កំពង់ឆ្នាំង: មន្ត្រី​ជំនាញ​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​លួច​ឈូសឆាយ​​ដីព្រៃ​លិច​ទឹក​ ១ ​កន្លែង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នេះ បន្ទាប់​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប និង​រឹបអូស​បាន​ត្រាក់ទ័រ​ ១ ​គ្រឿង​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ប៉ុន្ដែ​អ្នកបើកបរ​ត្រាក់ទ័រ​រត់គេចខ្លួន​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​កសិកម្ម​កំពុង​រៀបចំ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ លោក​ថា​កាលពី​ថ្ងៃទី​ ៧ ខែមីនា សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ចាប់បាន​ត្រាក់ទ័រ​ ១ ​គ្រឿង ខណៈ​កំពុង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​អភិរក្ស​បឹងប្រា​ស្ថិតក្នុង​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគិរី​។

លោក​បាន​បន្តថា អ្នកបើកបរ​ត្រាក់ទ័រ​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ទីតាំង​នោះ​។ ជនសង្ស័យ​ទើបតែ​ឈូសឆាយ​ដីព្រៃ​លិច​ទឹកបាន​ប្រមាណ​ជាង​ ១ ​ហិកតា​ប៉ុណ្ណោះ ប៉ុន្ដែ​ត្រូវបាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចាត់វិធានការ ខណៈដី​តំបន់​អភិរក្ស​សម្រាប់​ត្រីពង​កូន​នៅ​រដូវ​ទឹក​លិច​នោះ​មាន​រាប់រយ​ហិកតា​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​យើង​បានរៀបចំ​របាយការណ៍​លម្អិត​ហើយ​​គឺ​យើង​កសាង​សំណុំរឿង​ទៅ​តុលាការ​​ខេត្ត​ដើម្បី​ឲ្យ​ចាត់វិធានការ​តាមច្បាប់ ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​បទល្មើស​បែបនេះ​កើតឡើង​ដដែលៗ​ទេ​។ យើង​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ហ្នឹងហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បង្ហាញ​បានទេ ព្រោះ​រឿងនេះ​កំពុង​ស្ថិតក្នុង​នីតិវិធី​ស៊ើបអង្កេត​បន្ត ហើយ​រឿង​យើង​បញ្ជូន​សំណុំរឿង​ពេលណា​នោះ​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ទេ​»​។

លោក កែ ម៉េត មេឃុំ​ពាមឆ្កោក​កាលពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ​។

ក៏ប៉ុន្តែ​លោក គង់ វុទ្ធី នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ពាម​ឆ្កោក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនបាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ទេ ប៉ុន្ដែ​លោក​ដឹងថា ត្រាក់ទ័រ​ដែល​ឈូសឆាយដី​ព្រៃ​លិច​ទឹក​នោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ជលផល​រឹបអូស​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ជលផល​ខេត្ត ប៉ុន្ដែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​។

លោក​បាន​បន្តថា ដីព្រៃ​លិច​ទឹក​តំបន់​អភិរក្ស​បឹងប្រា​នោះ​មិន​ធ្លាប់មាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហ៊ាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ទេ គឺមាន​តែ​​ខំប្រឹង​ថែរក្សា​ទុកជា​សម្បត្តិ​រដ្ឋ​សម្រាប់​​ប្រើប្រាស់ និង​អាស្រ័យ​ផល​រួមគ្នា​។ កាលពី​ឆ្នាំមុន​ក៏​ធ្លាប់មាន​អ្នក​ក្រៅ​មូលដ្ឋាន​មក​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដែរ ប៉ុន្ដែ​ពលរដ្ឋ​នាំគ្នា​តវ៉ា និង​ប្ដឹង​ជំទាស់​ទៅ​តុលាការ​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ដី​តំបន់​អភិរក្ស​នេះ គឺ​ពលរដ្ឋ​សហគមន៍​នៅ​តំបន់​នោះ គាត់​ថែរក្សា​ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​ហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែរ ព្រោះ​ជា​សម្បត្តិ​រដ្ឋ​ទុក​អាស្រ័យផល​រួមគ្នា​។ នៅពេល​ខែវស្សា ពលរដ្ឋ​យើង​គាត់​ដើររក​ចាប់​ត្រី បេះ​ត្រកួន កញ្ឆែត ព្រលឹត ហើយ​បើ​ខែប្រាំង​វិញ​​គាត់​រក​អុស បោចវល្លិ និង​ទុកជា​កន្លែង​ឃ្វាលគោ ក្របី ជាដើម​»​។

លោក វុទ្ធី បន្ថែមថា ត្រាក់ទ័រ​ដែល​ចូលមក​ឈូសឆាយ​ដីព្រៃ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា មកពី​ខេត្តពោធិ៍សាត់ ប៉ុន្ដែ​មិនបាន​ស្គាល់​អត្តសញ្ញាណ​អ្នកបញ្ជា​ឲ្យ​ឈូសឆាយ​នេះ​ទេ ដោយ​មុនពេល​សមត្ថកិច្ច​ចុះទៅ​ឃាត់ អ្នកបើកបរ​ត្រាក់ទ័រ​នោះ​បាន​រត់គេចខ្លួន​ដោយ​បន្សល់ទុក​ត្រាក់ទ័រ​នៅ​កន្លែង​នោះ​តែម្ដង​។

លោក គង់ ច័ន្ទមុនី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) ​ប្រចាំខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ ដោយ​លោក​ជាប់រវល់​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្ដែ​លោក​ថា​នឹង​ចុះទៅ​ស៊ើបអង្កេត​ករណីនេះ​៕