ស្វាយរៀងៈ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងកាលពីម្សិលមិញបានបន្តចុះស្រាវជ្រាវករណីពុលអាហារមួយនៅក្រុងបាវិតដែលមានជនរងគ្រោះយ៉ាងតិច ២៤ នាក់ មានអាការក្អួតចង្អោរ និងរាករូសក្នុងនោះមានចិន ៤ នាក់។
លោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែតុលាមានករណីពុលអាហារនៅក្លិបខារ៉ាអូខេ FUN-NYKTV របស់ជនជាតិចិននៅភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត។ ករណីនេះមានជនរងគ្រោះ ២៤ នាក់ (ស្រី ១៣ នាក់ និងប្រុស ១១ នាក់) ក្នុងនោះមានស្ត្រីជាតិចិន ៤ នាក់។
លោកថ្លែងថាតាមការបំភ្លឺពីគ្រូពេទ្យម្នាក់នៃមន្ទីរពេទ្យសោភ័ណ្ណអូវ៉ាង [មន្ទីរពេទ្យឯកជន] និងការបញ្ជាក់បន្ថែមពីជនរងគ្រោះថា ពួកគេមានអាការក្អួតចង្អោរ រាករូស និងថប់ដង្ហើមក្រោយពីហូប [មីស្រុសលាយស្ពៃ] ដែលមន្ត្រីសុខាភិបាលខេត្តសន្និដ្ឋានជំហានដំបូងថាមកពី «ពុលអាហារ»។
លោក រដ្ឋា បានបញ្ជាក់ថា៖ «ទោះយ៉ាងណាយើងមិនដឹងថាវាបណ្ដាលមកពីសរសៃមី ឬពីបន្លែស្ពៃនោះទេ ព្រោះសំណាកត្រូវបានគេយកទៅចាក់ចោល និងលាងសម្អាតតាំងពីយប់កើតហេតុមកម្ល៉េះ»។
ប៉ុន្តែបើតាមលោក រដ្ឋា គិតត្រឹមរសៀលម្សិលមិញ អ្នកជំងឺទាំងអស់បានធូរស្រាល និងបានវិលទៅផ្ទះអស់ហើយ លើកលែងតែស្ត្រី ២ នាក់ដែលមានអាការធ្ងន់ធ្ងរនៅបន្តសម្រាកក្នុងមន្ទីរពេទ្យឯកជននោះ។
អ្នកស្រី ម៉ន សាកាន អាយុ ៤៨ ឆ្នាំដែលជាជនរងគ្រោះម្នាក់បានប្រាប់ថា មុនកើតហេតុពួកគាត់បានហូបមីលាយស្ពៃដែលទិញពីផ្សារក្រុងបាវិត។ ប៉ុន្តែប្រមាណ ១ ម៉ោងក្រោយមកស្រាប់តែក្អួតចង្អោរ វិលមុខ និងថប់ដង្ហើម ហើយត្រូវបានមេការខារ៉ាអូខេនេះបញ្ជូនទៅគ្លីនិកឯកជននេះតែម្ដង៕