ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ បាន​អំពាវ​នាវ​ជាប​ន្ដ​បន្ទាប់​ដល់​ជន​រួម​ជាតិ​កម្ពុជាអំពី​ការ​ធ្វើ​ជំរឿន​​ទូ​ទៅ​ប្រជា​ជន​នៅ​ក្នុង​ប្រទេស​ កម្ពុជា ឲ្យ​សហ​ការ​ផ្ដល់​ព័ត៌​មាន​ពីសាវតារ​​​ជា​មួយ​មន្រ្ដី​ជំរឿន​ ដើម្បី​ទទួល​បាន​ស្ថិ​តិ​ជា​ក់​លាក់​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា។​​

​កាល​ពី​ថ្ងៃទី ៣ មីនា​​ លោក​ នាយក​រដ្ឋ​មន្រ្ដី​ ក៏​​បាន​ផ្តល់ បទ​សម្ភាស​ដល់​ក្រុម​មន្រ្តី​ជំរឿន​ ដែល​ដឹក​នាំ​សម្ភាស​ព័ត៌​មាន​​ដោយ​លោក​ ឆាយ​ ថន​ រដ្ឋ​មន្រ្តី​ក្រសួង​ផែន​ការ ​នៅ​គេហ​ដ្ឋាន​របស់​លោក​ នា​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​​ផង​ដែរ។

​លោក​នាយក​រដ្ឋ​មន្រ្ដី​ បាន​អំពាវ​នាវ​បែប​នេះជា​បន្ដ​បន្ទាប់​នៅ​តាម​បណ្ដា​ជំនួ​ប​ធំៗ​មួយចំនួន​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​ជំរឿន​នេះ​ មាន​សារៈ​សំខាន់​ និង​ជា​ប្រភព​តែ​មួយ​គត់​ដែល​អាច​ផ្ដល់​ទិន្នន័យ​​ពេញ​លេញ​ និង​​ច្បាស់​លាស់ ​ព្រម​ទាំង​បាន​កំណត់​នូវ​ចរិត​លក្ខណៈ ​និង​ស្ថាន​ភាព​រស់​នៅ​ពិត​ប្រាកដ​របស់​ប្រ​ជា​ជន​ទូ​ទាំង​ប្រទេស​កម្ពុជា។

​លោក​បាន​ថ្លែង​ថា​៖ «​សូម​អំពាវ​នាវ​ចំពោះ​ប្រជា​ពល​រដ្ឋ​ សូម​មេត្ដា​ ថ្ងៃ​ ៣​ ខែ​ មីនា នេះ​ កុំ​ចេញ​ទៅ​ណា ​ដើម្បី​ឲ្យ​គេ​ទៅ​កត់​​ត្រា​ស្រង់​ស្ថិតិ ​ដើម្បី​ឲ្យ​គេ​កំណត់​ រាប់​មនុស្ស​នៅ​ក្នុង​ផ្ទះ​តែ​ម្ដង ឲ្យ​ឃើញ​ថា​ មនុស្ស​ប៉ុន្មាន​ពិត​ប្រាកដ​»​។​

ក្រៅពី​ការ​ថ្លែង​សារ​ផ្ទាល់​មាត់​ជា​បន្ដ​បន្ទាប់​នេះ​ លោក​នាយក​រដ្ឋ​មន្រ្ដី​ ក៏​បាន​​អំពាវ​នាវ​ ​តាម​រយៈ​សារកាល​ពី​ខែ​មករា​ និង​បាន​បង្ហាញ​ថា ​ជំរឿន​ទូទៅ​ប្រ​ជាជន​នៅ​កម្ពុជា​នេះគឺ​ជា​ជំរឿន​លើក​ទី​ ១ ​ហើយ​ដែល​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ បន្ទាប់​ពី​ប្រទេស​កម្ពុជាបាន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ចំណូល​មធ្យម​កម្រិត​ទាប។​

ជំរឿន​លើក​នេះ​ជា​ជំរឿន​លើក​ទី៣ ​បន្ទាប់​ពី​ជំរឿន​លើក​ទី២​ កាល​ពីឆ្នាំ​ ២០០៨​ ដែល​មាន​រយៈ​ពេល​ ១១​ ឆ្នាំ​គត់​។ ​ច្បាប់​ស្ដីពី​ស្ថិតិ​ បាន​កំណត់​នូវ​កាតព្វ​កិច្ច​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់ៗ​ ត្រូវ​ចូលរួម​សហការ​ក្នុង​ការធ្វើ​ជំរឿន​។​​

​សារ​អំពាវ​នាវ​នេះ​បញ្ជាក់​ថា​៖​ «​ការ​ធ្វើ​ជំរឿន​ប្រជា​ជន ​ជា​ការងារ​ដ៏​ធំ​របស់​ប្រទេស​ជាតិ​ មាន​សារៈ​សំខាន់​ណាស់​ ហើយ​ជា​ការងារ​ស្ថិតិ​ពិត​ប្រាកដ។ ​ការ​ធ្វើ​ជំរឿន​ប្រជា​ជន ​ជា​ការ​ងារ​ដែល​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ គេ​ធ្វើ​គ្រប់ៗ​គ្នា»។

លោក​ ស​ ខេង ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ថ្ងៃ​ទី ២​ ខែ​ មីនា​​បាន​ឆ្លើយ​តប​ចម្ងល់ ​និង​សំណួរ​មួយ​ចំនួន​ទាក់​ទង ​បញ្ហា​ជំរឿន​ទូទៅ​ប្រជា​ជន​កម្ពុជា​នេះ​តាម​រយៈ​គេហ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ថា​៖ «ក្រោយ​ការ​អំពាវ​នាវ​​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ចូល​រួម​ធ្វើ​ជំរឿន​ទូទៅ​ទូទាំង​ប្រទេស​ ​ខ្ញុំ​សង្កេត​ឃើញ​ និង​ទទួល​ចម្ងល់ ​ក៏​ដូច​ជា សំណួរ​មួយ​ចំនួន​ទាក់​ទង​បញ្ហា​នេះ​ដែល​ខ្ញុំ​សុំ​ធ្វើ​ការ​បកស្រាយ​បំភ្លឺ»។​

​​លោក​បញ្ជាក់​ថា​៖ «​បង​ប្អូន​ដែលកំ​ពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​​​ទេស​ គឺ​មិន​តម្រូវ​ឲ្យ​ត្រឡប់​ចូល​ប្រទេស​នោះ​ទេ ​គឺ​អ្នក​បច្ចេក​ទេស​ធ្វើ​ជំរឿន បាន​សហ​ការ​ជា​មួយ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិដោយ​មាន​រៀប​ចំ​ឯក​សារ សម្រាប់​ភ្នាក់​ងារ តាម​ប្រទេស​នានា ដើម្បី​ធ្វើ​ជំរឿន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បណ្តា​ប្រទេស​​ទាំង​នោះ​។ ដូច្នេះ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ សូម​ចូល​រួម​ជា​មួយ​ភ្នាក់​ងារ​ជំរឿន​ ដើម្បី​ឲ្យ​ការ​ធ្វើ​ជំរឿន​មាន​ភាព​ត្រឹម​ត្រូវ និង​ទទួល​លទ្ធ​ផល​យក​ជា​ការ​បាន»។

​ដោយ​ឡែក​ទាក់​ទង​នឹង​ចម្ងល់​ការ​ធ្វើ​ជំរឿន​លើ​ជនបរទេស​ជាអន្តោ​ប្រវេសន៍ ​និង​មិន​មែន​អន្តោ​ប្រវេសន៍​ ដែល​​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​បាន​បញ្ជាក់​ថា​៖ «​បញ្ហា​នេះ ​ខ្ញុំសូម​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា​ ការ​ធ្វើ​ជំរឿន​នេះ ​ក្រុម​បច្ចេក​ទេស​របស់​យើង ​បាន​ត្រៀម​ឯក​សារ​សំ​ណួរ​ជា​ច្រើន​ភាសា​រួច​រាល់​ហើយ ហើយ​កិច្ច​ការ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ដឹង​កាន់​តែ​ច្បាស់ អំពី​បរិមាណ​ជនបរទេស​ទាំង​អស់​ គ្រប់ស​ញ្ជាតិ​ ដែល​កំពុង​​រស់​នៅ​លើ​ទឹកដី​កម្ពុជា»។

លោក​ស្រី ហង់​ លីណា ​ទទួល​បន្ទុក​អគ្គ​នា​យក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​ជំរឿន​មាន​រយៈ​ពេល​ ​១១​ ថ្ងៃ​ ចាប់​ពីថ្ងៃទី​ ៣ រហូត​ដល់​ថ្ងៃទី ​១៣​ ខែមីនា​ ឆ្នាំ ២០១៩។​ ការ​ធ្វើ​ជំរឿន​នេះ​នឹង​ត្រូវ​សម្ភាស​ឥស្សរ​ជន​ និង​ប្រជា​ពលរដ្ឋ​ដែល​ជា​មេគ្រួ​សារ​ប្រមាណ​ជិត ៣ ​លាន​គ្រួសារ ​ក្នុង​នោះ​មាន​មន្រ្តី​ជំរឿន​ប្រមាណ ៥ ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស​នឹង​ចុះ​ធ្វើ​ជំរឿន​នេះ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ។

មន្រ្តី​ជំរឿន​ម្នាក់ៗ ​នឹង​ត្រូវ​សម្ភាស​ប្រជា​ពល​រដ្ឋ ​១២០ ​ទៅ​ ១៥០ ​គ្រួ​សារ។​ លទ្ធ​ផល​បណ្តោះអាសន្ន​នៃ​ជំរឿន​នេះ ​នឹង​បង្ហាញ​ក្នុង​អំឡុង​ពេល​ ៣ ​ខែ​ ក្រោយ​បញ្ចប់​ជំរឿន​ ហើយ​លទ្ធ​ផល​ផ្លូវ​ការ​អាច​បង្ហាញ​នូវ​ចន្លោះ​ចាប់​ពី ៦​-​៩​ ខែ​ក្រោយ​បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​ជំរឿន​នេះ។

ជំរឿន​លើក​នេះ​បាន​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ​ ៩ ​លាន​ដុល្លា​​រ​​អាមេ​រិក​។ ការ​ធ្វើ​ជំរឿន​ដើម្បី​ទទួល​បាន​​​ទិន្ន​ន័យ​ប្រជា​សាស្ត្រ​ជាក់​លាក់​សម្រាប់​ប្រើ​​ប្រាស់ ​រៀប​ចំតាក់​តែង​គោល​នយោ​បាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​និ​ង​ដើម្បី​ធ្វើ​ជា​សូចនា​ករ ​ក្នុង​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​ ២០​១​៦​-​២០៣០​ ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ឯកោ​ឡើយ៕