ស្កាត់​ការនាំ​ជ្រូ​ក​​ខុសច្បាប់​ពី​វៀត​ណាម គឺ​នៅ​ខេត្ត​ត្បូង​ឃ្មុំបង្ក្រា​ប​ករណី​នាំ​​ចូល​​ជ្រូក​ខុស​ច្បាប់​បា​ន​ប្រហែល​ ៣​០​​ ករណី ដែល​មាន​សត្វ​ជ្រូក​ជិត​ ៧០០ ​ក្បាល ប៉ុន្តែ​លោក​ថា តាម​ការ​​ធ្វើ​តេស្ដ​ឈា​ម​ជ្រូក​ទាំង​អស់​នោះមិន​បាន​​រក​ឃើញ​​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិកឡើយ។

លោក​ថា៖ «ខ្ញុំ​កំពុង​ឈឺក្បា​ល​​អា​រឿង​ហ្នឹងនាំចូល​ក៏​ច្រើន​ចា​ប់​​បាន​ក៏​ច្រើន​ដែរ។ មាន​ករ​ណី​ច្រើន ទី១ ជ្រូក​នៅ​វៀត​ណា​ម​ថោក ទី២ ផ្លូវ​របៀង​នៅ​ត្បូងឃ្មុំ​ច្រើន​មែនទែន ហើយ​ផ្លូវ​ជាប់​ព្រំដែន​ជាង ១៤០ គីឡូ ហើយ​មាន​បញ្ហា​ស្មុគស្មាញ​​ក្នុងការ​ទប់​ស្កាត់ ហើយ​ម្យ៉ាង​យើង​ខ្វះ​កម្លាំ​ង​ច្រើន​ណាស់ ព្រោះ​​មន្ត្រី​ការិយាល័យ​មាន​តែ ៨ នាក់​ហ្នឹង»។

ជាមួយគ្នានេះ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ​ក៏​កំពុង​បន្តធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​ Antiseptic នៅ​កន្លែង​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​ជា​ពិសេស​កន្លែង​ចិញ្ចឹម​ជ្រូក ដើម្បី​ការពារ​ការផ្ទុះ​ឡើង ​ជំងឺឆ្លង​ប៉េស្ដ​ជ្រូក​អាហ្រ្វិកស្រ​ប​ពេល​ខេត្ត​នេះ​ នៅមាន​ការ​លួច​នាំចូល​ជ្រូក​ខុសច្បាប់​ពី​វៀតណា​ម និង​ការផ្លាស់ប្ដូរ​ទំនិញ​សាច់ជ្រូក​គ្នា​ នៅតាម​ព្រំដែន ​រវាង​ពលរដ្ឋ​ខ្មែរ​ និង​វៀតណាម។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រៃវែង​ បាន​ថ្លែង​ថា ខាង​មន្ទីរ​ចាប់ផ្ដើម​បើក​យុទ្ធ​នាការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​បាញ់​​ថ្នាំ​ការពារ​ជំងឺឆ្លង​នៅតាម​កន្លែង​ចិញ្ចឹមសត្វ កាលពី​​ពាក់​កណ្ដាល​ខែឧសភា ហើយ​មក​ដល់ពេលនេះការប្រើ​​ប្រា​ស់​​ថ្នាំ​ Antiseptic បាញ់​កម្ចាត់​មេរោ​គ​​អស់​ចំនួន ២ ពាន់​លីត្រ​ឬ​ស្មើ​ ២ ​តោន ដែល​បាន​បាញ់​នៅតាម​កន្លែង​ចិញ្ចឹម​ជ្រូក​ចំនួន ១​​ ០៨​៦ ​កន្លែង និង​ទីតាំង​សត្ត​ឃាត​ ១១​០ កន្លែង រួម​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ​នៅ​គ្រប់​ស្រុក​នៃ​ខេត្ត​​ព្រៃវែង។

លោ​​ក​បញ្ជាក់​​ថា៖ «​ប្រភេទ​ថ្នាំ​ដែល​យើង​ប្រើ​ហ្នឹង​ ជា​ថ្នាំ​កម្ចា​ត់​មេរោគ ជាទូទៅ​យើ​ង​ប្រើប្រាស់​វា​ជាប្រចាំ​នៅ​តាម​​បណ្ដា​កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក​នា​នា ក៏ដូចជា​កន្លែង​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ មិន​ថា​មាន់​ឬក៏​ទាអី​ទេ អាហ្នឹង​យើង​ត្រូវ​បាញ់​ ដែល​យើង​ប្រើ​សម្រាប់​សម្លាប់​មេរោ​គ​​​ផ្សេងៗ ដែល​វា​នៅតាម​លាមក​តាម​អីហ្នឹង»។

យ៉ាង​ណា​ក្តី​លោ​​​ក​​អះអាង​ថា ខេត្តព្រៃវែង​មិន​ទាន់​​មាន​ករ​ណី​​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នៅ​ឡើយ​ទេ៕